វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៤ ០៥ ២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពជា បានថ្លែងថា ក្រោមការដឹកនាំផ្ទាល់ របស់ក្រសួងមហាផ្ទៃ ជាច្រើនឆ្នាំមកនេះ កងកម្លាំងនគរបាលជាតិ បានអភិវឌ្ឍខ្លួនឥតឈប់ឈរ និងបានសម្រេចស្នាដៃយ៉ាងច្រើនឥតឧបមា ដែលបង្ហាញពីតួនាទី ជាកម្លាំងស្នូលមិនអាចខ្វះបាន ជួយដល់រាជរដ្ឋាភិបាលក្នុងការតស៊ូលើសមរភូមិសន្តិសុខ ។
យោងតាមសារលិខិតជូនពរ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា បានគូស បញ្ជាក់ថា គិតមកដល់ពេលនេះ មានរយៈពេល ៨០ឆ្នាំហើយ ដែលវីរកងកម្លាំងនគរបាលជាតិកម្ពុជា បានចាប់បដិសន្ធិ និងបានវិវត្តន៍ឆ្លងកាត់វិញ្ញាសាជាច្រើន រួមទាំងឧបសគ្គ និងបញ្ហាប្រឈមប្រែប្រួលដ៏ស្មុគស្មាញ នៃរបត់សង្គម ហើយជាអកុសលក្នុងសម័យកាលខ្មៅងងឹត នៃរបបកម្ពុជាប្រជាធិបតេយ្យ ស្ថាប័ននគរបាលជាតិកម្ពុជា ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។
បន្ថែមលេីនេះ សម្តេចធិបតី បានថ្លែងថា ក្រោយថ្ងៃរំដោះ ០៧ មករា ឆ្នាំ១៩៧៩ កងកម្លាំងនគរបាលជាតិ ត្រូវបានរៀបចំបង្កើតឡើងវិញ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បន្ទាប់ពីប្រទេសជាតិ ត្រូវបានសង្គ្រោះផុតពីរបបប្រល័យពូជសាសន៍។
សម្តេចនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ក្រោមការដឹកនាំផ្ទាល់របស់ក្រសួងមហាផ្ទៃ ជាច្រើនឆ្នាំមកនេះ កងកម្លាំងនគរបាលជាតិបានអភិវឌ្ឍខ្លួនឥតឈប់ឈរ និងបានសម្រេចស្នាដៃយ៉ាងច្រើនឥតឧបមា ដែលបង្ហាញពីតួនាទី ជាកម្លាំងស្នូលមិនអាចខ្វះបាន ជួយដល់រាជរដ្ឋាភិបាល ក្នុងការតស៊ូលើសមរភូមិសន្តិសុខ ជាពិសេសការតស៊ូទប់ស្កាត់ ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ និងការការពារសន្តិសុខជាតិ ស្ថិរភាពសន្តិសុខផ្ទៃក្នុង ក៏ដូចជាសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម ក្នុងកាលៈទេសៈដ៏សែនលំបាក ដែលប្រទេសជាតិ ឆ្លងកាត់ភាពក្រីក្រ សង្គ្រាមស៊ីវិល ការផ្សះផ្សាបង្រួបបង្រួមជាតិ រហូតមកដល់ដំណាក់កាលសន្តិភាព។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្តេចធិបតី បានសម្តែងនូវការដឹងគុណ ចំពោះបងប្អូន កូនចៅ ក្រុមគ្រួសារ ញាតិសន្តាន នៃកងកម្លាំងនគរបាលជាតិ ដែលបានលះបង់ស្វាមី ភរិយា ឪពុក ម្តាយ សមាជិកគ្រួសារ ឱ្យចូលបម្រើក្នុងកងជួរ នគរបាលជាតិ ព្រមទាំងបានគាំទ្រ ជួយទំនុកបម្រុង លើកទឹកចិត្ត បង្កលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ដល់បេសកកម្មរបស់នគរបាលជាតិ តាំងពីដើមរៀងរហូតមក។ ទន្ទឹមនេះក៏សូមឧទ្ទិសនូវទឹកចិត្តកតញ្ញូកតវេទីជូន ចំពោះវិញ្ញាណក្ខន្ធថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ គ្រប់ជំនាន់ ដែលបានធ្វើ ពលិកម្មដ៏ឧត្តុង្គឧត្តម ដើម្បីប្តូរយកភាពសុខសាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិផងដែរ៕