វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៣ ៥ ២០២៥
ភ្នំពេញ ៖ ថ្នាក់ដឹកនាំកំពូលៗ បានថ្វាយព្រះពរដល់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧២ យាងចូល ៧៣ព្រះ វស្សា សូមព្រះអង្គទ្រង់ ប្រកប ដោយព្រះរាជសុខភាពពេញបរិបូរណ៌ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជ្រកកោនត្រជាក់ត្រជុំសុខដុមរមនា ជាភិយ្យោភាពតរៀងទៅ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់ ៧២ យាងចូល ៧៣ ព្រះវស្សា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា នាថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំកំពូលៗមានស្ថាប័ននីតិបញ្ញាត្តិ នីតិប្រតិបត្តិនិងរាជរដ្ឋាភិបាល បានថ្វាយព្រះរាជសារថ្វាយព្រះពរ ព្រះករុណាព្រះមហាក្សត្រ សូមព្រះ អង្គទ្រង់ស្តេច ព្រះប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា។
តាមរយៈសារថ្វាយព្រះពរ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្វាយព្រះករុណាព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារថា សូមព្រះបរមរាជានុញ្ញាតលំឱនកាយបួងសួងដល់គុណតេជ:បារមីនៃព្រះបរមរូប អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ដែលទ្រង់មានឫទ្ធានុភាព សូមព្រះអង្គប្រទានព្រះពរ ប្រោះព្រំថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបវរសួស្តី សិរីមង្គល និងព្រះបរមសុខគ្រប់ប្រការ។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបន្តថា សូមថ្លែងនូវព្រះរាជមហាករុណាទិគុណ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជបេសកកម្មដ៏ឧត្តុង្គ ឧត្តមប្រកបដោយព្រះរាជទសពិធរាជធម៌ ព្រះរាជគតិបណ្ឌិត ស្នេហាជាតិ មាតុភូមិ និង ប្រជារាស្ត្រកម្ពុជា។ ក្រោមម្លប់ដ៏ ត្រជាក់ត្រជំនៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទេសជាតិបាននិង កំពុងបន្តពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យរឹងមាំ ជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ហើយប្រជារាស្ត្រគ្រប់ៗរូប ទទួលបាននូវភាពសម្បូរសប្បាយប្រកបដោយមោទនភាព និងកិត្យានុភាព និងក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍តរៀងទៅ។
ចំណែកឯសារលិខិតថ្វាយព្រះពររបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានថ្វាយព្រះពរព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាថា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធ ទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព្រះនាម គោរាគទេវី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមី ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមតាម ជួយបីបាច់ថែរក្សា ការពារ អភិបាល ប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជាភិយ្យោភាពតរៀងទៅ។
រីឯសារលិខិតថ្វាយព្រះពររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយព្រះពរព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាថា សូមក្រាបបង្គំថ្វាយនូវអំណរសាទរ ដោយស្មោះអស់ពីដួងចិត្ត និងសូមថ្វាយនូវព្រះសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរ មហាប្រសើរគ្រប់ប្រការ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះពលានុភាពរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា វាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គគង់ប្រថាប់ក្នុង ព្រះបរមសិរីរាជសម្បត្តិ ជាអង្វែងតរៀងទៅ។
សារលិខិតថ្វាយព្រះក៏បានព្រះបរម រាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត ក្រាបបង្គំថ្វាយនូវកតញ្ញូតាធម៌និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានបំពេញនូវព្រះរាជ តួនាទីដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជានិមិត្តរូបនៃឯកភាពជាតិ វឌ្ឍនភាព ការបង្រួបបង្រួមជាតិ និងនិរន្តរភាពជាតិ ព្រមទាំងជាម្លប់ដ៏ត្រជាក់ត្រជំថ្កុំថ្កើងរុងរឿងរបស់មាតុភូមិ និងប្រជានុរាស្ត្ររបស់ព្រះអង្គ ជាពិសេសព្រះអង្គ បានលើកកម្ពស់កិត្យានុភាពជាតិ តាមរយៈព្រះរាជសកម្មភាពប្រកបដោយទសពិធរាជធម៌ ក្នុងការជំរុញ ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ការទូត សាសនា អប់រំសិក្សាធិការ វប្បធម៌ មនុស្សធម៌ និងសុខុមាលភាព ជីវភាពរបស់ប្រជានុរាស្ត្រក្នុងម្លប់នៃសន្តិភាព ឱ្យរឹងរឹតតែមាន ភាពរីកចម្រើនជឿនលឿនប្រកបដោយសេចក្តីសុខក្សេមក្សាន្ត ចម្រុងចម្រើន និងរុងរឿង។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (ព្រះរាជសម្ភពនាថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ១៩៥៣) ព្រះអង្គគឺជាព្រះរាជបុត្រ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» និង ព្រះមាតាព្រះនាមសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ៕