បទយកការណ៍៖ មន្ត្រីជំនាញកសិកម្មជំរុញឱ្យប្រជាកសិករងាកមកធ្វើពូជស្រូវផ្ការំដួលឱ្យបានច្រើន ខណៈទីផ្សារមានតម្រូវការខ្ពស់

Chuon Bona | ថ្ងៃទី 19 ខែ ឧសភា ឆ្នាំ 2025

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយលោកស្រីសន សាវិន

លោកអ្នកនាងស្ដាប់ជាទីមេត្រី!

  រដូវបង្កបង្កើនផលស្រូវវស្សាសម្រាប់ឆ្នាំ២០២៥ បានចាប់ផ្ដើមចូលមកដល់នៅពាក់កណ្ដាល នៃខែឧសភា ប៉ុន្តែខេត្តមួយចំនួនបានអនុវត្តន៍តាំងពីដើមខែមេសាមកម្ល៉េះ ដោយសារតែមានទឹកភ្លៀងគ្រប់គ្រាន់។ជាក់ស្ដែងសម្រាប់ឆ្នាំនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដាក់ផែនការលើការងារបង្កបង្កើនផល លើផ្ទៃដីជាង៣លាន ហិកតា ដែលមានកំណើនជាងឆ្នាំមុន។ សព្វថ្ងៃ  ប្រជាកសិករគ្រប់ខេត្ត ក្រុង បានរៀបចំ និងត្រៀមពូជ សម្ភារៈគ្រប់គ្រាន់ សម្រាប់សាប ព្រោះក្នុងរដូវវស្សានេះ។ជាមួយគ្នានេះដែរ មន្ត្រីជំនាញកសិកម្មបានជំរុញឱ្យប្រជាកសិករងាកមកធ្វើពូជស្រូវផ្ការំដួលដែលជាពូជក្នុងស្រុកឱ្យបានច្រើន ព្រោះទីផ្សារក្រៅប្រទេសមានតម្រូវការច្រើន ហើយតម្លៃក៏ល្អ ខណៈប្រទេសកម្ពុជាផលិតនៅមិនទាន់គ្រប់តម្រូវការនៅឡើយ។

    ចូលដល់រដូវវស្សាភ្លាម ភ្លៀងចាប់ផ្ដើមធ្លាក់រាយប៉ាយស្ទើរគ្រប់ទូទាំងប្រទេស ដែលអំណោយផលដល់ប្រជាកសិករក្នុងការសាបព្រោះ និងដាំដំណាំផ្សេងៗក្នុងរដូវវស្សានេះ។អ្នកមីងផល ប្រជាកសិករនៅខេត្តព្រៃវែងបានឱ្យដឹងថា គ្រួសារអ្នកមីងមានផ្ទៃដីសម្រាប់បង្កបង្កើនផលស្រូវ វស្សាចំនួន២ហិកតា ដែលមកដល់ពេលនេះបានព្រោះរួចហើយ ដោយសារតែមាន ភ្លៀងធ្លាក់តាំងពីពាក់កណ្ដាលខែមេសាមក។អ្នកមីងបានលើកឡើងទៀតថា គ្រួសារអ្នកមីងធ្វើស្រូវសម្រាប់តែផ្គត់ផ្គង់ក្នុងក្រុមគ្រួសារ និងសល់បានលក់ដូរតិចតួចតែប៉ុណ្ណោះ។

សំឡេងទី១«ភ្ជួររាស់ព្រាចរួចរាល់ហើយ ព្រោះភ្លៀងពីថ្ងៃមុនច្រើន ។ភាគច្រើនខាងខ្ញុំធ្វើពូជក្រសាំងទាប ផ្ការំដួល និងស្រូវដំណើប សម្រាប់ផ្គត់ផ្គង់គ្រួសារផង និងលក់ដូរខ្លះដើម្បីចំណាយទៅលើឈ្នួលច្រូតកាត់ភ្ជួររាស់»។

