ខេត្តកែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជួបសម្តែងការគួរសមជាមួួយ ឯកឧត្តម វណ្ណឡាល វ៉ូណា បាវិតលុង (H.E. Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តកែប នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។ ជំនួបនោះធ្វើឡើងដើម្បីរឹតបំណងមេត្រីភាពរបស់រដ្ឋបាលខេត្តកែប និង ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបចូលកាន់តំណែង ឲ្យកាន់តែល្អប្រសើរ។
ក្នុងជំនួបនោះឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានបង្ហាញពីសក្តានុពលដែលខេត្តកែបមាន ជាពិសេសភាពរីកចម្រើនលើវិស័យទេសចរណ៍ ក្នុងនោះឯកឧត្តមបានគូសបង្ហាញពី ទីតាំងទេសចរណ៍ថ្មីៗជាច្រើន កំពុងរីកលូតលាស់បម្រើដល់សេចក្តីត្រូវការរបស់អ្នកទេសចរទាំងជាតិ អន្តរជាតិ។
ឯកឧត្តមបណ្ឌិត បានលើកឡើងថា ប្រជាជននៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា មានទំនៀមទម្លាប់ ប្រពៃណី ប្រហាក់ប្រហែលគ្នា ជាពិសេស លើជំនឿសាសនា ក្នុងនោះខេត្តកែបក៏កំពុងស្ថាបនា ទីឋានសាសនាមួយ ដោយសាងសង់ ព្រះពុទ្ធរូបកម្ពស់៤៥ម៉ែត្រ នៅលើភ្នំ ក្នុងតំបន់ឧទ្យានជាតិខេត្តកែប សម្រាប់អ្នកដែលចូលចិត្តការធ្វើ សមាធិ មកពីគ្រប់បណ្តាប្រទេស ដ៏ដូចជាសាធារណរដ្ឋឥណ្ឌាផងដែរ។
ក្រៅពីនោះ ឯកឧត្តម បានស្នើដល់ភាគីឥណ្ឌា ជួយផ្តល់ការឧបត្ថម្ភគាំទ្រ ដល់ខេត្តកែប ក្នុងការអភិវឌ្ឍន៍លើ វិស័យមួយចំនួនដូចជា វិស័យទេសចរណ៍ វិស័យកសិកម្ម វិស័យសុខាភិបាល និងជួយបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការផ្តល់នូវអាហាររូបករណ៍ ឬវគ្គបណ្តុះបណ្តាលជាដើម។
ថ្លែងនាឱកាសនោះដែរ ឯកឧត្តម វណ្ណឡាល វ៉ូណា បាវិតលុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរលើភាពរីកចម្រើនរបស់ខេត្តកែប ទៅលើការកសាងបាននូវហេដ្ឋារចនាសម្ព័ន្ធនានា។ ឯកឧត្តម ក៏ទទួលស្គាល់ដែរថា ខេត្តកែបពិតជាមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍។ ដោយមើលឃើញដូចនេះ ឯកឧត្តម បានលើកជាគំនិតមួយ តាមរយៈសមាគមន៍ទេសចរណ៍កម្ពុជា និងសមាគមន៍ទេសចរណ៍ឥណ្ឌា ធ្វើការជាមួយគ្នា ក្នុងការផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ខេត្តកែបអោយកាន់តែទូលំទូលាយ សំដៅទាក់ទាញពលរដ្ឋឥណ្ឌា និងអ្នកទេសចរពីបណ្តាប្រទេសដទៃទៀតធ្វើដំណើរមកកាន់ខេត្តកែប ក៏ដូចជាកម្ពុជា ឲ្យកាន់តែច្រើនឡើង។
ក្នុងនោះឯកឧត្តម សន្យាផងដែរ ក្នុងការផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលនានា ជូនដល់មន្រ្តីសាលាខេត្តកែប និងសិស្សានុសិស្ស នៅខេត្តកែបផ្ទាល់ តាមរយៈស្ថានទូតឥណ្ឌា។
ជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌា សន្យាបន្តជំរុញលើកិច្ចព្រមព្រៀងស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាងខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋហ្គោអា នៃសាធារណរដ្ឋឥណ្ឌា ឲ្យចេញជាផ្លែផ្កានាពេលឆាប់ៗនេះ។
គួបញ្ជាក់ដែរថា មុនជំនួបសម្តែងការគួរសមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌា បានអញ្ញើញមកទស្សនកិច្ចនៅខេត្តកែប តាមតំបន់សក្តានុពលនានារបស់ខេត្តកែប ក្នុងនោះឯកឧត្តមមានភាពភ្ញាក់ផ្អើល លើធនធានធម្មជាតិរបស់ខេត្តកែប ជាពិសេស ដំណាំម្រេច នៅតាមតំបន់ភ្នំវល្លិ៍ជាដើម៕