វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ លោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូនេស៊ីបានប្រកាសថា ប្រទេសនេះនឹងបើកការនាំចេញអង្ករទៅកាន់ប្រទេសដែលមានតម្រូវការ ដោយសារស្តុកក្នុងស្រុកនៅតែមានច្រើនក្នុងរយៈពេល ៤ ខែកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ សេចក្តីថ្លែងការណ៍របស់លោកបានធ្វើឡើងដើម្បីឆ្លើយតបនឹងរបាយការណ៍ដែលមានប្រទេសមួយចំនួន រួមទាំងម៉ាឡេស៊ីផងដែរកំពុងស្វែងរកការនាំចូលអង្ករពីប្រទេសឥណ្ឌូនេស៊ី។ ទោះបីជាលោកមិនបានបញ្ជាក់ទិសដៅនាំចេញក៏ដោយ លោក Prabowo បានកត់សម្គាល់ថា អង្ករដែលនាំចេញមិនគួរមានតម្លៃខ្ពស់ពេកនោះទេ។ "ដោយហេតុផលមនុស្សធម៌ យើងមិនគួរស្វែងរកប្រាក់ចំណេញច្រើនពេកទេ។ រឿងសំខាន់គឺគ្របដណ្តប់លើការផលិត ការដឹកជញ្ជូន និងថ្លៃរដ្ឋបាល។ យើងចង់បង្ហាញថាឥណ្ឌូនេស៊ីឥឡូវនេះជាប្រទេសដែលមានសមត្ថភាពជួយ និងផ្តល់ដល់អ្នកដទៃ"។ គួរបញ្ជាក់ថា បើយោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្មបានឱ្យដឹងថា ស្តុកអង្ករក្នុងស្រុករបស់ឥណ្ឌូនេស៊ីបានឈានដល់ ៣ លានតោន ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២ ទសវត្សរ៍៕