វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ១៦ ៥ ២០២៥
ភ្នំពេញ ៖ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសអាយអេសអាយ (ISI SEZ) របស់ក្រុមហ៊ុន ហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេឡុបមិន ឯ.ក ដែលមានទីតាំងស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលនឹងផ្តល់ឱកាសការងារដល់ពលរដ្ឋប្រមាណជា៧ពាន់កន្លែង ។
ក្រុមហ៊ុនហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេឡុបមិន ឯ.ក បានទទួលការអនុញ្ញាតវិនិយោគពីរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសISI នៅលើផ្ទៃដីសរុបប្រមាណ២០៦ហិកតា។ គម្រោងនេះ មានទុនវិនិយោគសរុបប្រមាណជាង៥០លានដុល្លារ ដែលត្រូវបានរំពឹងថា នឹងផ្តល់ឱកាសការងាររហូតដល់៧.០០០កន្លែងបន្ថែមទៀត។
ក្នុងឱកាស លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាសាធារណៈថ្នាក់ខេត្ត ស្តីពីលទ្ធផលបឋមនៃការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញលើ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសអាយអេសអាយរបស់ក្រុមហ៊ុនហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេឡុបមិន ឯ.ក ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ លោកអភិបាលរងបានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ផ្តល់ការសម្របសម្រួលនានាដើម្បីជួយសម្រួលដល់ការអភិវឌ្ឍគម្រោង។
ដោយឡែក ក្រុមហ៊ុនប្រឹក្សាយោបល់ត្រូវប្រមូលយកមតិយោបល់ ជាធាតុចូលដ៏មានសារៈសំខាន់ ដែលបានលើកឡើងដោយមន្ទីរ-អង្គភាពជំនាញ ដាក់ចូលក្នុងរបាយការណ៍ឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងគ្រប់វិស័យ។ ស្របគ្នានេះ ក្រុមហ៊ុនត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ចំពោះរាល់កិច្ចការងារការពារបរិស្ថាន ធនធានធម្មជាតិដែលជាទ្រព្យសម្បត្តិរដ្ឋ និងជាពិសេសកិច្ចការដែលពាក់ព័ន្ធនឹងសុខភាពសាធារណៈ រួមទាំងកាយសម្បទារបស់បុគ្គលិក និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រុមហ៊ុនក៏ត្រូវពិនិត្យលទ្ធភាពប្រើប្រាស់ប្រភពស្អាត ពោលគឺថាមពលបៃតង ឬ ថាមពលដែលអាចកកើតឡើងវិញផងដែរ៕