វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៩ ០៥ ២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជា ពិតជាបានកែប្រែពីប្រទេស ដែលខ្ទេចខ្ទាំដោយសារសង្គ្រាម ទៅជាសង្គមសម័យទំនើប ដោយផ្តល់ជាគំរូក្នុងការស្ថាបនាសន្តិភាព ការបញ្ចៀសជម្លោះ ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសខួបលើកទី៨ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ។
យោងតាមសាលិខិតរបស់សម្តេចធិបតី បានបញ្ជាក់ថា ថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការ ដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭក ដល់ជនរងគ្រោះនឹងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
ក្នុងសាលិខិតរបស់សម្តេចធិបតី បានគូសបញ្ជាក់ថា ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុងគោលបំណង លើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្ត និងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និង លើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី។ «ទិវាជាតិនៃការចងចាំ» នេះ ត្រូវបានទទួលស្គាល់ដោយអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ដែលជាគម្រោងសំណងមួយ ក្នុងចំណោមគម្រោងសំណង២៦ ដែលទទួលស្គាល់ជាផ្លូវការ និងជាអចិន្ត្រៃយ៍ចំពោះការឈឺចាប់ របស់ដើមបណ្តឹងរដ្ឋប្បវេណី និងលើកកម្ពស់ការចងចាំ នូវឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត ក្នុងអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ។
ក្នុងនោះសម្តេចធិបតី សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមិនត្រឹមតែជាបិតាសន្តិភាព ស្ថាបនិកនៃនយោបាយ ឈ្នះ ឈ្នះ និងបានបញ្ចប់កម្លាំងយោធានយោបាយ រចនាសម្ព័ន្ធខ្មែរក្រហមទាំងស្រុងប៉ុណ្ណោះនោះទេ គឺសម្តេចតេជោ ក៏បានផ្តួចផ្តើមចរចានាំឱ្យមាន ការបង្កើតតុលាការជាតិ ដោយមានការចូលរួមពី អង្គការសហប្រជាជាតិ ដែលមានឈ្មោះថា «អង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា» ដើម្បីជំនុំជម្រះក្តីលើអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត នៃរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដើម្បីនាំយកការពិត និងយុត្តិធម៌ជូនជនរងគ្រោះទាំងអស់ នៃរបបនេះទៀតផង។
បន្ថែមលើនេះ សម្តេចធិបតី គូសបញ្ជាក់បន្ថែមថា សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់គាំទ្រ ដល់រាល់ដំណើរការទាំងឡាយ របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ចាប់តាំងពីគំនិតផ្តួចផ្តើម បង្កើតនិងគាំទ្រទាំងផ្នែកថវិកា និងសម្ភារ រហូតបានបញ្ចប់ទាំងស្រុង នូវដំណើរការកាត់សេចក្តីដោយរលូន និងមានការទទួលស្គាល់ជាអន្តរជាតិ ក្នុងបុព្វហេតុនៃការចងចាំប្រវត្តិសាស្ត្រ ក៏ដូចជាការពង្រឹង និងថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ និងការអភិវឌ្ឍសង្គមកម្ពុជា ឱ្យបានរឹងមាំ ស្ថិតស្ថេរជាយូរអង្វែង។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឆ្លងតាមលទ្ធផល នៃការបញ្ចប់ដំណើរការតុលាការ នៅអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ព្រះរាជាណាចក្រកម្ពុជា ពិតជាបានកែប្រែពីប្រទេស ដែលខ្ទេចខ្ទាំដោយសារសង្គ្រាម ទៅជាសង្គមសម័យទំនើប ដោយផ្តល់ជាគំរូ ក្នុងការស្ថាបនាសន្តិភាព ការបញ្ចៀសជម្លោះ និងការបង្កើតឱ្យមានដំណើរការទទួលខុសត្រូវ ចំពោះ អំពើសាហាវឃោរឃៅ ដែលបានប្រព្រឹត្ត និងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ នឹងត្រូវចារទុកនៅក្នុងប្រវត្តិសាស្ត្រ កម្ពុជាក្នុងសម័យទំនើប៖ សន្តិភាព តាមរយៈយុត្តិធម៌ និងយុត្តិធម៌តាមរយៈសន្តិភាព៕