ប្រធានរដ្ឋសភាជំរុញការគ្របដណ្ដប់របបសន្តិសុខសង្គមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

Narith | ថ្ងៃទី 19 ខែ ឧសភា ឆ្នាំ 2025


វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៩ ០៥ ២០២៥
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានជំរុញឲ្យមានការបន្តការគ្របដណ្ដប់របបសន្តិសុខសង្គម និងកែសម្រួលកម្រិតអត្ថប្រយោជន៍ ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីបំពេញតម្រូវការរបស់អ្នកទទួលផលឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ 
ថ្លែងក្នុងពិធីបើកវេទិកាផ្សព្វផ្សាយស្តីពី«ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា» ដែលមានការចូលរួមពីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈធ្វើឡើងនៅវិមានរដ្ឋសភា ថ្ងៃទី១៩ ខែឧសភានេះ សម្តេចរដ្ឋសភាធិការធិបតី បានផ្តល់អនុសាសន៍ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ពង្រឹងសមត្ថភាព និងភារកិច្ចលើការងារប្រព័ន្ធគាំពារសង្គមកម្ពុជាឲ្យកាន់តែមានភាពធន់រឹងមាំ ប្រសិទ្ធភាព និងវិសាលភាពកាន់តែទូលំទូលាយជាងមុន ដោយក្នុងនោះក៏មានការពង្រឹងសមត្ថភាព និងភារកិច្ចច្បាស់លាស់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាថា ប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធគាំពារសង្គមនៅកម្ពុជាកាន់តែល្អប្រសើរនៅគ្រប់កម្រិត។ សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ថា "រដ្ឋសភាគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយប្រព័ន្ធគាំពារសង្គម ហើយរដ្ឋសភានឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់កិច្ចសហការ និងគាំទ្រ ដើម្បីធានាថា ប្រព័ន្ធនេះសម្រេចបាននូវសក្តានុពលពេញលេញ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនគ្រប់រូបនិងគ្រប់មជ្ឈដ្ឋាន"។
យោងតាមរបាយការណ៍របស់ក្រសួងជំនាញទាំងពីរខាងលើ បានបង្ហាញថា មកទល់ពេលនេះ កម្មវិធីជាតិជំនួយសង្គមបានគ្របដណ្ដប់លើប្រជាជន សរុបប្រមាណ៤,៣លាននាក់ ហើយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុបប្រមាណជាង ១០៨,២២លានដុល្លារអាមេរិក។
មូលនិធិជាតិជំនួយសង្គម បាននិងកំពុងបើកផ្តល់ប្រាក់របបសន្តិសុខសង្គម ជូនអតីតមន្ត្រីរាជការស៊ីវិលសរុបចំនួន ៥៦.៤៧៥នាក់ និងអតីតយុទ្ធជនសរុបចំនួន ១១៥.២៩៦នាក់ ដោយការបើកផ្តល់នេះ ធ្វើឡើងចំនួន ២លើក ក្នុងមួយខែ។ គិតត្រឹមខែមេសា ឆ្នាំ២០២៥ ប្រាក់ សោធននិវត្តន៍ទាបបំផុតមានចំនួន៨៤៥.០០០រៀល និងបន្ថែម២០.០០០រៀល សម្រាប់និវត្តជន ដែលបានចូលនិវត្តមុនឆ្នាំ២០២៤។
ដោយឡែក សមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព គិតត្រឹមខែមេសា ឆ្នាំ២០២៥ កើនឡើងដល់ប្រមាណ៣,១លាននាក់ (ស្រី ១,៧លាននាក់) ដែលក្នុងនោះបុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈមានប្រមាណ៥១ម៉ឺននាក់ (ស្រី១៥ម៉ឺននាក់), កម្មករនិយោជិតមានប្រមាណ១,៩លាននាក់ (ស្រី ១,១លាននាក់), បុគ្គលស្វ័យនិយោជន៍មានប្រមាណ៥០ម៉ឺននាក់ (ស្រី៣១ម៉ឺននាក់) និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានប្រមាណ១៩ម៉ឺននាក់ (ស្រី១១ម៉ឺននាក់)។ 
នៅក្នុងឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានដាក់ឱ្យដំណើរការនូវកម្មវិធីថែទាំសុខភាពតាមមូលនិធិសមធម៌ជូនគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ និងមូលនិធិសមធម៌សុខាភិបាលសម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ ដោយបានគ្របដណ្ដប់ប្រជាពលរដ្ឋប្រមាណ៥លាននាក់៕

ប្រធានរដ្ឋសភាជំរុញការគ្របដណ្ដប់របបសន្តិសុខសង្គមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ប្រធានរដ្ឋសភាជំរុញការគ្របដណ្ដប់របបសន្តិសុខសង្គមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ប្រធានរដ្ឋសភាជំរុញការគ្របដណ្ដប់របបសន្តិសុខសង្គមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ប្រធានរដ្ឋសភាជំរុញការគ្របដណ្ដប់របបសន្តិសុខសង្គមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ប្រធានរដ្ឋសភាជំរុញការគ្របដណ្ដប់របបសន្តិសុខសង្គមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