បទយកការណ៍៖ កសិករក្នុងសហគមន៍កសិកម្មកសិកររីកចម្រើនក្របីរៀល បានផ្លាស់ប្តូរទម្លាប់ពីការដាំដុះបន្លែបែបប្រពៃណីមកបែបទំនើប

Chuon Bona | ថ្ងៃទី 18 ខែ ឧសភា ឆ្នាំ 2025

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ធៀង ស្រីមុំ

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!

វិស័យកសិកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍជនបទ ជាពិសេសបានចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ជាក់ស្តែង ប្រជាពលរដ្ឋរស់នៅសង្កាត់ក្របីរៀល ដែលមានចម្ងាយប្រមាណ១០គីឡូម៉ែត្រពីក្រុងសៀមរាបនោះ ភាគច្រើនប្រកបរបរកសិកម្មដែលជាមុខរបរពីដូនតាមក និងផលិតរបស់របរប្រើប្រាស់ផ្សេងៗធ្វើអំពីផ្តៅ និងរំពាក់ សម្រាប់លក់ទៅកាន់ទីផ្សារ។ប្រជាសហគមន៍នៅទីនោះ មមាញឹកទាំងរដូវប្រាំងនិង វស្សា ក្នុងការងារដាំដុះដំណាំបន្លែចម្រុះ លើផ្ទៃដីជុំវិញផ្ទះ ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារ។ ជាបន្តបន្ទាប់កសិករក្នុងមូលដ្ឋាននេះ បានកែប្រែទម្លាប់ពីការដាំដុះជាលក្ខណៈបែបប្រពៃណី មកជាកសិកម្មបែបទំនើប ដោយពិនិត្យឃើញថា៖មានផលប្រយោជន៍ច្រើន។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!

កាលដើមឡើយប្រជាកសិករនៅក្នុងសង្កាត់ក្របីរៀល ភាគច្រើនដាំដុះដំណាំបន្លែសម្រាប់តែផ្គត់ផ្គង់ក្នុងក្រុមគ្រួសារខ្លួនឯងតែប៉ុណ្ណោះ ហើយក៏នៅមានកង្វះខាតចំណេះដឹងផ្នែកទីផ្សារ ដើម្បីលក់ចេញនូវផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារខាងក្រៅ។ ប៉ុន្តែនាពេលបច្ចុប្បន្នដោយសារ មានមន្ត្រីជំនាញ និងអង្គការដៃគូ បានចុះផ្តល់នូវជំនាញផ្នែកកសិកម្ម និង បានជួយស្វែករកទីផ្សារ ធ្វើឱ្យកសិករនៅមូលដ្ឋាននេះកាន់តែមានទំនុកចិត្តក្នុងផលិត។

កំពុងសម្អាតស្មៅនៅតាមរងបន្លែបណ្តើរ ឆ្លៀតជជែកជាមួយអ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាផង អ្នកមីងឈង ចំប៉ា មានអាយុ៣០ឆ្នាំ កសិករដាំបន្លែចម្រុះ រស់នៅភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប បានឱ្យដឹងថា៖ ដោយកើតក្នុងគ្រួសារកសិករ តាំងពីធំដឹងក្តីមក អ្នកមីងបានជួយឪពុកម្តាយ ក្នុងការងារដំាដុះដំណាំរួមផ្សំគ្រប់ប្រភេទ រហូតពេលមានគ្រួសារក៏បន្តការដាំដុះដំណាំបន្លែនេះមកដល់សព្វថ្ងៃ។អ្នកមីងថា៖ កាលដើមឡើយកសិករក្នុងសហគមន៍ រួមទាំងអ្នកមីងផង មិនបានយល់ដឹងអំពីបច្ចេកទេស ក្នុងការដាំដុះដំណាំកសិកម្មឡើយ ចេះតែដាំដុះដោយប្រើប្រាស់ជីនិងថ្នាំកសិកម្មតាមតែចិត្តនឹកឃើញប៉ុណ្ណោះ។ តែក្រោយៗមកមន្ទីរកសិកម្មខេត្ត និងអង្គការដៃគូនានា បានចុះមកជួយបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ជាពិសេសការប្រើប្រាស់ជី ថ្នាំកសិកម្ម និងការដាំដុះបន្លែសុវត្ថិភាព រហូតអ្នកមីងបានបើកចិត្តទទួលយកបច្ចេកទេសដាំដុះ បន្លែសុវត្ថិភាពវិញ។

