វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១២ ០៥ ២០២៥)
ភ្នំពេញ៖ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួល កិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានផ្ដាំផ្ញើដល់សិក្ខាកាមដែលជាថ្នាក់ដឹកនាំ និងជាមន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិទាំងអស់ នៅក្នុងខេត្តតាកែវ ត្រូវប្រើប្រាស់បណ្តាញសង្គម និងការតាមដានព័ត៌មាន និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មីៗ ឱ្យអស់លទ្ធភាព និងបង្កើនល្បឿននៃការផ្សព្វផ្សាយ ល្បឿននៃការប្រតិកម្មឱ្យបានទាន់ពេលវេលា ។
ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលស្ដីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ នៅក្នុងយុគសម័យឌីជីថល» នៅខេត្តតាកែវ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានចាត់ទុកការងារព័ត៌មាន និងសាធារណមតិគឺជាការរួមចំណែកដ៏សំខាន់ និងចាំបាច់បំផុតក្នុងការបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ត្រីព័ត៌មានទាំងអស់ រួមទាំងយុវជនបណ្តាញសង្គមក្នុងខេត្ត ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុលសង្គម ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។
ក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ត្រូវបន្តពង្រឹង តាមដាន និងត្រួតពិនិត្យការអនុវត្តភារកិច្ច របស់មន្ត្រីទទួលបន្ទុកការងារព័ត៌មាន គ្រប់កម្រិតពីថ្នាក់ខេត្ត ដល់ឃុំ-សង្កាត់ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ ដែលមានលក្ខណៈជាប្រព័ន្ធតួអង្គតែមួយ ស្របតាមគោលការណ៍ នៃការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប។ មន្ត្រីព័ត៌មានទាំងអស់ ចាំបាច់ត្រូវតែខិតខំពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ និងត្រូវស្វែងយល់ឱ្យកាន់តែច្បាស់ អំពីតួនាទីភារកិច្ច និងរបៀបរបបការងារ ជាពិសេសត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ហើយត្រូវមានសមត្ថភាព ក្នុងការទាញយកប្រយោជន៍ ពីបច្ចេកវិទ្យាមួយនេះ សម្រាប់គោលដៅបម្រើឱ្យការបំពេញការងារប្រចាំថ្ងៃ ក្នុងន័យ «រួមគ្នាប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយ ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ ឱ្យកាន់តែរីកចម្រើន តាមរយៈបង្កើនការផលិតខ្លឹមសារ មាតិកា និងសកម្មភាពការងារជាច្រើន របស់រាជរដ្ឋាភិបាល ជំរុញការផ្សាយព័ត៌មានពិតបានលឿនរហ័ស និងដល់គោលដៅ»។
ទោះយ៉ាងណា ដើម្បីសម្រេចបានជោគជ័យ ក្នុងការងារនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានសង្កត់ធ្ងន់ថា គ្រប់គ្នាត្រូវតែបង្កើនកិច្ចសហការ ឱ្យបានល្អរវាងមន្ត្រីទទួលបន្ទុកការងារព័ត៌មាននៅមូលដ្ឋាន ជាមួយក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានគ្រប់ថ្នាក់ គ្រប់ផ្នែក ទើបធានាបាននូវភាពគ្រប់ជ្រុងជ្រោយ ក្តាប់បាននូវបញ្ហាប្រឈម និងភារកិច្ចដែលត្រូវអនុវត្តប្រកបដោយជោគជ័យ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ ក្នុងក្របខ័ណ្ឌនៃការអនុវត្តយន្តការសម្របសម្រួល ដើម្បីធានាប្រក្រតីភាព ប្រសិទ្ធភាព និងនិរន្តរភាពការងារ (គ.ស.ព.ស.) បានសហការរៀបចំដាក់ឱ្យដំណើរការ នូវក្រុមការងារព័ត៌មាននិងសាធារណមតិ ដែលមានសមាសភាពមន្ត្រី៥រូប នៅតាមបណ្តារាជធានី-ខេត្តទាំង២៥ និងការចូលរួមយ៉ាងសកម្មពីមន្ទីរព័ត៌មាន ក្នុងការដើរតួនាទីដ៏សំខាន់ជាអ្នកដឹកនាំ សម្របសម្រួលដោយផ្ទាល់ ជាមួយក្រុមការងារគ្រប់កម្រិតក្នុងសមត្ថកិច្ចរបស់ខ្លួន និងជាសេនាធិការបន្ថែម ដល់រដ្ឋបាលរាជធានី-ខេត្តទាំងអស់លើការងារព័ត៌មាននិងសាធារណមតិ ដោយអនុវត្តន៍តាមអភិក្រមបុរេសកម្ម (Pro-active Approach) ក៏ដូចជាការចងក្រងបណ្តាញធ្វើការងារ ឱ្យមានលក្ខណៈជាប្រព័ន្ធតួអង្គតែមួយ ស្របតាមគោលការណ៍នៃការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបាននូវព័ត៌មានពិត ព័ត៌មានច្បាស់ការ មានប្រភពច្បាស់លាស់។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានផ្ដាំផ្ញើដល់សិក្ខាកាមដែលជាថ្នាក់ដឹកនាំ និងជាមន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិទាំងអស់នៅក្នុងខេត្តតាកែវ ត្រូវប្រើប្រាស់បណ្តាញសង្គម និងការតាមដានព័ត៌មាន និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មីៗ ឱ្យអស់លទ្ធភាព និងបង្កើនល្បឿននៃការផ្សព្វផ្សាយ ល្បឿននៃការប្រតិកម្មឱ្យបានទាន់ពេលវេលា៕