ប្រធាន គ.ជ.ប អះអាងថា ការចុះឈ្មោះបោះឆ្នោតថ្មី និងការមកធ្វើបច្ចុប្បន្នភាពលើរូបថត និងខ្ចៅដៃ ប្រព្រឹត្តទៅដោយរលូន

Narith | ថ្ងៃទី 12 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១២ ០៥ ២០២៥
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា សន្ទុះនៃការពិនិត្យឈ្មោះ ការចុះឈ្មោះបោះឆ្នោតថ្មី និងការមកធ្វើបច្ចុប្បន្នភាពលើរូបថត និងខ្ចៅដៃ ប្រព្រឹត្តទៅដោយរលូន។
ក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ចុះពិនិត្យមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅការិយាល័យចល័ត ក្នុងសាលាបឋមសិក្សាក្បាលកោះ នៃសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥, ឯកឧត្តម ប្រាជ្ញ ចន្ទ បានឱ្យដឹងថា រយៈពេល១០ថ្ងៃ នៃការធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺដំណើរការធម្មតា មានភាពប្រក្រតី ខណៈប្រជាពលរដ្ឋកាន់តែច្រើនឡើងបាននាំគ្នាមកធ្វើបច្ចុប្បន្នភាពជីវមាត្ររបស់ខ្លួន។
បើតាម គ.ជ.ប សម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ ដែលត្រូវធ្វើបច្ចុប្បន្នទិន្នន័យជីវមាត្រទៅលើរូបថតថ្មី និងខ្ចៅដៃថ្មី មានចំនួនជាង៦លាននាក់ ខណៈប្រជាពលរដ្ឋ ដែលបានប៉ាន់ស្មានត្រូវចុះឈ្មោះថ្មីមានជាង២២ម៉ឺននាក់។
យោងតាមលទ្ធផលបណ្ដោះអាសន្នសរុបរយៈពេល ១០ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៦៣.៦៤៨នាក់, អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំ សង្កាត់ មានចំនួន ២៤.៥៥៨នាក់, អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ៣៦៣.៦៤៣នាក់, អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ៦៨១.៦៤៥នាក់ និងអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥៥.០៩៨នាក់។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ មានរយៈពេល ២៦ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ ៥:៣០នាទី។
ប្រជាពលរដ្ឋអាចពិនិត្យមើលឈ្មោះរបស់ខ្លួនដែលបិទផ្សាយនៅតាមឃុំ សង្កាត់ ឬតាមអាសយដ្ឋានវេប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH។ ប្រសិនបើប្រជាពលរដ្ឋដែលមានបំណងកែតម្រូវទិន្នន័យជីវប្រវត្តិ (ប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត) ឬអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោតពីមុនមក សូមអញ្ជើញទៅការិយាល័យចុះឈ្មោះបោះឆ្នោត នៅសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ តាមការចល័តរបស់ក្រុមចុះឈ្មោះបោះឆ្នោត។
ចំពោះប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ គឺកើតមុន ឬត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០០៧ ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំសង្កាត់៕