វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (០៩ ០៥ ២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាត់ទុកសមិទ្ធផលនានា ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ រហូតមកដល់ពេលនេះ ក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាសមិទ្ធផលមួយធ៏ធំ ដែលអាចបន្តអភិវឌ្ឍ និងកសាងធនធានមនុស្សកាន់តែច្រើន ជាបន្តបន្ទាប់ ទោះបីប្រើប្រាស់បន្តយូរយ៉ាងណាក៏ដោយ ផ្ទុយពីសមិទ្ធផលដូចជាការបង្កើតថ្មីនៃរថយន្តមួយគ្រឿង ដែលនឹងអស់តម្លៃទៅវិញ នៅពេលប្រើប្រាស់យូរៗទៅ។
ក្នុងន័យខាងលើនេះ សម្តេចធិបតីហ៊ុន ម៉ាណែត ចង់បញ្ជាក់ថា ការកសាងសាលារៀន និងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការដាក់សម្ពោធសមិទ្ធផលនានា ពាក់ព័ន្ធវិស័យអប់រំ គឺជាសមិទ្ធផលដ៏ធំ ផ្តល់នូវសមិទ្ធផលបន្ថែម ពីលើការកសាងសមិទ្ធផល ដែលកាន់តែមានតម្លៃ និងអត្ថប្រយោជន៍ ទៅថ្ងៃអនាគត ។
ថ្លែងក្នុងឱកាសដែលសម្តេច និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារអន្តេវាសិកដ្ឋាន “តេជោសន្តិភាព” និងសមិទ្ធផលនានា ក្នុងវត្តស្វាយពពែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានចូលរួមអបអរសារជាថ្មី ចំពោះសមិទ្ធផលនៃការអប់រំសម្រាប់ថ្ងៃនេះ គឺការកសាងនូវមជ្ឈមណ្ឌលអប់រំ នៅក្នុងពុទ្ធចក្រ ដែលភ្ជាប់ជាមួយអាណាចក្រ ។
សម្តេចធិបតី មានទស្សនថា ការសាងសង់សាលាខុសពីការបង្កើតរថយន្ត ដែលរថយន្តមួយគ្រឿង អាចបម្រើមនុស្សប៉ុន្មាននាក់ ដែលប្រើប្រាស់វាប៉ុណ្ណោះ ហើយរថយន្តនោះនឹងអស់តម្លៃ នៅពេលណាមួយ ព្រោះថាគ្មានរថយន្តណាមួយ ដែលប្រើ១០ឆ្នាំហើយ តម្លៃរបស់វានៅតែដូចកាលពេលដែលទិញថ្មីនោះទេ ផ្ទុយមកវិញមនុស្សដែលទទួលការអប់រំ នៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា កាន់តែលូតតទៅទៀត ព្រោះមូលដ្ឋានកាន់តែរឹងមាំ។
សំឡេង "បើមានចំណេះដឹងពិតប្រាកដ មានគុណធម៌ សិល្បធម៌ឥរិយាបទ អាចក្លាយជាមេដឹកនាំ បង្កើតសមិទ្ធផលបន្ថែមទៀត នៅថ្ងៃអនាគត ចឹងយើងអបអរសាទរថ្ងៃនេះ គឺអបអរសាទរនូវសមិទ្ធផល ដែលសម្រាប់កសាងសមទ្ធផល ។ សាលា ការបណ្តុះបណ្តាល សម្រាប់កសាង អប់រំមនុស្ស ដែលមានតម្លៃ និងសមត្ថភាព ចូលរួមកសាងបង្កើតសមទ្ធផលផ្សេងៗ ដល់សង្គមជាតិកម្ពុជា"៕