វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១២ ៥ ២០២៥
ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ពីចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានប្រមាណ ៣៣,៥០ % ហើយ ដោយគម្រោងបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក។
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេបាសាក់ ពីចាក់អង្រែក្រោម-ព្រែកប្រា បច្ចុប្បន្នការងារសាងសង់ស្ពានផ្នែកខាងកើត សម្រេច បានទី ១.ផ្នែកគ្រឹះស្ពានសម្រេចបានប្រមាណ ៥៥% ក្នុងនោះបានចាក់បេតុងសសរគ្រឹះចំនួន ១០៧ដើម ក្នុងចំណោម ១៥៦ដើម សាងសង់ជើងតាងបាន ៦ជើងតាង ក្នុងចំណោម ២០ជើងតាង និងធ្នឹមភ្ជាប់ក្រោម បានចំនួន ៨ធ្នឹម (ក្នុងចំណោម ១២ធ្នឹម)។ ចំណែកទី២.រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១,៥% រួមមានសាងសង់តួសសរស្ពានបាន ៦តួសសរ (ក្នុងចំណោម ១២តួសសរ) សាងសង់សសរស្ពានបាន ១៦សសរស្ពាន (ក្នុងចំណោម ៥២សសរស្ពាន) និងសាងសង់ធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពានបាន ១០ធ្នឹម (ក្នុងចំណោម ៣៤ធ្នឹម) ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។
ឯកឧត្តមបានបន្តថា រយៈពេលសាងសង់គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបាន ១៣ខែហើយ ស្មើនឹង ៣១% នៃផែនការសាងសង់ ៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារ ដែលគ្រោង ទុកទេ ។
សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ពីចាក់អង្រែក្រោម-ព្រែកប្រានេះ ត្រូវបានបើក ការដ្ឋានសាងសង់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរ ធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា៕