សម្តេចធិបតី៖ កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លំាងលើការកាត់ បន្ថយអត្រាឆ្លងរាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា

Narith | ថ្ងៃទី 14 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៣ ០៥ ២០២៥)

ភ្នំពេញ៖សម្តេចធិបតីហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល កម្ពុជាបានយកចិត្តទុកដាក់លើការ កាត់បន្ថយអត្រាឆ្លងរាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍តាមរយៈការដាក់ចេញផែនការយុទ្ធសាស្រ្ត ប្រកបដោយមហិច្ឆតា លើការងារប្រយុទ្ធប្រឆាំង មេរោគអេដស៍ និងជំងឺអេដស៍។
  
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ដូច្នេះ ក្នុងពេលអនុញ្ញាតឱ្យលោកជំទាវ Winnie Byanyima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។  
ក្នុងជំនួបនេះ លោកជំទាវ Winnie Byanyima បានសម្តែងការកោត សរសើរ ចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់ លើគ្រប់វិស័យ និងសមិទ្ធផលលេចធ្លោជាច្រើនរបស់កម្ពុជា។ 
លោកជំទាវអគ្គលេខាធិការរង ក៏បានកោតសរសើរ ជាពិសេសចំពោះការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍។
ក្នុងនោះលោកជំទាវ កត់សម្គាល់ឃើញថា កម្ពុជាបានសម្រេចគោលដៅសកលចំនួន ២ ជាមួយលទ្ធផល ៩២-១០០-៩៨ ក្នុងចំណោមគោលដៅសកលទាំងបី ៩៥-៩៥-៩៥ ( ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ របស់ពួកគេ, ៩៥% នៃអ្នកបានដឹងពីស្ថានភាព មេរោគអេដស៍របស់ខ្លួន បានទទួលការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍, ៩៥% នៃអ្នកបានទទួលការព្យាបាលមានបន្ទុកមេរោគអេដស៍ ) របស់អង្គការសហប្រជាជាតិ និងបានកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ថ្មីជាបន្តបន្ទាប់។

លោកជំទាវ Winnie Byanyima បានគូសបញ្ជាក់ថា លទ្ធផលជោគជ័យរបស់កម្ពុជា ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ មិនត្រឹមតែបានកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែក ដល់កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ និង ជាសកល ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺឆ្លងនានា។
បន្ថែមលើនេះ លោកជំទាវអគ្គលេខាធិការរង បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលជាប្រទេសមួយ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ប្រកបដោយមហិច្ឆតា លើការងារប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍។
លោកជំទាវ បានបញ្ជាក់ជាថ្មីថា UNAIDS នឹងបន្តគាំទ្រកម្ពុជាបន្ថែមទៀត ដើម្បីឈានទៅសម្រេច ផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញ ហើយអង្គការសហប្រជាជាតិនឹងបន្តភាពជាដៃគូជាមួយកម្ពុជា ដើម្បីរួមគ្នាសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ 
ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណ អង្គការសហប្រជាជាតិ ចំពោះការរួមចំណែក ដល់ការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះ UNAIDS ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំង នឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅកម្ពុជា។
សម្តេចធិបតី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងមេរោគអេដស៍ និងជំងឺអេដស៍ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាច្រើន ហើយថ្មីៗនេះ កម្ពុជាទើបតែបានដាក់ចេញនូវគោលនយោបាយជាតិ បញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨។
សម្តេចធិបតី បានលើកឡើងថា កម្ពុជាបានយកចិត្តទុកដាក់លើការកាត់បន្ថយអត្រាឆ្លងរាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍ ដោយគិតចាប់ពីឆ្នាំ១៩៩៦មក អត្រាឆ្លងមេរោគអេដស៍ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។
បន្ថែមលើនេះ សម្តេចធិបតី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដោតអាទិភាពខ្ពស់ លើការពង្រឹងវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់ សុខុមាលភាពប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល បានពង្រឹងសមត្ថភាព បុគ្គលិកសុខាភិបាល, កសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការពង្រឹងសមត្ថភាព មណ្ឌលសុខភាព ដើម្បីពង្រីកសេវាសុខាភិបាល ឱ្យកាន់តែជិតប្រជាពលរដ្ឋ។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា «នៅពេលដែលយើងនិយាយពីការកសាងមូលធនមនុស្ស យើងត្រូវយកចិត្តទុកដាក់លើសុខភាព របស់ប្រជាពលរដ្ឋ»។
ក្នុងជំនួបនោះដែរ សម្តេចធិបតី បានគូសបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយ UNAIDS ដើម្បីបន្តពង្រឹងវិស័យសុខាភិបាលរបស់កម្ពុជា ជាពិសេស ពង្រឹងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។

    ជាមួយគ្នានេះ សម្តេចធិបតី បានលើកទឹកចិត្តដល់ UNAIDS ឱ្យបន្តភ្ជាប់ទំនាក់ទំនង ឱ្យកាន់តែល្អប្រសើរថែមទៀត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីរួមគ្នាបន្តសម្រេចគោលដៅក្នុងការឆ្លេីយ តប ទៅនឹង គោលដៅសកលទាំងបី របស់ អង្គការ សហប្រជាជាតិ ក្នុង ការ ឆ្លើយតប ទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍៕