វិទ្យុជាតិកម្ពុជា លោកគឹមហឿនស្ទឹងត្រែងថ្ងៃទី០៩ ឧសភា ឆ្នាំ២០២៥
ខេត្តស្ទឹងត្រែង - អភិបាលស្រុកសេសានបានលើកទឹកចិត្តឱ្យសិស្សានុសិស្សវិទ្យាល័យសេសានសុវត្ថិភាព កុំបោះបង់ការសិក្សា ហើយប្រឹងប្រែងរៀនសូត្រ ដើម្បីមានចំណេះដឹងខ្ពង់ខ្ពស់ មានអនាគតល្អ បានក្លាយខ្លួនទៅជាកូនល្អ ប្រជាពលរដ្ឋល្អ ជួយដឹកនាំធ្វើការងារនៅក្នុងមួលដ្ឋានដែលយើងរស់នៅ ។
ក្នុងពីធីប្រារព្វបើកការតាំងពិព័រណ៍មគ្គុទ្ទេសអាជីពនិងការសិក្សា នៅសាលាវិទ្យាល័យសេសានសុវត្ថិភាពឃុំកំភុន ស្រុកសេសានខេត្តស្ទឹងត្រែងនៅថ្ងៃទី០៩ឧសភាឆ្នាំ២០២៥ លោកសុវណ្ណពិសេដ្ឋអភិបាលស្រុក មានប្រសាសន៍ថា៖ប្រទេសកម្ពុជាយើងមានការអភិវឌ្ឍឈានឡើងពីទីក្រុងទៅដល់ទីជនបទហើយ ដូចនេះនៅតាមមូលដ្ឋាននីមួយៗត្រូវការមនុស្សមានចំណេះដឹងវិជ្ជាជីវៈខ្ពង់ខ្ពស់ដើម្បីជួយដឹកនាំអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចម្រើនទ្វេឡើង ។
លោកបានបន្តថា៖ជាមួយគ្នានេះពុកម៉ែបងប្អូនរបស់កូនក្មួយ បានលះបង់អ្វីៗគ្រប់យ៉ាងទាំងការរកផលរបរចិញ្ចឹមជីវិត និងខិតខំធ្វើស្រែចម្ការ ដើម្បីឱ្យកូនចៅបានរៀនសូត្រមានចំណេះវិជ្ជា ហើយ
កូនៗត្រូវតែផ្តល់ក្តីសង្ឃឹមត្រឡប់មកវិញ។ (សំឡេង) អ៊ីចឹងសង្ឃឹមថាប្អូនៗនឹងប្រឹងប្រែង ដណ្ដើមយកឱកាស ការងារ ពីមុនការងាររត់រកយើង ហើយឥឡូវនេះ យើងត្រូវតែរត់រកការងារវិញ ហើយរៀនដើម្បីរស់ក្នុងសង្គមឲ្យបានល្អ ត្រូវមានបំណិនជីវិត និងត្រូវមានសីលធម៌ល្អ។
យុវតីស៊ុនធីតា សិស្សថ្នាក់ទី១២A រៀននៅវិទ្យាល័យសេសានសុវត្ថិភាពបានចាត់ទុកថា៖នេះជាបរិបទថ្មីមួយទៀតសម្រាប់សិស្សានុសិស្សចងចាំ ហើយនាំគ្នាខិតខំរៀនសូត្រទាំងនៅសាលារៀនក៏ដូចជានៅផ្ទះដែរ ដើម្បីធ្វើជាកូនល្អ តបស្នងទៅឪពុកម្តាយវិញ។ ហើយនៅពេលទៅផ្ទះវិញទោះបីខ្ញុំត្រូវ ឆ្លៀតពេលជួយការងារ ប៉ាម៉ាក់ បន្ថែមក៏យើងខ្ញុំមិនបោះបង់ការសិក្សា ដែរ ទោះបីជា គ្រួសារខ្ញុំមានការលំបាកយ៉ាងណា ក៏នាងខ្ញុំនៅតែ ប្រឹងប្រែងជំនះ នូវឧបសគ្គទាំងនោះ ដើម្បី ប្រឹងប្រែង រៀនសូត្រយកចំណេះវិជ្ជា សម្រាប់យកទៅប្រើប្រាស់នៅថ្ងៃអនាគត ក៏ដូចជាពេលបញ្ចប់ការសិក្សាទៅនាងខ្ញុំនឹង ខិតខំតស៊ូប្រឹងប្រែង ដើម្បីបានទៅរៀននៅសាកលវិទ្យាល័យ ទៅលើមុខជំនាញដែលនាងខ្ញុំចង់សិក្សា។
លោកឆាន់សុភ័ក្រ អនុប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុក បានគាំទ្រការប្តេជ្ញាចិត្តរបស់សិស្សានុសិស្សទាំងអស់គ្នា នៅវិទ្យាល័យសេសានសុវត្ថិភាពនេះ ហើយនៅឆ្នាំ២០២៦មន្ទីរអប់រំយុវជននិងកីឡាខេត្ត និងបន្ថែមគ្រូឯកទេសផ្សេងៗចំនួន២នាក់ទៀត ដើម្បីមកបង្រៀននៅវិទ្យាល័យនេះ ឱ្យបានគ្រប់មុខវិជ្ជាសម្រាប់បង្កើនចំណេះដឹងដល់សិស្ស ។
សូមបញ្ចាក់ថា៖វិទ្យាល័យសេសានសុវត្ថិភាពស្ថិតនៅក្នុងឃុំកំភុន មានចម្ងាយពីទីរួមខេត្តជាង២០គីឡូម៉ែត្រ មានសិស្សសរុប ១៧១នាក់ ក្នុងនោះមានសិស្សស្រី៩៥នាក់ និងមានថ្នាក់រៀនចំនួន៥ថ្នាក់តែប៉ុណ្ណោះ ៕