វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន ថ្ងៃទី៩ ៥ ២៥
ភ្នំពេញ ៖ ប្រទេសថៃ បានឱ្យដឹងថា ប្រជាជនមីយ៉ាន់ម៉ាជាង ៣០០នាក់ បានចូលមកប្រទេសថៃដើម្បីស្វែងរកសិទ្ធិជ្រកកោណ បន្ទាប់ពីក្រុមប្រដាប់អាវុធជនជាតិភាគតិច វាយលុកលើយោធា ប៉ុន្មានថ្ងៃក្រោយរបបសឹក ប្រកាសបន្តបទឈប់បាញ់ដើម្បីដោះស្រាយមហន្តរាយរញ្ជួយដី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ យោធាថៃបាននិយាយថា កាលពីថ្ងៃពុធ មានការវាយប្រហារដោយកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចពីរក្រុម ទៅលើមូលដ្ឋានយោធាក្នុងរដ្ឋ Kayin ដែលស្ថិតនៅចម្ងាយតែជាង ២គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនថៃ។ ក្រុមមន្រ្តីបានបន្តថា ក្រោយមក នៅថ្ងៃព្រហស្បតិ៍ ជនជាតិមីយ៉ាន់ម៉ាចំនួន ៣២៧នាក់បានឆ្លងចូលមកក្នុងប្រទេសថៃ ហើយកំពុងជ្រកកោននៅទីតាំងបណ្ដោះអាសន្នចំនួនពីរ ដោយមានយោធា និងប៉ូលិសថៃជួយការពារ និងផ្ដល់ជំនួយ។ គួរបញ្ជាក់ថា កងកម្លាំងថៃ បានបង្កើនការល្បាតតាមបណ្តោយព្រំដែនក្នុងខេត្តតាក ដើម្បីទប់ស្កាត់នូវអ្វីដែលមន្ត្រីបានពណ៌នាថាជាការរំលោភអធិបតេយ្យ ដោយកងកម្លាំងប្រដាប់អាវុធបរទេស៕