វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ១៣ ៥ ២០២៥
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋត្រូវបង្កើនការការពារខ្លួនពីជំងឺកូវីដ១៩ប្រភេទថ្មី ឈ្មោះ ជេអ៊ិន១ ខណៈជំងឺកូវីដ១៩ ហាក់កម្រើកឡើងវិញ ទាំងនៅកម្ពុជានិងប្រទេសមួយចំនួនទៀតនៅក្នុងពិភពលោក ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ការដាស់តឿនឱ្យប្រុងប្រយ័ត្ននេះ ដោយសារស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ ហើយចុងក្រោយនេះ គឺពពួកអូមីក្រុងដែលបានបំប្លែងខ្លួនជាបន្តបន្ទាប់ ជាពិសេសពពួកអូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ិន១ (JN.1) ដែលរកឃើញដំបូងក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានក្លាយរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។
ក្រសួងបន្តថា បច្ចុប្បន្នអង្គ ការសុខភាពពិភពលោក បានចាត់ថ្នាក់ថា ជំងឺកូវីដប្រភេទជេអ៊ិន១ ជាវីរុសស្ថិតក្នុងវ៉ារ្យង់ចំណាប់អារម្មណ៍ ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័ស និងលក្ខណៈជីវសាស្ត្ររបស់វា។ ក្នុងនោះ ត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ អូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ិន១ ត្រូវបានរកឃើញមានជាង១៥ភាគរយនៃករណីជំងឺកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងពិភពលោក។
ក្រសួងគូសបញ្ជាក់ថា ចំពោះអ្នកឆ្លងអូមីក្រុងបំប្លែងថ្មីជេអ៊ិន១នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពីប្រភេទកូវីដ-១៩ ជំនាន់មុនៗ នោះទេ។ រោគសញ្ញាមានដូចជា គ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ និងក្អួត មានភាពស្រដៀងទៅ នឹងជំងឺផ្តាសាយធម្មតា។ ភស្តុតាងជាសកលបច្ចុប្បន្នមិនបង្ហាញថា ជេអ៊ិន១ បណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាងប្រភេទអូមីក្រុងពីមុននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ជេអ៊ិន១ បង្ហាញពីលទ្ធភាពឆ្លងកាន់តែខ្ពស់ ឆ្លងលឿន និងអាចបញ្ជ្រាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សកាន់តែខ្លាំង ដោយសារការផ្លាស់ប្តូរនៅក្នុងប្រូតេអ៊ីនបង្គោលរបស់វីរុស ។ ថ្វីត្បិតតែជេអ៊ិន១ មានហានិភ័យសុខភាពសាធារណៈជាសកលនៅមានកម្រិតទាបក៏ពិតមែន ប៉ុន្តែការបន្តការប្រុងប្រយ័ត្នគឺចាំបាច់ ជាពិសេសចំពោះបុគ្គលដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ រួមមាន ៖ អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ , ជំងឺរ៉ាំរ៉ៃប្រចាំកាយ ទឹកនោមផ្អែម , លើសឈាម , ជនចាស់ជរា និងស្ត្រីមានផ្ទៃពោះ ។
ទន្ទឹមនឹងនោះ នៅកម្ពុជានាប៉ុន្មានខែចុងក្រោយនេះ ការចម្លងវីរុសកូវីដ-១៩ នៅតែបន្តកើតមាននៅឡើយ ដែលតម្រូវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច ជាពិសេសនា
រដូវវស្សាខាងមុខនេះ៕