វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៦ ឧសភា ២០២៥
MC៖ ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថា ក្រសួងព័ត៌មាន នៅតែបន្ដការលើកចិត្តទឹកដល់លោក ទីវ តារារិទ្ធិ ដែលជាអ្នកផ្សងព្រេងដំបូងគេ និងជាអ្នកជិះកង់ដំបូងគេចេញពីប្រទេសកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា និងជាពិសេសជួយគាំទ្រលើការបោះពុម្ពសៀវភៅទាក់ទងនឹងសកម្មភាពជិះកង់ឆ្លងកាត់៣ទ្វីប។ ការបញ្ជាក់បែបនេះរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយវឌ្ឍនភាពបេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នាសាលសាវនាការវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា លោក ទីវ តារារិទ្ធិ ដែលជាអ្នកផ្សងព្រេងដំបូងគេ និងជាអ្នកជិះកង់ដំបូងគេចេញពីប្រទេសកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។ ឯកឧត្តម នេត្រ ភក្ត្រា បានផ្តល់ ការលើកចិត្តឱ្យលោកទីវ តារារិទ្ធិ បន្តបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួនបន្ថែមទៀត នៅក្នុងស្មារតី និងបុព្វហេតុជួយសង្គ្រោះកុមារកម្ពុជា ដែលមកទទួលការព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។ លើសពីនេះ ឯកឧត្តមបានបញ្ជាក់ថា ផ្ដល់ការគាំចំពោះការបោះពុម្ពសៀវភៅ អមដោយរូបភាពទាក់ទងនឹងសកម្មភាព រូបភាពក្នុងដំណើរបេសកកម្មមនុស្សធម៌ជិះកង់ឆ្ពោះទៅទ្វីបអឺរ៉ុបដើម្បីរៃអង្គាសថវិកា ២៥ម៉ឺនដុល្លារជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។
នៅក្នុងឱកាសនេះដែរ លោក ទីវ តារារិទ្ធិ បានឱ្យដឹងថា បេសកកម្មរបស់លោកបានប្រព្រឹត្ដិទៅអស់រយៈពេល ១១ខែ គឺលោកបានធ្វើដំណើរចេញពីខេត្តសៀមរាប ប្រទេសកម្ពុជា ដោយឆ្លងកាត់ជាង១៥ ប្រទេស លើតម្រាយផ្លូវជាង ២ម៉ឺនគីឡូម៉ែត្រ និងបានជួបឧបសគ្គជាច្រើន នៅលើផ្លូវបេសកកម្មដ៏សែនវែងឆ្ងាយមួយនេះ។ ក៏ប៉ុន្តែ ទាំងនេះវាមិនបានក្លាយជារនាំងបិទផ្លូវដល់ដំណើរកៀងគរថវិកាពីសប្បុរសជននានា ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជានោះទេ៕