សំឡេងទី១« ខុសគ្នាឆ្ងាយពីមុនមកដែលអត់ទាន់មានគ្រូឬខាងអង្គការគាត់ចុះមកណែនាំយើងប្រើថ្នាំអត់ដឹងកម្រិតទេ យើងដឹងតែមានសត្វល្អិតចូលយើងបាញ់ថ្នាំហើយដកលក់ទៅតាមទីផ្សារយើងអត់បានកម្រិតថា ថ្ងៃណាត្រូវដក ឬថ្ងៃណាមិនត្រូវដក ដល់ពេលឥឡូវយើង យល់ដឹងកាន់តែច្រើន ទី១.យើង យល់ត្រង់យើងដាំបន្លែចម្រុះមុខ។ ទី២.រឿងសត្វល្អិតមកស៊ីលើដំណាំយើង យើងស្គាល់ពីប្រភេទថ្នាំថាសត្វនេះយើងត្រូវប្រើថ្នាំណា ហើយថ្នាំមួយៗគាត់មានកំណត់ថ្ងៃឱ្យយើងដែរចាប់ពី៧ទៅ១០ថ្ងៃទើបយើងអាចប្រមូលផលឱ្យខាងទីផ្សារគាត់មកទិញយើងបាន»។

អ្នកមីងបន្តថា៖ បច្ចុប្បន្នអ្នកមីងកំពុងដាំដុះបន្លែប្រភេទស្លឹកគ្រប់ប្រភេទ និងបន្លែហូបផ្លែមានដូចជា៖ ម្ទេស ប៉េងប៉ោះ និងត្រប់ ព្រមទាំងសាលាដអឺរ៉ុប នៅក្នុងរោងសំណាញ់ចំនួនពីរខ្នង មានទំហំ២០គុណ៤០ម៉ែត្រ។អ្នកមីងបន្តថា៖ ក្រោយពេលកែប្រែទម្លាប់មកដាំដុះបន្លែសុវត្ថិភាព អ្នកទទួលទានក៏មានទំនុកចិត្ត ជាពិសេសក្រោយពេលអង្គការ និងសមាគមបានចុះមកពិនិត្យដល់ទីតាំងផ្ទាល់ បន្លែទាំងអស់ ដែលអ្នកមីងនិងបងប្អូនដាំដុះបាន ក៏មានឈ្មួញកណ្តាលចុះមកទិញដល់ទីកន្លែងផ្ទាល់  និងបានផ្គត់ផ្គង់ទៅសហគមន៍អ្នកដាំបន្លែសុវត្ថិភាពសៀមរាប ដើម្បីនាំបន្លែទាំងនោះ ទៅកាន់ផ្សារទំនើបនានាទូទាំងខេត្ត ថែមទាំងមានតម្លៃទីផ្សារល្អ ជាងបន្លែធម្មតា។

សំឡេងទី២«ទីផ្សារមានឈ្មួញកណ្តាលមកទិញនៅកន្លែងខ្ញុំផ្ទាល់ មួយទៀតមានខាងសហគមន៍អ្នកដាំបន្លែសុវត្ថិភាពសៀមរាបគាត់ចុះមកទិញដល់កន្លែងខ្ញុំផ្ទាល់ មានពីរកន្លែង។ បើរាប់ជាថ្ងៃមិនអាចបានលក់រាល់ថ្ងៃទេ ៤ទៅ៥ថ្ងៃអីបាន បានលក់ម្តង ដោយសារយើងដាំយូរ តែអ្នកដកលឿន ធម្មតាអ្នកដាំមួយខែឬ២៥ថ្ងៃបានយើងដក តែឈ្មួញអ្នកដកតែ២ថ្ងៃអស់ហើយ។ ខ្លួនខ្ញុំផ្ទាល់ក៏ខ្ញុំហូបបន្លែខ្លួនខ្ញុំដែរ ខ្ញុំអត់សូវពិបាកទិញទេ ដោយសារបន្លែខ្ញុំមានហើយ បើខ្ញុំអត់មានបងស្រីខ្ញុំមាន ព្រោះអីពួកខ្ញុំ៣នាក់បងប្អូននេះ អត់បានទៅណាទេ គឺដាំតែបន្លែវិលជុំមួយឆ្នាំទៅមួយឆ្នាំ ខួបប្រាំង ខួបវស្សា»។

