វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៦ ឧសភា ២០២៥
MC៖ លោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅឆ្នាំ២០២៥នេះ ទិន្នផលស្រូវរដូវប្រាំងប្រមូលបានជាង៤លានតោនដើម្បីបំពេញតម្រូវការទីផ្សារ។
លោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង»នៃវិទ្យុជាតិកម្ពុជាឱ្យដឹងថា ការដាំដុះនារដូវប្រាំងឆ្នាំ២០២៥នេះមានការកើនឡើងលើសផែនការ ដែលធ្វើឱ្យមានការខ្វះខាតទឹកក្នុងការធ្វើស្រូវប្រាំង។
លោកបណ្ឌិត គង់ គា បានបន្ដថាការងារបង្កបង្កើនផលស្រូវរដូវប្រាំងនៅទូទាំងប្រទេស ក្នុងឆ្នាំ២០២៥នេះ បានបញ្ចប់ហើយ ដោយប្រជាសិករធ្វើស្រូវប្រាំងឆ្នាំនេះមានចំនួនជាង៧០ម៉ឺនហិកតា ទទួលបានទិន្នផលប្រមាណជាង៤លានតោន។
«លទ្ធផលការងារទាក់ទងនឹងផលិតកម្មស្រូវនៅរដូវប្រាំងគឺឆ្នាំ២០២៥នេះគឺរដូវប្រាំងគឺយើងបានផលិតដាំដុះស្រូវនៅលើផ្ទៃដីចំនួន ៩០៧៨៨៩ ហិកតា ដែលផ្ទៃដីនេះគឺមានការកើនឡើងខ្លាំងមែនទែនបើធៀបនឹងផែនការ បានន័យថាផែនការរបស់យើងមានតែខ្ទង់៦០ម៉ឺនហិកតាទេតែឥឡូវយើងឡើងដល់៩០ម៉ឺនហិកតាជាង។ នៅពេលដែលការដាំដុះកើនឡើងច្រើនធ្វើឱ្យផ្ទៃដីចំនួន៨៩៨៦រងការខូចខាតដោយសារការខ្វះខាតទឹក។ ដូច្នេះផ្ទៃដីដែលយើងប្រមូលផលមានប្រមាណ៩០ម៉ឺនហិកតា ដែលទិន្នផលស្រូវជាមធ្យមយើងទទួលបាន៤តោន៧រយគីឡូក្នុងមួយហិកតា ដូច្នេះយើងទទួលបានផលស្រូវប្រាំងជាង៤លានតោន»។
លោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានស្នើឱ្យប្រជាកសិករជួយពិនិត្យលើលទ្ធភាពនៃការផ្តល់ទឹកនឹងសូមប្រជាកសិករធ្វើការដាំដុះទៅតាមផែនការ ដើម្បីកុំឱ្យទទួលរងនូវការខ្វះខាតទឹកនៅពេលបង្កបង្កើនផល៕