វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៩ ០៥ ២០២៥)
ភ្នំពេញ៖ ក្នុងឱកាសប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សិក្សាអំពីអតីតកាលរបស់កម្ពុជា ការឈឺចាប់ ដែលប្រជាជនកម្ពុជាបានទទួលរង និងចេញពីបទពិសោធទាំងនេះ រួមគ្នាទប់ស្កាត់របបវាលពិឃាតដ៏ឃោរឃៅរបស់ក្រុមខ្មែរក្រហម កុំឲ្យកើតមានសាជាថ្មី នៅលើទឹកដីសុវណ្ណភូមិរបស់កម្ពុជា ។
យោងតាមសារលិខិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបលើកទី៨ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៥ នេះជាលើកទី៨ នៃការប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ហើយក៏ជាលើកទី ៤២ បើរាប់ចាប់ពីឆ្នាំ១៩៨៤ មក។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់ បានដឹងនិងយល់ច្បាស់អំពីរឿងរ៉ាវ សោកនាដកម្មដ៏ជូរចត់ ដែលបានកើតឡើងក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាទាំងអស់បានហែលឆ្លងកាត់ឈាមនិងទឹកភ្នែក ការកាប់សម្លាប់ ការធ្វើទុក្ខបុកម្នេញសព្វបែបយ៉ាង ហើយខ្មែរក្រហម បានបំផ្លិចបំផ្លាញ ចោលស្ទើរគ្មានសល់នូវខឿនសេដ្ឋកិច្ចជាតិ ខឿនវប្បធម៌ជាតិ និងធ្វើទារុណកម្មទាំងផ្លូវកាយនិងផ្លូវចិត្ត ចាប់បង្ខំឱ្យ ធ្វើការដូចសត្វធាតុ គ្មានអាហារគ្រប់គ្រាន់ គ្មានការព្យាបាលត្រឹមត្រូវ ។ ទោះពេលនេះ រឿងរ៉ាវសោកនាដកម្ម ទាំងនេះបានកន្លងផុតទៅ ហើយប្រជាជនកម្ពុជា បាននិងកំពុងរស់ក្នុងសុខសន្តិភាព ស្ថិរភាពនយោបាយ និងពោរពេញដោយការអភិវឌ្ឍ លើគ្រប់វិស័យក៏ដោយក្តី ប៉ុន្តែយើងទាំងអស់គ្នា មិនត្រូវបណ្តែតបណ្តោយឬបំភ្លេច អតីតកាលដ៏ជូរចត់នេះឡើយ។ យើងត្រូវរំឭកនិងចងចាំជានិច្ច និងរៀបចំការពិភាក្សានានា ដើម្បីស្វែងយល់ ផ្សព្វផ្សាយ និងរួមគ្នាបង្ការនិងទប់ស្កាត់ ឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃបែបនេះ រួមទាំងសង្គ្រាម កុំឱ្យកើតមានឡើងសាជាថ្មី នៅលើទឹកដីកម្ពុជាដ៏បវររបស់យើង។
ក្នុងនោះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរគ្រប់រូប សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមិនត្រឹមតែជាបិតាសន្តិភាព ស្ថាបនិកនៃនយោបាយ ឈ្នះ ឈ្នះ និងបានបញ្ចប់កម្លាំងយោធា នយោបាយ រចនាសម្ព័ន្ធខ្មែរក្រហមទាំងស្រុងប៉ុណ្ណោះនោះទេ គឺសម្តេចតេជោ ក៏បានផ្តួចផ្តើមចរចានាំឱ្យមាន ការបង្កើតតុលាការជាតិ ដោយមានការ ចូលរួមពី អង្គការសហប្រជាជាតិ ដែលមានឈ្មោះថា «អង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា» ដើម្បីជំនុំជម្រះក្តីលើអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបប កម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដើម្បីនាំយកការពិត និងយុត្តិធម៌ជូនជនរងគ្រោះទាំងអស់ នៃរបបនេះទៀតផង។
បន្ថែមលើនេះ សម្តេចធិបតី បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់គាំទ្រដល់រាល់ដំណើរការ ទាំងឡាយរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចាប់តាំងពីគំនិតផ្តួចផ្តើមបង្កើតនិងគាំទ្រទាំងផ្នែកថវិកា និងសម្ភារៈ រហូតបានបញ្ចប់ទាំងស្រុង នូវដំណើរការកាត់សេចក្តីដោយរលូន និងមានការទទួលស្គាល់ជាអន្តរជាតិ ក្នុងបុព្វហេតុនៃការចងចាំប្រវត្តិសាស្ត្រ ក៏ដូចជាការពង្រឹង និងថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ និងការអភិវឌ្ឍសង្គមកម្ពុជា ឱ្យបានរឹងមាំស្ថិតស្ថេរជាយូរអង្វែង។
ជាថ្មីម្តងទៀត សម្តេចធិបតី នាយករដ្ឋមន្ត្រី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សិក្សាអំពីអតីតកាលរបស់កម្ពុជា ការឈឺចាប់ដែលប្រជាជនកម្ពុជាបានទទួលរង និងចេញពីបទពិសោធទាំងនេះ រួមគ្នាទប់ស្កាត់របបដ៏ឃោរឃៅនេះ កុំឲ្យកើតមាន សាជាថ្មី នៅលើទឹកដីសុវណ្ណភូមិរបស់យើង និងសូមឱ្យចូលរួមគាំទ្រ និងថែរក្សាសន្តិភាពដើម្បីឱ្យសន្តិភាពនេះ នៅស្ថិតស្ថេរ ចីរកាល ដើម្បីបង្កបរិយាកាសដ៏ល្អ ឱ្យមានការរីកចម្រើនជាបន្តទៅមុខទៀត សម្រាប់ប្រជាជនកម្ពុជា និងមនុស្សជំនាន់ក្រោយ៕