កសិករ ឈង ចំប៉ា បានបន្ថែមទៀតថា៖ មុខរបរដាំបន្លែលក់បានធ្វើឱ្យជីវភាពគ្រួសារអ្នកមីងបានល្អប្រសើរពីរមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់ពីការទទួលបច្ចេកទេសថ្មីៗ ការដាំបន្លែក្នុងរោងសំណាញ់ អាចដាំបានខួបប្រាំងខួបវស្សា។ ដោយ ក្នុងមួយខែប្រាក់ចំណេញ ដែលរកបានពីរបរលក់បន្លែ ជាមធ្យមមួយលានរៀល។

ចំណែកបងស្រី ឈូក ចំប៉ី អាយុ៤៣ឆ្នាំ កសិករដាំបន្លែចម្រុះ នៅសង្កាត់ក្របីរៀល

ក្រុងសៀមរាបដែរនោះ បានឱ្យដឹងថា៖ តាំងពីធំដឹងក្តីមកបងស្រីតែងបានឃើញនិងជួយការងារឪពុកម្តាយដាំដុះបន្លែសម្រាប់ហូបចុក និងលក់ផ្គត់ផ្គងជីវភាពគ្រួសារ។ ក្រោយៗមកនៅពេលមានគ្រួសារ បងស្រីចំប៉ី និងស្វាមីក៏ចាប់ផ្តើមប្រកបការងារដាំដុះនេះ ដោយមិនបានពឹងផ្អែកលើការងារអ្វីផ្សេងទៀតឡើយ។ បងស្រីថា៖ អស់រយៈពេលជាង២០ឆ្នាំ ក្នុងអាជីពជាអ្នកដាំដុះបន្លែ តាមទម្លាប់តែងជ្រើសរើសការដាំដុះបែបប្រពៃណី ដោយមិនសូវខ្វាយខ្វល់អំពីបច្ចេកទេស ទំនើបឡើយ ប៉ុន្តែដោយសារទិន្នផលបានមកវិញកាន់តែទាបទៅៗ ទើបបងស្រីសម្រេចចិត្តទទួលយក បច្ចេកដាំដុះថ្មីៗ ជាពិសេសការដាំដុះនៅក្នុងរោងសំណាញ់។ បច្ចុប្បន្ន បងស្រីចំប៉ី មានរោងសំណាញ់មួយខ្នង ទំហំ១០គុណ២០ម៉ែត្រ សម្រាប់ដាំដុះបន្លែប្រភេទស្លឹកគ្រប់ប្រភេទ គ្រប់រដូវកាល ដើម្បីលក់ទៅកាន់ផ្សារចុងសប្តាហ៍ និងសហគមន៍អ្នកដាំបន្លែសុវត្ថិភាពសៀមរាប។ របរដាំដុះបន្លែមើលទៅហាក់គ្មានពេលទំនេរ និងមិនបានស្លៀកពាក់ស្អាតដូចគេឯងទូទៅ ប៉ុន្តែបងស្រីចំប៉ីថា៖ មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ក្រុមគ្រួសារបងស្រី ព្រោះថា៖ មិនត្រឹមតែជួយផ្គត់ផ្គង់ជីវភាពគ្រួសារ បានប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំឡើយ ប៉ុន្តែរបរនេះក៏ជួយឱ្យកូនៗបងស្រី អាចសិក្សារៀនសូត្របានខ្ពង់ខ្ពស់គ្រប់ៗគ្នា។

