វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១០ ឧសភា ២០២៥
MC៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអំពាវនាវដល់សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន អាជ្ញាធរខេត្តក្រចេះ និងអាជ្ញាធរមូលដ្ឋានត្រូវចូលរួមផ្សព្វផ្សាយពីការទប់ស្កាត់ ជំងឺមិនឆ្លង ពីព្រោះបច្ចុប្បន្ននេះកើតឡើងច្រើន និងអត្រាស្លាប់នៃជំងឺមិនឆ្លងនេះដូចជាជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺសរសៃឈាម និងជំងឺបេះដូង តាមរយៈការគិតគូររបបអាហារហូបចុកប្រចាំថ្ងៃ ត្រូវពិសា តិចអំបិល តិចស្ករ និងតិចខ្លាញ់។
ការអំពាវនាវបែបនេះរបស់ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីអបអរខួបលើកទី១៦២ (៨ ឧសភា ២០២៥) ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍ មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា កត្តាដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជា កើតជំងឺមិនឆ្លងច្រើនដោយសារតែប្រជាពលរដ្ឋមួយចំនួនមិនសូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់។ ភ្ជាប់ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានណែនាំដល់ក្រុមការងារចុះមូលដ្ឋាន អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយ អប់រំ ឱ្យបានទូលំទូលាយពីបញ្ហាសុខភាពបន្តពូជ ពន្យល់ណែនាំកុំឱ្យមានការរំលូតកូនដោយខុសបច្ចេកទេសជាដើម។
ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានបន្ថែមថា ជំងឺមិនឆ្លង កើតឡើងដោយសារកត្តាហានិភ័យពាក់ព័ន្ធនឹងរបបអាហារដែលគ្មានសុខុមាលភាព ការប្រើប្រាស់ថ្នាំជក់ កង្វះសកម្មភាពរាងកាយ និងការប្រើប្រាស់គ្រឿងស្រវឹង។ ជាងនេះទៅទៀតឥរិយាបថដែលគ្មានសុខុមាលភាព ចូលរួមចំណែកធ្វើឱ្យមានកត្តាហានិភ័យផ្នែកជីវសាស្ត្រពាក់ព័ន្ធ រួមមានការឡើងសម្ពាធឈាម ការកើនឡើងជាតិស្ករ និងកូឡេស្តេរ៉ុលក្នុងឈាម ការលើសទម្ងន់ ភាពធាត់ និងការប្រែប្រួលប្រជាសាស្ត្រក៏ជាកត្តាចូលរួមចំណែកឱ្យកើតមានជំងឺមិនឆ្លង។
ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃប៉ិនប្រសព្វរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា សម្រេចបាននូវសមិទ្ធផលជាច្រើនដោយបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យមានភាពល្អប្រសើរឡើង៕