វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥
MC. កសិករ ឈូក ចំប៉ី បានលើកឡើងថា មុខរបរដាំដុះបន្លែចម្រុះលក់គ្រប់រដូវកាល ដែលអ្នកស្រីនិងស្វាមីបានពឹងអាស្រ័យអស់ជាង២០ឆ្នាំមកនេះ ក្រៅពីជួយផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃហើយ ក៏ជួយឱ្យកូន៣នាក់បានសិក្សារៀនសូត្រខ្ពង់ខ្ពស់ មានអនាគតល្អប្រសើរ។
អ្នកស្រីឈូក ចំប៉ី អាយុ៤៣ឆ្នាំ កសិករដាំបន្លែចម្រុះ រស់នៅភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប បានឱ្យដឹងថា តាំងពីធំដឹងក្តីមកអ្នកស្រីតែងបានឃើញនិងជួយការងារឪពុកម្តាយដាំដុះបន្លែសម្រាប់ហូបចុក និងលក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ក្រោយៗមកនៅពេលមានគ្រួសារ អ្នកស្រីចំប៉ី និងស្វាមីក៏ចាប់ផ្តើមប្រកបការងារដាំដុះនេះ ដោយមិនបានពឹងផ្អែកលើការងារអ្វីផ្សេងទៀតឡើយ។
អ្នកស្រីថា អស់រយៈពេលជាង២០ឆ្នាំ ក្នុងអាជីពជាអ្នកដាំដុះបន្លែ តាមទម្លាប់តែងជ្រើសរើសការដាំដុះបែបប្រពៃណី ដោយមិនសូវខ្វាយខ្វល់អំពីបច្ចេកទេសទំនើបឡើយ ប៉ុន្តែដោយសារទិន្នផលបានមកវិញកាន់តែទាបទៅៗ ទើបអ្នកស្រីសម្រេចចិត្តទទួលយកបច្ចេកដាំដុះថ្មីៗ ជាពិសេសការដាំដុះនៅក្នុងរោងសំណាញ់។ បច្ចុប្បន្ន អ្នកស្រីចំប៉ី មានរោងសំណាញ់មួយខ្នង ទំហំ១០គុណ២០ម៉ែត្រ សម្រាប់ដាំដុះបន្លែប្រភេទស្លឹកគ្រប់ប្រភេទ គ្រប់រដូវកាល ដើម្បីលក់ទៅកាន់ផ្សារចុងសប្តាហ៍ និងសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប។ អ្នកស្រីឈូក ចំប៉ី បញ្ជាក់ទៀតថា មុខរបរដាំដុះបន្លែមិនត្រឹមតែជួយផ្គត់ផ្គង់ជីវភាពគ្រួសារ បានប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំទេប៉ុន្តែរបរនេះក៏អាចជួយឱ្យកូនៗអ្នកស្រី អាចសិក្សារៀនសូត្របានខ្ពង់ខ្ពស់គ្រប់ៗគ្នា។
វារីកចម្រើនហើយបើថាមានរោង បើអត់មានរោងធ្វើម៉េចបានរីកទៅទៀត ព្រោះមានរោងនេះយើងអត់បានសម្រាក ដឹងតែដាំរហូតវិលជុំតែម្តង តែថាវាមិនសល់ រកវាដឹងតែបានហើយ ទប់សព្វតែមុខហ្នឹង បានម៉ាកូនរៀនចប់ថ្នាក់អស់ហើយ កូន៣នាក់ បានតែរបរលក់បន្លែនេះឯង បង្វិលបានកូនរៀន លក់ដូរ ធ្វើបុណ្យផង កូនរៀនផង ចាយផងទាំងអស់នេះ បើថាមានទៅណាទៀតវាអត់ទេ តែប៉ុណ្ណោះឯង បានផ្គត់ផ្គង់កូន។
បើតាមអ្នកស្រីឈូក ចំប៉ី បញ្ជាក់ថា៖ ការដាំដុះបន្លែក្នុងរោងសំណាញ់មានផលចំណេញច្រើន អាចរកចំណូលបានជាប្រចាំ ដូច្នេះអ្នកស្រីមានបំណងពង្រីកផ្ទៃដី ដោយគ្រោងធ្វើរោងសំណាញ់បន្ថែមនៅលើផ្ទៃដីដែលមានស្រាប់ ដើម្បីបង្កើនការដំាដុះបន្លែគ្រប់ប្រភេទផ្គត់ផ្គង់ទៅកាន់ទីផ្សារ៕