សំឡេងទី៣« វារីកចម្រើនហើយបើថាមានរោង បើអត់មានរោងធ្វើម៉េចបានរីកទៅទៀត ព្រោះមានរោងនេះយើងអត់បានសម្រាក ដឹងតែដាំរហូតវិលជុំតែម្តង តែថាវាមិនសល់ រកវាដឹងតែបានហើយ ទប់សព្វតែមុខហ្នឹង បានម៉ាកូនរៀនចប់ថ្នាក់អស់ហើយ កូន៣នាក់ នៅមួយនៅកូនពៅមួយទើបរៀនថ្នាក់ទី៩។ បានតែរបរលក់បន្លែនេះឯង បង្វិលបានកូនរៀន លក់ដូរ ធ្វើបុណ្យផង កូនរៀនផង ចាយផងទាំងអស់នេះ បើថាមានទៅណាទៀតវាអត់ទេ តែប៉ុណ្ណោះឯង បានផ្គត់ផ្គង់កូន»។

បងស្រីឈូក ចំប៉ី បញ្ជាក់ថា៖ ការដាំដុះបន្លែក្នុងរោងសំណាញ់មានផលចំណេញច្រើន អាចរកចំណូលបានជាប្រចាំ ដូច្នេះបងស្រីមានបំណងពង្រីកផ្ទៃដី ដោយគ្រោងធ្វើរោងសំណាញ់បន្ថែមនៅលើផ្ទៃដីដែលមានស្រាប់ ដើម្បីបង្កើនការដំាដុះបន្លែគ្រប់ប្រភេទផ្គត់ផ្គង់ទៅកាន់ទីផ្សារ។

ជួបជាមួយលោក ផុន ផល្លា ប្រធានសហគមន៍ កសិកររីកចម្រើនក្របីរៀល មានទីតាំងក្នុងភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាបបានលើកឡើងថា៖ សហគមន៍នេះទើបតែបានបង្កើតឡើង និងទទួលស្គាល់ពីមន្ទីរកសិកម្មខេត្ត នាពាក់កណ្តាលឆ្នាំ២០២៤មកប៉ុណ្ណោះ ដើម្បីប្រមូលផ្តុំអ្នកដាំបន្លែទាំងអស់ មកជួបជុំគ្នា រកទីផ្សារសម្រាប់ពួកគាត់។ លោកថា៖ ភាគច្រើននៃប្រជាពលរដ្ឋរស់នៅមូលដ្ឋាននេះ មានជីវភាពល្អប្រសើរដោយសារពឹងអាស្រ័យលើការងារកសិកម្ម។ ជាមួយគ្នានេះ សហគមន៍កំពុងកៀរគររកសមាជិកថ្មីបន្ថែម ដើម្បីចូលរួមអភិវឌ្ឃន៍សហគមន៍។ ដោយបច្ចុប្បន្នសមាជិកក្នុងសហគមន៍មានចំនួន៨៥នាក់ ក្នុងនោះស្រីចំនួន៦៤នាក់។ សមាជិកសហគមន៍កំពុងមមាញឹកក្នុងការងារដាំដុះដំណាំបន្លែប្រភេទស្លឹក និងបន្លែហូបផ្លែជាច្រើនមុខលក់ទៅកាន់ទីផ្សារ។ ដោយសារដើមឡើយ គឺជាបណ្តុំអាជីវកម្មស្រាប់ផង ដូច្នេះកសិករនៅក្នុងសហគមន៍លោក ពិតជាមានបទពិសោធន៍ និងទទួលបានចំណេះដឹងអំពីបច្ចេកទេសកសិកម្មច្រើនមកហើយ ប៉ុន្តែផលប្រយោជន៍នៅតែទទួលបានច្រើនពីការចូលរួមជាសមាជិកសហគមន៍។

