វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៩ ឧសភា ២៥
អន្តរជាតិ៖ កងទ័ពជើងទឹកសាធារណរដ្ឋសិង្ហបុរី (RSN) នឹងបញ្ចេញកងនាវាគ្មានមនុស្សបើកថ្មីចាប់ពីឆ្នាំ២០២៧ ដើម្បីស្វែងរក និងបន្សាបមីនក្រោមទឹក ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើទំនើបកម្មសមត្ថភាពកងទ័ពជើងទឹក និងធានាសុវត្ថិភាពផ្លូវសមុទ្រសំខាន់ៗ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ប្រព័ន្ធវិធានការប្រឆាំងមីនដោយគ្មានមនុស្សបើក (MCM) នឹងត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុនបច្ចេកវិទ្យា និងវិស្វកម្មក្នុងស្រុក ST Engineering ដែលបានប្រកាសកាលពីថ្ងៃទី៧ ខែឧសភាថា ខ្លួនបានទទួលកិច្ចសន្យាពីក្រសួងការពារជាតិ ដើម្បីផ្តល់សមត្ថភាពថ្មី។ ឈុតនៃប្រព័ន្ធរួមមាន នាវាលើផ្ទៃគ្មានមនុស្សបើក MCM (USVs) យានក្រោមទឹកស្វយ័ត (AUVs) និងហេដ្ឋារចនាសម្ព័ន្ធបញ្ជា និងគ្រប់គ្រង (C2)។ ST Engineering បាននិយាយថា ប្រព័ន្ធគ្មានមនុស្សបើក នឹងត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់ និងបណ្តាញទំនាក់ទំនងដែលមានសុវត្ថិភាព ដែលអនុញ្ញាតឱ្យប្រតិបត្តិករអាចរកឃើញ និងបន្សាបមីនកងទ័ពជើងទឹកពីចម្ងាយប្រកបដោយសុវត្ថិភាព៕