វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៦ ឧសភា ២០២៥
MC៖ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការធ្វើជំរឿនមន្ត្រីរាជការស៉ីវិល នៃក្រសួងព័ត៌មាន ដើម្បីឱ្យបំពេញការងារឱ្យត្រូវជំនាញច្បាស់លាស់ និងអាចធ្វើការវាយតម្លៃបានពីគុណភាពធនធានមនុស្សនៅក្នុងវិស័យព័ត៌មានប្រកបដោយគុណភាព លើការងារសមរភូមិសតិអារម្មណ៍។ ការបញ្ជាក់បែបនេះរបស់ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា នៅក្នុងឱកាសអញ្ជើញធ្វើជំរឿនមន្ត្រីរាជការ សុីវិលនៃក្រសួងព័ត៌មាន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាការធ្វើជំរឿនមន្ត្រីរាជការស៉ីវិល នៃក្រសួងព័ត៌មាន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រងទិន្នន័យ ស្ថានភាពមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាឱ្យបានច្បាស់លាស់ ជាពិសេសដើម្បីឱ្យបានសម្រេចជោគជ័យ និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះការចុះធ្វើជំរឿននេះ ដើម្បីអាចពង្រាយមន្ត្រីបំពេញការងារឱ្យត្រូវជំនាញច្បាស់លាស់ និងអាចធ្វើការវាយតម្លៃបានពីគុណភាពធនធានមនុស្សនៅក្នុងវិស័យព័ត៌មានប្រកបដោយគុណភាព លើការងារសមរភូមិសតិអារម្មណ៍។ ឯកឧត្តម បានបញ្ជាក់ដែរថា តាមរយៈការធ្វើជំរឿនមន្ត្រីនេះ គឺពិតជាមានសារៈសំខាន់ក្នុងការជួយពង្រឹងសមត្ថភាពដល់មន្រ្តីរាជការផ្នែកកិច្ចការព័ត៌មាន សរសេរព័ត៌មាន មានគុណភាព ប្រសិទ្ធភាព រហ័ស ផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ និងការងារគ្រប់គ្រងព័ត៌មានជាដើម។
ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ដើម្បីអនុវត្តន៍តាមគោលការណ៍សំខាន់ៗដែលប្រមុខរាជ រដ្ឋាភិបាលបានដាក់ចុះកន្លងមកនេះ ក្រសួងព័ត័មាន បានធ្វើការពិនិត្យឡើងវិញការវិភាគមុខងារ និងរចនាសម្ពន្ធ័អនុវត្តន៍ដោយក្រសួង ស្ថាប័នសាមុី ដោយផ្អែកលើគោលការណ៍ទូទៅដើម្បីធានាបាននូវការ សម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។ ឯកឧត្តម បានឱ្យដឹងថា ចំនួនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាក្រសួងព័ត៌មាន សរុបចំនួន ២ ៧៦៩រូប ក្នុងនោះស្រ្តី ១ ០០២រូប ហើយអ្វីដែលក្រសួងព័ត៌មានត្រូវធ្វើនៅក្នុងអាណត្តិទី៧នេះ គឺការពង្រឹងស្ថាប័ន ការពង្រឹងសមត្ថភាពមន្រ្តី និងការលើកទឹកចិត្ត គឺជាចំណុចសំខាន់នៃដំណើរការកែទម្រង់រដ្ឋបាលសាធារណៈ។ ដើម្បីសម្រេចចក្ខុវិស័យនេះ ក្រសួងព័ត៌មាន បានដាក់ចុះនូវការដ្ឋានជាច្រើនក្នុងការបន្តកំណែទម្រង់ស៊ីជម្រៅ ដោយផ្តោតលើការធ្វើទំនើបកម្មស្ថាប័ននិងរដ្ឋបាលទំនើប ពង្រឹងប្រសិទ្ធភាពស្ថាប័ននិងគុណភាពការងារ ការអភិវឌ្ឍមូលដ្ឋានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ការពង្រឹងការអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការជាមួយដៃគូ និងកិច្ចគាំពារមន្ត្រីដោយប្រកាន់គោលការណ៍គុណាធិបតេយ្យ និងមានសមត្ថភាពត្រូវផ្ដល់ការលើកទឹកចិត្ត៕