វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១២ ៥ ២៥
អន្តរជាតិ៖ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាម៉េរិក បាននិយាយជាមួយលោក David Lammy រដ្ឋមន្ត្រីការបរទេសអង់គ្លេស និងលោក Friedrich Merz អធិការបតីអាល្លឺម៉ង់ នៅក្នុងការហៅទូរសព្ទដាច់ដោយឡែកពីគ្នាមួយ នឹងបានអះអាងជាថ្មីអំពីជំហររបស់សហរដ្ឋអាម៉េរិកចំពោះសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Lammy និងលោក Rubio ក៏បានពិភាក្សាអំពីភាពតានតឹងដែលកំពុងបន្តរវាងឥណ្ឌា និងប៉ាគីស្ថាន ហើយបានអំពាវនាវឱ្យប្រទេសទាំងពីររក្សាបទឈប់បាញ់ និងបន្តទំនាក់ទំនងឡើងវិញ។ លោក Rubio បាននិយាយថា សហរដ្ឋអាម៉េរិកបានគាំទ្រការសន្ទនាដោយផ្ទាល់រវាងឥណ្ឌា និងប៉ាគីស្ថាន ហើយបានលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អទំនាក់ទំនង។ គួរបញ្ជាក់ថា នៅក្នុងការពិភាក្សាដាច់ដោយឡែកមួយជាមួយលោក Merz លោក Rubio បានអបអរសាទរអធិការបតីចំពោះការតែងតាំងរបស់គាត់ និងបានពិភាក្សាអំពីប្រទេសដែលមានគោលដៅរួមគ្នាក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន៕