វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ៩ ឧសភា ២០២៥
MC៖ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី បានស្នើសុំឱ្យភាគីជប៉ុន បន្តសហការជួយដល់សាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈឹម ក្នុងការបណ្ដុះបណ្ដាលគ្រូឧទ្ទេស និងកែលម្អកម្មវិធីសិក្សាឱ្យសមសម្របនិងបញ្ចូលនូវវិធីសាស្ត្រថ្មីៗ។ ការស្នើបែបរបស់លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា គឺនៅក្នុងពេលទទួលជួបពិភាក្សាការងារស្ដីពីការបណ្ដុះបណ្ដាលរួមគ្នារវាងសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិម (PSTTC) និងសាលាមត្តេយ្យអន្តរជាតិជប៉ុនភ្នំពេញ (JISPP) នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។
លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គម្រោងវគ្គបណ្តុះបណ្តាលនេះនឹងបង្រៀនដោយផ្អែកលើគោលវិធីការរៀនតាមរយៈការលេងតាមបែបជប៉ុនជាគោល ហើយនឹងធ្វើឡើងមិនត្រឹមតែសម្រាប់គ្រូបង្រៀននៅសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិមតែប៉ុណ្ណោះទេ តែថែមទាំងផ្តល់ជូនសម្រាប់គ្រូបង្រៀននៅសាលាមត្តេយ្យសិក្សាសាធារណៈ និងសាលាមត្តេយ្យឯកជនទូទាំងប្រទេសកម្ពុជា។ គម្រោងបណ្ដុះបណ្ដាលបានរៀបចំរួចហើយចំនួន៣ប្រធានបទដោយនិយាយពី គរុកោសល្យផ្អែកលើការរៀន និងលេងដែលផ្តោតលើសិស្សតាមបែបវិធីសាស្ត្រសិស្សមជ្ឈមណ្ឌល, ការអភិវឌ្ឍ និងការលូតលាស់ពេញវ័យពី 0ទៅ ៥ឆ្នាំ, មុខងារប្រតិបត្តិ អារម្មណ៍ បទប្បញ្ញត្តិ និងជំនាញទំនាក់ទំនង។ ជាបន្តគម្រោងនឹងបណ្ដុះបណ្ដាលទៅលើប្រធានបទ៖ ការវាយតម្លៃការអភិវឌ្ឈកុមារតូច និងការត្រៀមលក្ខណៈចូលរៀនបឋមសិក្សា។
នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារក្រសួងអប់រំ និងភាគីជប៉ុនដែលបានអនុវត្តតាមអនុស្សារណៈយោគយល់ដែលបានចុះហត្ថលេខាកន្លងមកហើយទទួលបានផ្លែផ្កាគួរជាទីមោទនៈ។ ចំពោះប្រធានបទបន្តដែលនឹងបណ្ដុះបណ្ដាល លោកជំទាវបណ្ឌិត បានគាំទ្រនិងគូសរំលេចពីសារៈសំខាន់នៃប្រធានបទ ដែលនឹងយកមកបណ្ដុះបណ្ដាល ជួយដល់គរុនិស្សិតនៃសាលាមត្តេយ្យគរុកោសល្យមត្តេយ្យមជ្ឈិម ដែលប្រធានបទរួមមាន អាហារូបត្ថម្ភ សុខភាព អនាម័យ និងទំនាក់ទំនងជាមួយគ្រួសារ,ផែនការអនាគតសម្រាប់ការបណ្តុះបណ្តាលគ្រូមត្តេយ្យសិក្សា, បណ្តុះបណ្តាលទារកដ្ឋានសម្រាប់សិស្សអាយុ 0-២ ឆ្នាំ។ លើសពីនេះ ក្រោយបញ្ចប់គម្រោង លោកជំទាវបណ្ឌិត ស្នើសុំឱ្យភាគីជប៉ុន បន្តសហការជួយដល់សាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈឹម ក្នុងការបណ្ដុះបណ្ដាលគ្រូឧទ្ទេស និងកែលម្អកម្មវិធីសិក្សាឱ្យសមសម្របនិងបញ្ចូលនូវវិធីសាស្ត្រថ្មីៗដែលជួយដល់ការអប់រំកុមារតូច ព្រមទាំងអញ្ជើញគ្រូនៅសាលាមត្តេយ្យអន្តរជាតិជប៉ុនភ្នំពេញ (JISPP) មកទស្សនកិច្ច ការរៀននិងបង្រៀន និងជួយកែលម្អកម្មវិធីសិក្សាឱ្យកាន់តែល្អប្រសើរផងដែរ៕