វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៩ ០៥ ២០២៥
រដ្ឋសភា បានឱ្យដឹងថា សមាជព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា គ្រោងរៀបចំនៅខែមិថុនាខាងមុខនេះ ដើម្បីជាការបង្ហាញពីដំណើរលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជា ក៏ដូចជាដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ។
រដ្ឋសភា បានបញ្ជាក់ថា សមាជរដ្ឋសភា និងព្រឹទ្ធសភា ជាឱកាសវិសេសវិសាលមួយដែលរាជរដ្ឋាភិបាលបង្ហាញពីទំនួលខុសត្រូវចំពោះមុខពលរដ្ឋ ដោយនៅក្នុងនោះនឹងបង្ហាញពីលទ្ធផលការងារសម្រេចបានជិត២ឆ្នាំមកនេះ ជូនពលរដ្ឋនៅចំពោះមុខតំណាងរាស្រ្ត ដែលជាតំណាងពលរដ្ឋម្ចាស់ឆ្នោត។
នេះជាសមាជលើកដំបូង តបតាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ បន្ទាប់ពីទទួលបានការគំាទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋប្រមាណ៨២,៣ភាគរយ តាមរយៈការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត កាលពីថ្ងៃខែកក្កដា ឆ្នាំ២០២៣។
គួររំឭកថា អាសនៈនៅរដ្ឋសភាក្នុងនីតិកាលទី៧នេះ មានគណបក្សនយោបាយចំនួនពីរ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបាន១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន៥អាសនៈ។
យោងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភានិងព្រឹទ្ធសភា, សមាជរដ្ឋសភានិងព្រឹទ្ធសភា គឺជាការប្រជុំរួមគ្នានៃសមាជិករដ្ឋសភានិងព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ របស់ប្រទេសជាតិ ក្នុងករណីចំបាច់ ដូចជា៖ ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ឬ ករណីប្រធានសក្តិ បណ្តាលឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ជាតិនិងប្រជាជនឬ ករណីផ្សេងៗទៀត ដែលគណៈកម្មការធិការសមាជយល់ឃើញថាជាបញ្ហាសំខាន់របស់ប្រទេសជាតិ។
ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី អាចផ្តួចផ្តើមឱ្យមានការប្រជុំសមាជបាន។ ប្រធានសមាជ អញ្ជើញសមាជិករដ្ឋសភា និងព្រឹទ្ធសភាឱ្យចូលរួមប្រជុំសមាជ។ ច្បាប់សមាជរដ្ឋសភាព្រឹទ្ធសភា បានកំណត់ថា ប្រធានព្រឹទ្ធសភាជាប្រធានសមាជ៕