សំឡេងទី៤« បន្លែដែលផលិតចេញពីសហគមន៍ជាបន្លែសុវត្ថិភាព មិនប្រើគីមីលើសកម្រិត និងថ្នាំពុលលើសកម្រិតដែរ មានប្រព័ន្ធការពារសត្វល្អិត និងការបាញ់ថ្នាំអីទៅតាមបច្ចេកទេសទាំងអស់។ ដោយសារក្នុងសមាជិកយើងមានការបណ្តុះបណ្តាលច្រើនមកហើយ ដោយសារយើងមានគ្រូបង្គោលនៅតាមភូមិ គាត់បានទៅរៀនបច្ចេកទេសដាំដុះ និងការប្រើប្រាស់ថ្នាំពុលនោះ ហើយគាត់មកបង្រៀនបន្តដល់កសិករ។ ក្នុងនាមសហគមន៍ ក្នុងនាមគណៈកម្មការយើងក៏ទៅរៀនបន្ថែមនូវបច្ចេកទេសនានាដើម្បីយកមកផ្សព្វផ្សាយបន្តដល់សមាជិកសហគមន៍យើង ដើម្បីដាំបន្លែទៅមានសក្តានុពល មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ ផល ប្រយោជន៍របស់សមាជិកទទួលបានពីសហគមន៍ គឺរកទីផ្សារ និងការទិញសម្ភារៈកសិកម្ម និងជីគីមីក្នុងតម្លៃសមរម្យ»។

ក្នុងនាមជាប្រធានសហគមន៍ ថ្វីត្បិតទើបតែបង្កើតឡើងជាសហគមន៍ លោក ផុន ផល្លា ប្តេជ្ញាដឹកនាំសហគមន៍មួយនេះឱ្យរីកចម្រើន ជាពិសេសវិសាលភាពនៃការដាំដុះ និងផ្គត់ផ្គង់បន្លែប្រកបដោយសុវត្ថិភាពទៅកាន់ទីផ្សារ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ឱ្យកាន់តែប្រសើរឡើង។

លោកអ្នកនាងជាទីមេត្រី!

ការកែប្រែទម្លាប់ដាំដុះដំណាំកសិកម្ម ពីបែបប្រពៃណីមកបែបទំនើបរបស់កសិករភាគច្រើននៅទូទាំងប្រទេស ដោយសារការខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូនានា ក្នុងការជួយបណ្តុះបណ្តាល ផ្សព្វផ្សាយអំពីបច្ចេកទេសកសិកម្មទំនើប គឺស្របនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា ឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព បង្កើនប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមអភិក្រមនិងវិសាលភាពថ្មី ដើម្បីប្រែក្លាយវិស័យនេះ ពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបវិបុលកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើធនធានដែលមានស្រាប់ (ធនធានដី និងធនធានធម្មជាតិផ្សេងៗទៀត) ឈានទៅរកដំណាក់កាលថ្មី ដែលផ្តោតលើប្រពលវប្បកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី កសិកម្មវៃឆ្លាត ការស្រាវជ្រាវ និងការអភិវឌ្ឍយន្តូបនីយកម្ម ព្រមទាំងការ

បង្កើនសមត្ថភាពស្រោចស្រព ដើម្បីលើកកម្ពស់ផលិតភាព ពិពិធកម្មដំណាំដែលមានសក្តានុពល និងទីផ្សារ រួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្មជាលក្ខណៈពាណិជ្ជកម្ម។

ជាមួយគ្នានេះ សហគមន៍កសិកម្មកំពុងក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ ដែលនាំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសង្គមជនបទកម្ពុជា ជាពិសេសទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅមូលដ្ឋាន និងបរិស្ថានល្អ។ ជាការកត់សម្គាល់ កសិករបានចងក្រងគ្នាបង្កើតជាសហគមន៍អភិវឌ្ឍន៍កសិកម្ម ផលិតបន្លែសរីរាង្គ ហើយធ្វើការសម្អាតរួចវេចខ្ចប់ ដើម្បីផ្គត់ផ្គង់ទៅកាន់ផ្សារទំនើបនានា។ នេះបង្ហាញឱ្យឃើញថា កសិករបាននិងកំពុងប្រែក្លាយខ្លួនចេញពីកសិករ ទៅជាកសិពាណិជ្ជករ ដើម្បីទទួលបានតម្លៃបន្ថែមក្នុងជីវភាពរស់នៅរបស់ខ្លួន៕