វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៩ ឧសភា ២៥
អន្តរជាតិ៖ លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានជួបសន្ទនាជាមួយលោកនាយករដ្ឋមន្ត្រីរុស្ស៊ីដោយបាននិយាយថា ប្រទេសវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី ហើយត្រៀមខ្លួនជាស្រេចសម្រាប់សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ីដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ក្នុងការទទួលស្វាគមន៍អគ្គលេខាធិការ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម រុស្ស៊ីបានសាទរចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ ជាពិសេសចំពេលខួបដ៏សំខាន់នៃប្រទេសនីមួយៗ និងទំនាក់ទំនងរបស់ពួកគេ ហើយបានចាត់ទុកថា វាជាការរួមចំណែកដល់ទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ រុស្ស៊ីតែងតែចាត់ទុកវៀតណាមជាដៃគូឈានមុខគេមួយនៅអាស៊ីប៉ាស៊ីហ្វិក ដោយលោកបានរំឭកដល់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់វៀតណាមកាលពីខែមករាឆ្នាំនេះផងដែរ។ លោក To Lam បាននិយាយថា ដំណើរទស្សនកិច្ចលើកនេះគឺឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់បក្ស និងរដ្ឋវៀតណាមចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយរុស្ស៊ី ក៏ដូចជាការប្តេជ្ញាចិត្តនយោបាយដ៏រឹងមាំរបស់ភាគីទាំងពីរក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។ លោកបានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាម តែងតែរក្សា និងចងចាំជានិច្ចនូវការគាំទ្រដ៏ថ្លៃថ្លាពីអតីតសហភាពសូវៀត និងរុស្ស៊ីនាពេលបច្ចុប្បន្ន ចំពោះការតស៊ូរំដោះជាតិក្នុងអតីតកាល និងដំណើរការកសាង និងការពារជាតិនាពេលបច្ចុប្បន្ន៕