វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ យោងតាមទីភ្នាក់ងារស្បៀងអាហារជាតិ (Bapanas) បានឱ្យដឹងថា ទុនបម្រុងអង្កររបស់ប្រទេសឥណ្ឌូនេស៊ីបានឈានដល់ទៅចំនួន ៣,១ លានតោន ដែលជាកម្រិតខ្ពស់បំផុត ដោយចំនួននេះបានផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិសុខស្បៀង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោកប្រធាន Bapanas បាននិយាយថា ជាមួយនឹងអតិផរណាទាប និងទុនបម្រុងអង្ករមានស្ថិរភាព ប្រទេសឥណ្ឌូនេស៊ីមានសុទិដ្ឋិនិយមថា ខ្លួនអាចសម្រេចបាននូវភាពគ្រប់គ្រាន់នៃស្បៀងអាហារ។ លោកបានកត់សម្គាល់ថា អត្រាអតិផរណាឆ្នាំ២០២៤ របស់ប្រទេសឥណ្ឌូនេស៊ីមាន ១,៥៧% ដែលជាកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ លោកបានបន្ថែមថា ការបង្កើនផលិតកម្មស្បៀងជាតិនៅតែជាអាទិភាពចម្បង រួមជាមួយនឹងការខិតខំប្រឹងប្រែងដើម្បីកែលម្អសុខុមាលភាពកសិករ ដែលជាការផ្តោតសំខាន់របស់រដ្ឋបាលប្រធានាធិបតីលោក Prabowo Subianto។ លោកបានសង្កត់ធ្ងន់ថា សន្តិសុខស្បៀងរបស់ប្រទេសឥណ្ឌូនេស៊ីត្រូវតែកសាងឡើងដោយឈរលើគោលការណ៍ឯករាជ្យ និងអធិបតេយ្យភាព ជាមួយនឹងភាពអាចរកបាន តម្លៃសមរម្យ និងលទ្ធភាពប្រើប្រាស់ជាសសរស្តម្ភសំខាន់របស់ខ្លួន៕