វិទ្យុជាតិកម្ពុជា ឈួន សំអាត ១៦-៥-២០២៥
ភ្នំពេញ៖ ឯកឧត្តម អេង ចំរើន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំនួន ១៣រាជធានី\ខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ក្នុងកិច្ចប្រជុំខាងលើនេះ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា(ស.អ.យ) បានរាយការណ៍ពីវឌ្ឍនភាពការងាររបស់មន្ទីរសម្រេចបានកន្លងមក និងបានជម្រាបជូនពីផែនការសម្រាប់ការងារបន្ត ដើម្បីអនុវត្តឱ្យបានល្អ ឆ្លើយតបនឹងគោលការណ៍ណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី។
បន្ថែមពីនោះ កិច្ចប្រជុំក៏បានពិភាក្សា និងរកដំណោះស្រាយ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់មន្ទីរ ស.អ.យ. ទាំង១៣រាជធានី\ខេត្ត ធ្វើយ៉ាងណាឱ្យការអនុវត្តការងារប្រព្រឹត្តទៅដោយរលូននិងមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានផ្តល់នូវអនុសាសន៍ជាច្រើនពាក់ព័ន្ធទៅនឹងការងារសង្គមកិច្ចជូនដល់លោក លោកស្រី ជាប្រធានមន្ទីរ ស.អ.យ. ទាំង ១៣រាជធានី ខេត្ត ។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ការងារទាំងអស់នោះអាចសម្រេចទៅបានយ៉ាងល្អ ដរាបណាមានការប្តេជ្ញាចិត្តពីលោក លោកស្រីជាថ្នាក់ដឹកនាំ ក្នុងការពង្រឹង និងអនុវត្តកិច្ចការងារឱ្យល្អប្រសើរ៕