វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥
MC. ព្រះសង្ឈ រួមជាមួយអាជ្ញាធរខេត្តសៀមរាប បានប្រារព្ធពិធីបំបួសកុលបុត្រ កុលធីតាចំនួន៥០៩រូប នៅវត្តព្រះឥន្ទទេព ប្រាសាទបាយ័ន ក្រុងសៀមរាប ដើម្បីផ្តល់ឱកាសឱ្យកុលបុត្រ កុលធីតា សិស្ស និស្សិត បានបួសអប់រំបន្ទំចិត្តប្រតិបត្តិធម៌ និងចូលរួមប្រារព្ធពិធីបុណ្យវិសាខបូជា ដែលជាថ្ងៃពិសេសសម្រាប់ពុទ្ធសាសនិកក្នុងព្រះពុទ្ធសាសនា ជាការបួសរយៈពេលខ្លី៤យប់ ៥ថ្ងៃ ដោយចាប់ពីថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ដល់ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
ព្រះសទ្ធម្មប្បកាសនី តាត មហាទី ព្រះរាជាគណថ្នាក់កិត្តយស ព្រះធម្មធម៌អនុគណក្រុងសៀមរាបមានថេរដីការថា មកដល់ឆ្នាំ២០២៥នេះ ជាឆ្នាំទី១៣ហើយ នៃពិធីបំបួសកុលបុត្រ កុលធីតាខ្មែរនៅលើទឹកដីអង្គរនៃយើង ដើម្បីផ្សារភ្ជាប់និស្ស័យ និងសាកល្បងជីវិតក្នុងភេទជាអ្នកបួសប្រតិបត្តិព្រះធម៌វិន័យ និងដើម្បីអបអរសាទរពិធីបុណ្យវិសាខបូជា សម្រាប់ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩។ ឆ្នាំ២០២៥នេះ មានកុលបុត្រ កុលធីតាចំនួន៥០៩អង្គនាក់បានចូលរួមពិធីបំបួស។ ព្រះអង្គមានថេរដីកាបន្តទៀតថា ក្នុងសង្គមខ្មែរបានចាត់ទុកព្រះពុទសាសនា ជាវិស័យសំខាន់ ជាដៃគូរអភិវឌ្ឍន៍មិនអាចខ្វះបាន ដែលហៅថាវិស័យពុទ្ធចក្រ វត្តអារាមដែលមានព្រះសង្ឈជាតួអង្គសំខាន់នោះ បានជួយអភិវឌ្ឍន៍សង្គមកម្ពុជាតាំងពីសម័យមុនមក ដោយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងបារម្ភ យកចិត្តទុកដាក់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងវិស័យនេះ ដើម្បីបម្រើសេចក្តីត្រូវការរបស់ពុទ្ធបរិស័ទ្ធ បានបំពេញបុណ្យកុសល្យតាមសេចក្តីជ្រះថ្លា។
ព្រះអង្គមានថេរដីកាបន្តទៀតថា ពិធីកោសក់ និងបួងសក់បំបួសកុលបុត្រ កុលធីតានាពេលនេះ គឺជាទំនៀមទម្លាប់របស់ខ្មែរយើង ដ៏យូរលង់ណាស់មកហើយ ដែលតែងប្រារព្ធមុនពេលបួស។ សក់គឺជាវត្ថុដែលមនុស្សស្រឡាញ់ណាស់ ថែរក្សា សំអិតសំអាងជារៀងថ្ងៃ ប៉ុន្តែយុវជន កុលបុត្រ កុលធីតាបានស្ម័គ្រចិត្តលះបង់សក់ជាទីស្រឡាញ់នេះ ជាការលះបង់ដ៏អស្ចារ្យ ជាពលិកម្មដ៏ធំធេងក្នុងភាពជាយុវ័យ ដើម្បីសាងភ្នួសបួសតបគុណឪពុកម្តាយនិងអ្នកមានគុណទាំងឡាយ និងជាប្រយោជន៍។
សំឡេង៖ គោលបំណងដើម្បីស្វែងយល់ពីពិធីបុណ្យវិសាខបូជា ដែលពុទ្ធសាសនិកទូទាំងពិភពលោក តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឱ្យកុលបុត្រកុលធីតាខ្មែរ មានឱកាសចូលរួមសាងភ្នួសដើម្បីតបគុណអ្នកមានគុណរបស់ខ្លួន មានមាតាបិតា អាណាព្យាបាល ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ ដើម្បីអប់រំបន្ទំនិស័យកុលបុត្រ កុលធីតាខ្មែរតាមមាគ៌ាពុទ្ធសាសនា ដែលមានការបួសរយៈពេលខ្លីនេះ ជាពិសេសដើម្បីឱ្យពួកគេមានការភ្ញាក់រលឹក លះបង់នូវអ្វីដែលកំពុងធ្វើខុស និងបានប្រព្រឹត្តខ្លួនជាមនុស្សល្អ។
លោកលី សារី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍គាំទ្រ និងថ្លែងអំណរព្រះសង្ឈគ្រប់ព្រះអង្គ មាតាបិតា អាណាព្យាបាល សីលវ័ន សីលវតី ចំពោះការលះបង់ ពេលវេលាដ៏មានតម្លៃ ចូលរួមពិធីបំបួសកុលបុត្រ កុលធីតា ដើម្បីចូលរួមសាងបុណ្យកុសល្ស សិក្សាព្រះធម៌វិន័យ ពុទ្ធឱវាទនៃព្រះពុទ្ធសាសនាដែលគណកម្មាការបានរៀបចំ។ លោកបានបន្តថា ពិធីបុណ្យវិសាខបូជាត្រូវបានពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតមួយក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា គឺប្រារព្ធឡើង ដើម្បីការគោរពរំឭកនឹកដល់ ព្រឹត្តិការណ៍ធំៗបី នាសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ សមណគោតម ជាថ្ងៃព្រះអង្គទ្រង់ប្រសូត ព្រះអង្គទ្រង់បានត្រាស់ដឹង និងព្រះអង្គទ្រង់បរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងនៅចំថ្ងៃ១៥កើត ពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ៕