វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៤ ០៥ ២០២៥
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យលើការជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើសមាហរណកម្មទិន្នន័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ និងសេវាគាំទ្រសហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែមានប្រសិទ្ធភាព។
កិច្ចប្រជុំកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានពិភាក្សាស្ថានភាពទិន្នន័យសហគ្រាសធុនតូច និងមធ្យម ដែលបច្ចុប្បន្នត្រូវបានចុះបញ្ជី និងគ្រប់គ្រងដោយក្រសួង-ស្ថាប័នតាមវិស័យផ្សេងៗ ហើយពុំផ្តល់លទ្ធភាពឱ្យមានទិន្នន័យរួមមួយសម្រាប់ជាតិ ដែលមានសង្គតិភាព និងបច្ចុប្បន្នភាព។ កិច្ចប្រជុំ ក៏បានយល់ ស្របលើការប្រើប្រាស់និយមន័យរួមសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលនឹងបង្កើនភាពច្បាស់លាស់ និងសង្គតិភាពសម្រាប់ការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម។
ឯកឧត្តម ហែម វណ្ណឌី បានសង្កត់ធ្ងន់លើគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលឱ្យមានច្រករួមមួយសម្រាប់ការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម ហើយទិន្នន័យនឹងត្រូវបានចែករំលែកទៅក្រសួង-ស្ថាប័នជំនាញវិញ ព្រមទាំងអនុញ្ញាតឱ្យមានលំហូរទិន្នន័យស្វ័យប្រវត្តិសម្រាប់រាជរដ្ឋាភិបាលផងដែរ។ ឯកឧត្តមលើកឡើងថា “ឥឡូវយើងអាចមានមធ្យោបាយ និងឧបករណ៍ឌីជីថល សម្រាប់ចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម ដូចមានថ្នាល CamDX ជាឧទាហរណ៍ស្រាប់។”
ឯកឧត្តម ហែម វណ្ណឌី បានថ្លែងថា “ដើម្បីអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម ឱ្យបានជោគជ័យ យើងត្រូវធ្វើសមកាលកម្មទិន្នន័យសហគ្រាសធុនតូច និងមធ្យមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយផ្តោតលើសហគ្រាសដែលកំពុងដំណើរការ។”
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានប្រគល់ភារកិច្ច ក្នុងការសម្របសម្រួលទិន្នន័យសហគ្រាសធុនតូច និងមធ្យម (សូចនាករទី៣០) សម្រាប់ក្របខ័ណ្ឌពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