វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៣ ០៥ ២០២៥)
ភ្នំពេញ៖ ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ប្រទេសចិន គាំទ្រភាពស្របច្បាប់ជានិច្ចរបស់កម្ពុជា ហើយចិននឹងជួយកម្ពុជា ប្រយុទ្ធប្រឆាំង ទៅនឹងការគំរាមកំហែងពីខាងក្រៅ បន្ថែមពីនេះ ចិនក៏នឹងជួយផ្សព្វផ្សាយពីកម្ពុជា ដើម្បីនាំអ្នកទេសចរចិន មកកាន់កម្ពុជា កាន់តែច្រើនបន្ថែមទៀតផងដែរ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍
ការលើកឡើងឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ក្នុងឱកាសអញ្ជើញចូលជួប សម្ដែងការគួរសមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពញ។
ក្នុងជំនួបនេះ ឯកឧត្តម វ៉ាង វិនពីន បានអរគុណចំពោះការយកចិត្តទុកដាក់មើលថែ ប្រជាពលរដ្ឋចិន ដែលបានមករកស៊ី និងបំពេញការងារនៅភ្នំពេញ ពិសេសនោះ គឺរក្សាបាននូវសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ សម្រាប់ទីតាំងស្ថានទូតចិនប្រចាំនៅកម្ពុជា លើសពីនេះថែមទៀតនោះ សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរភ្នំពេញ បានរក្សាសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អបំផុត នៅពេលដែលប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង មកបំពេញទស្សនកិច្ច នៅកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានកត់សម្គាល់ថា សកម្មភាពនៃការយកចិត្តទុកដាក់ ពីសំណាក់កងកម្លាំងនិងអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ ដែលមកទទួលប្រធានាធិបតីចិន គឺពិតជាបានបង្ហាញឱ្យឃើញ ពីទំនាក់ទំនងរវាងកម្ពុជា -ចិន គឺជាទំនាក់ទំនងមិនធម្មតា តែជាទំនាក់ទំនងពិសេស។ តាមរយៈទំនាក់ទំនងដ៏ល្អនេះ ឯកឧត្តមចង់បង្កើតឱ្យមានកិច្ចសហប្រតិបត្តិការ កាន់តែល្អប្រសើរថែមទៀត ទៅលើវិស័យកសិកម្ម ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវ ជនជាតិចិនឱ្យមកកម្ពុជា កាន់តែច្រើនបន្ថែមទៀត។
ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) បានបញ្ជាក់ថា ប្រទេសចិន គាំទ្រភាពស្របច្បាប់ របស់កម្ពុជាជានិច្ច។ ចិននឹងជួយកម្ពុជាប្រយុទ្ធប្រឆាំង ទៅនឹងការគំរាមកំហែងពីខាងក្រៅ។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីប្រវត្តិនៃការកកើតរបស់រាជធានីភ្នំពេញ និងស្ថានភាពបច្ចុប្បន្នដែលរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយអ្វីដែលសំខាន់នោះ គឺកម្ពុជាមានសន្តិភាពពេញលេញ។
ឯកឧត្តម ឃួង ស្រេង គូសបញ្ជាក់ថា ប្រទេសកម្ពុជា ទទួលបានការជួយជ្រោមជ្រែង យ៉ាងពេញទំហឹងពីមិត្តចិន ដោយរាជធានីភ្នំពេញ បានស្ថាបនាផ្លូវខ្សែក្រវាត់ទី៣ របស់រាជធានីភ្នំពេញ ដែលជាជំនួយរបស់មហាមិត្តចិន និងបានប្រសិទ្ធនាមផ្លូវនេះជាមហាវិថីស៊ី ជីនពីង។ ផ្លូវខ្សែក្រវាត់ក្រុងទី៣នេះ កាត់បន្ថយបាន នូវការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយសារតែរថយន្តមួយចំនួន ត្រូវបានវាងទៅលើកំណត់ផ្លូវមួយខ្សែនេះ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានសង្កត់ធ្ងន់ថា កម្ពុជាបានប្រកាន់ភ្ជាប់ នូវគោលនយោបាយចិនតែមួយ ជាទំនាក់ទំនងដែកថែប តាមរយៈទំនាក់ទំនងដ៏ល្អនេះ រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាព ជាមួយទីក្រុងជាច្រើន របស់ចិន ដើម្បីជួយគ្នាទៅវិញទៅ មក ដកស្រង់បទពិសោធ ក្នុងការអភិវឌ្ឍទីក្រុង ឱ្យមានការអភិវឌ្ឍរីកចម្រើន។ ចំពោះការងារសន្តិសុខសុវត្ថិភាព នៅរាជធានីភ្នំពេញរក្សាបាននូវសន្តិសុខវត្ថិភាពយ៉ាងល្អ មិនថាកិច្ចការពារសន្តិសុខ ជូនពលរដ្ឋចិន ក៏ដូចជាស្ថានទូតចិននោះទេ។
បន្ថែមលើនេះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ចិនគឺជាមិត្តល្អមានទំនាក់ទំនងល្អ នៅពេលដែលកម្ពុជា មានបញ្ហាអ្វីមួយ ចិនតែងតែជួយកម្ពុជាជានិច្ច ជាក់ស្ដែងនៅក្នុងអំឡុង covid-19 ចិនបានជួយវ៉ាក់សាំងមកកម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធាប់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឃួង ស្រេង បានឱ្យទូតចិន ជួយផ្សព្វផ្សាយពីកម្ពុជា ឱ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរចិន មកកម្ពុជា កាន់តែច្រើនបន្ថែមទៀត៕