វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៩ ៥ ២៥
អន្តរជាតិ៖ កាលពីថ្ងៃអាទិត្យមន្ត្រីសុខាភិបាលបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលក្នុងមួយយប់បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ១៣០នាក់នៅទូទាំងតំបន់ហ្គាហ្សា ខណៈដែលកិច្ចពិភាក្សាស្តីពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ មិនមានសញ្ញានៃការរីកចម្រើនឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ អ្នកនាំពាក្យក្រសួងសុខាភិបាលហ្គាហ្សាក៏បានរាយការណ៍ដែរថា ត្រឹមរយៈពេលមួយសប្តាហ៏នេះ ប្រជាជនប៉ាឡេស្ទីនយ៉ាងតិច ៤៦៤នាក់ត្រូវបានសម្លាប់ ដោយសារការទម្លាក់គ្រាប់បែកកាន់តែខ្លាំងក្លារបស់អ៊ីស្រាអែល។ ការិយាល័យលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានបញ្ជាក់ថា មានកិច្ចពិភាក្សាដោយប្រយោលចុងក្រោយនៅទីក្រុង ដូហា ដោយបានរាប់បញ្ចូលទាំងការពិភាក្សាលើសំណើបញ្ចប់សង្គ្រាមជាថ្នូរនឹងការនិរទេសមេដឹកនាំហាម៉ាស់ និងការរំសាយអាវុធរបស់ក្រុមនេះ។ ប៉ុន្តែទោះបីជាមានការពិភាក្សាលើសំណើនេះក៏ដោយ មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់បានអះអាងថា រហូតមកដល់ពេលនេះមិនទាន់មានការរីកចម្រើនក្នុងកិច្ចចរចាទាំងមូលនោះទេ។ មន្ត្រីក្រុមហាម៉ាស់ម្នាក់បានប្រាប់ Reuters ថា "ជំហររបស់អ៊ីស្រាអែលនៅតែមិនផ្លាស់ប្តូរ ពួកគេចង់ដោះលែងចំណាប់ខ្មាំង ដោយគ្មានការប្តេជ្ញាចិត្តដើម្បីបញ្ចប់សង្គ្រាម"។ លោកបានរំលឹកឡើងវិញថា ហាម៉ាស់ស្នើសុំការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ ជាថ្នូរនឹងការបញ្ចប់សង្គ្រាម ការដកទ័ពអ៊ីស្រាអែល បញ្ចប់ការបិទផ្លូវជំនួយ និងការដោះលែងអ្នកទោសប៉ាឡេស្ទីន៕