វិទ្យុជាតិកម្ពុជាលោកគឹមហឿនថ្ងៃទី ១៦ ឧសភាឆ្នាំ ២០២៥
ខេត្តស្ទឹងត្រែង៖ អភិបាល នៃ គណៈអភិបាលខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំពាក់ព័ន្ធបានគោរព វិញ្ញាណក្ខន្ធ និងជូនដំណើរអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត ធ្វើមាតុភូមិនិវត្តន៍នៅ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅមុខស្តូបមិត្តភាព កម្ពុជា វៀតណាម(ខេត្តស្ទឹងត្រែង) ដើម្បីរៀបចំបញ្ជូនអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ៩អដ្ឋិធាតុ
ដែលទើបបានរកឃើញបន្ថែមទៀតទៅប្រទេសវៀតណាម។
លោកស្រី កែវ សាវឿន អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការជំនាញរុករកអដ្ឋិធាតុខេត្តស្ទឹងត្រែង បានចុះហត្ថលេខា ជាមួយលោកស្រី ង្វៀន ធីថាញ់លីច អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការ ជំនាញរុករកអដ្ឋិធាតុខេត្ត យ៉ា ឡាយ លើ កំណត់ហេតុ ប្រគល់ទទួលអដ្ឋិធាតុចំនួន៩ អដ្ឋិធាតុ
ក្នុងរដូវប្រាំងឆ្នាំ២០២៤ – ២០២៥ ។
ថ្នាក់ដឹកនាំ កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សិស្សានុសិស្ស ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង បានចូលរួមក្នុងពិធីជូនដំណើរនេះ ជាមួយនឹងការថ្លែង របស់លោកស្រី កែវ សាវឿន ដែលមានខ្លឹមសារ អបអរសាទរ កោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់កម្លាំងភាគីខេត្ត យ៉ា ឡាយ (វៀត ណាម) ក្រុមការងារ K52 ជាមួយគណៈកម្មការជំនាញ និងកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ក្នុងការស្រាវជ្រាវរុករកជីកគាស់អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម សម្រេចបាន៩ អដ្ឋិធាតុ បន្ថែមទៀត។
គូសបញ្ជាក់ផងដែរថា៖គិតមកដល់បច្ចុប្បន្ននេះ អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្ត និងមន្រ្តីជំនាញការ វៀតណាម នៃខេត្តយ៉ា ឡាយ ដែលបានពលីនៅទឹកដីខេត្តស្ទឹងត្រែង មានចំនួន៤២៨អដ្ឋិធាតុ បានរកឃើញនិងគាស់ គិតចាប់ពីឆ្នាំ២០០២និងធ្វើមាតុភូមិនិវត្តន៍ ហើយក្រុមការងារK52 សហការជាមួយក្រុមការងារជំនាញខេត្តស្ទឹងត្រែង បានធ្វើពិធីជូនដំណើរចំនួន៩អដ្ឋិធាតុបន្ថែមទៀត នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ។
លោកស្រី កែវ សាវឿន បានបញ្ជាក់ថា៖ អដ្ឋិធាតុទាំង៩ នេះពិតជាភស្តុតាង និងបានបង្ហាញ ពីស្មារតីរបស់យើងទាំងអស់គ្នាបាន នឹកគិតទៅដល់ព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្ត ដែលបានកើតមានឡើងមកលើប្រជាជនកម្ពុជា ក្នុងអតីតកាលដ៏ខ្មៅងងឹត នៃរបបប្រល័យពូជសាសន៍ ប៉ុលពតដ៏ឃោឃៅ។
លោកស្រីបន្តថា ក្នុងបរិយាកាសដ៏មានអត្ថន័យ ក្នុងនាមប្រធានគណៈកម្មការជំនាញរុករកអដ្ឋិធាតុ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែងទាំងមូល ជាពិសេស គ្រប់អាជ្ញាធរដែនដី កម្លាំងប្រដាប់អាវុធ មន្រ្តីរាជការទាំងអស់ និងគណៈកម្មការរុករកអដ្ឋិធាតុខេត្ត នៅតែ បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការរុករក ជីកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងរដូវប្រាំង២០២៥ -២០២៦ ខាងមុខឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងទទួលបានលទ្ធផលថ្មីៗបន្ថែមទៀត។
លោកស្រី ង្វៀន ធីថាញ់លីច បាន សាទរ និងថ្លែង អំណរគុណដល់គណៈកម្មការជំនាញរុករកអដ្ឋិធាតុ ខេត្តស្ទឹងត្រែង ដែលមានកិច្ចសហការប្រតិបត្តិការល្អ ក្នុងការរកអដ្ឋិធាតុ នៃកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលី នៅកម្ពុជា ។
សូមបញ្ជាក់ថា៖ នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ គណៈកម្មការទាំង២ ក្រោមអធិបតីភាព ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីសូត្រមន្តបង្សុកូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានប្រព្រឹត្តទៅនៅមុខស្តូបមិត្តភាព កម្ពុជា វៀតណាម៕