វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១២ ០៥ ២០២៥
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បន្តចុះត្រួតពិនិត្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតមួយចំនួន ក្នុងភូមិសាស្រ្តនៃខេត្តកណ្តាល។ ស្របពេលដែលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលបាននិងកំពុងប្រព្រឹត្តទៅនៅតាមសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ នៅសល់ត្រឹមតែ ១៥ថ្ងៃទៀតប៉ុណ្ណោះ។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បានបន្តចុះត្រួតពិនិត្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតចល័តដែលស្ថិតនៅភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ សាលាបឋមសិក្សាក្បាលកោះ សង្កាត់សំពៅពូន ក្រុងសំពៅពូន និងភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក នៃខេត្តកណ្តាល។
ការបន្តចុះត្រួតពិនិត្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតជាលើកទី ៣ របស់ឯកឧត្តមប្រធាន ស្របពេលដែលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលបាននិងកំពុងប្រព្រឹត្តទៅនៅតាមសាលាឃុំ សង្កាត់ ឬនិងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ បានរយៈពេល១១ថ្ងៃហើយ។ ដោយឡែកការចល័តការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ត្រូវអនុវត្តតាមស្ថានភាពភូមិសាស្ត្រជាក់ស្ដែង ក្នុងឃុំ សង្កាត់តាមការពិភាក្សាឯកភាពគ្នារវាង ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត។
ក្នុងដំណើរចុះត្រួតពិនិត្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតនេះ ឯកឧត្តមប្រធានបានមានប្រសាសន៍ថា ...
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ មានរយៈពេល ២៦ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ ៥:៣០នាទី។
ប្រជាពលរដ្ឋអាចពិនិត្យមើលឈ្មោះរបស់ខ្លួនដែលបិទផ្សាយនៅតាមឃុំ សង្កាត់ ឬតាមអាសយដ្ឋានវេប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH។ ប្រសិនបើប្រជាពលរដ្ឋដែលមានបំណងកែតម្រូវទិន្នន័យជីវប្រវត្តិ (ប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ កែតម្រូវឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត) ឬអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោតពីមុនមក សូមអញ្ជើញទៅការិយាល័យចុះឈ្មោះបោះឆ្នោត នៅសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ តាមការចល័តរបស់ក្រុមចុះឈ្មោះបោះឆ្នោត។
ចំពោះប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ គឺកើតមុន ឬត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០០៧ ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់៕