វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៣ ០៥ ២០២៥)
ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយអង្គការភ្លែនអន្តរជាតិនាពេលកន្លងមក បានរួមចំណែកក្នុងការជួយនៅតំបន់ជនបទ ក្នុងវិស័យអប់រំ សុខភាព និងអនាម័យ ទឹកស្អាតជនបទ ។
ការលើកឡើងរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទខាងលើនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតជូនលោកស្រី GWYNNETH WONG នាយិកាអង្គការភ្លែនអន្តរជាតិប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ មានបាវចនាចំនួន ៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងគន្លឹះអាទិភាពចំនួន ៥ ទៀតរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានា ដែលសម្រេចបានកន្លងមក និងទិសដៅអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ «ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌» ធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារ ប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង។ ក្នុងនោះក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៥ រួមមាន៖ (ទី១)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, (ទី២)ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ,(ទី៣) ការអភិវឌ្ឍសហគមន៍ជនបទ (ទី៤)ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និង(ទី៥)ការពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឬទ្ធិសែន ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិកា ររវាងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយអង្គការភ្លែនអន្តរជាតិនាពេលកន្លងមក ដោយអង្គការបានរួមចំណែកក្នុងការជួយនៅតំបន់ជនបទ ក្នុងវិស័យអប់រំ សុខភាព និងអនាម័យ ទឹកស្អាតជនបទ ជាមួយគ្នានោះកន្លងមកអង្គការភ្លែនអន្តរជាតិ ក៏បានចូលរួមយ៉ាងសកម្មក្នុងការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។
ជាមួយគ្នានេះ លោកស្រី GWYNNETH WONG បានថ្លែងអំណរចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនលោកស្រី ព្រមទាំងសហការីបានអញ្ជើញជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ។
លោកស្រីបានមានប្រសាសន៍ថា អង្គការភ្លែនអន្តរជាតិ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទរយៈពេល ២៤ ឆ្នាំចាប់ពីឆ្នាំ ២០០៣ ដល់ឆ្នាំ២០២៧ ដោយប្រើប្រាស់ថវិកាចំនួន ៣០លានដុល្លាអាម៉េរិក លើការអនុវត្តគម្រោងគាំទ្រ លើការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ, សុខភាព និងអាហារូបត្ថម្ភ និងការចូលរួមរបស់កុមារ។
លោកស្រីបានបង្ហាញអំពីជំហរបន្តកិច្ចសហប្រតិការយ៉ាងស្អិតល្មួតបន្តទៀត ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ទោះបីជាពេលនេះលោកស្រី ត្រូវបញ្ចប់អាណត្តិបេសកកម្មនៅក្នុងប្រទេសកម្ពុជាក៏ដោយ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកស្រីនាយិកា និងសហការីដែលអញ្ជើញមកទស្សនកិច្ចនាពេលនេះ និងថ្លែងអំណរគុណចំពោះការប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ៕