  ងាកមកលោកពូលី នៅស្រុកមោងខេត្តបាត់ដំបងក៏បានលើកឡើងដែរថាបច្ចុប្បន្នប្រជាកសិករម្នាក់ៗកំពុងមមាញឹកភ្ជួររាស់ សាបព្រោះដើម្បីឱ្យទាន់ភ្លៀងធ្លាក់។

សំឡេងទី២«ចាប់តាំងពីថ្ងៃទី៥ខែឧសភាមកប្រជាកសិករចាប់ផ្ដើមព្រោះពូជOMច្រើន រួចហើយបាន ព្រោះរំដួល ស្រូវរំដួលបានថ្លៃតែប្រជាកសិករនាំគ្នាធ្វើតិចជាងពូជOM ព្រោះបានផលតិចជាងOM។  នៅទីនេះប្រជាកសិករនិយមព្រោះពូជស្រូវស្រង៉ែផង រំដួលមធ្យម សែនក្រអូបចំនួនតិច OMច្រើន ជាងគេ»។

លោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិជីវិតយើងសង្គមរបស់វិទ្យុជាតិកម្ពុជាថា ការជ្រើសរើសពូជជារឿងសំខាន់សម្រាប់ប្រជាកសិករ ព្រោះថាការសាបព្រោះ 

ពូជស្រូវច្រើនមុខក៏ជាយុទ្ធសាស្ត្រល្អមួយ ក្នុងការជួយជំរុញឱ្យតម្លៃស្រូវOMមានទីផ្សារល្អ។

សំឡេងទី៣«ខ្ញុំគិតថាជាយុទ្ធសាស្ត្រមួយដ៏ល្អ បើសិនយើងនាំគ្នាធ្វើតែពូជOM៩០%ជាងដូចឆ្នាំមុន គឺតម្លៃស្រូវវាពិបាកក្នុងការទទួលបានតម្លៃថ្លៃ ។ប៉ុន្តែនៅពេលនាំគ្នាបន្ថយផ្ទៃដីដាំពូជOM ហើយផ្ទៃ ដីដាំដុះពូជស្រូវយុទ្ធសាស្ត្រយើងកើន គឺប្រហែលបានថ្លៃបន្តិច ហើយពូជស្រូវយុទ្ធសាស្ត្ររបស់យើងក៏មានទីផ្សារស្រាប់ ដូចជាសែនក្រអូប រំដួល ហើយកសិករយើងអាចធ្វើបានទាំង២ហើយ ទទួលបានតម្លៃល្អទាំង២»។

លោកបណ្ឌិត គង់ គាបានមានប្រសាសន៍ទៀតថា ក្រសួងកសិកម្មតែងតែផ្សព្វផ្សាយឱ្យប្រជា កសិករងាកមកធ្វើពូជស្រូវរំដួលខ្លះ ដែលមានតម្លៃល្អជាងរៀងរាល់ឆ្នាំដែលកំពុងមានទីផ្សារនៅ ក្រៅប្រទេស។

សំឡេងទី៤«មកដល់ពេលនេះខ្ញុំមិនព្រួយបារម្ភថាស្រូវផ្ការំដួលដាំលើទីផ្សារនោះទេ ព្រោះទី១តម្រូវការផ្ការំដួលច្រើន ជាប្រភេទអង្ករប្រណិតរបស់កម្ពុជាដែលទទួលពានរង្វាន់លេខ១ចំនួន៥ដងហើយ  ហើយមកដល់ពេលនេះយើងគិតថា ប្រទេសផ្សេងៗមិនមានទេ ព្រោះផ្ការំដួលជាផលិតផលពិសេស របស់កម្ពុជា ចឹងទីផ្សារគេទទួលស្គាល់ហើយ យើងមិនអាចយកទៅលក់ក្នុងតម្លៃទាបបានទេ ហើយ គេក៏ត្រូវការច្រើន ប៉ុន្តែការផលិតរបស់យើងនៅមានតិច»។

ចំណែកនៅខេត្តព្រៃវែងដែលជាខេត្តមួយមានផ្ទៃដីអនុវត្តន៍ច្រើនជាងគេដែរនោះត្រូវបានលោកអ៊ុក សំណាងប្រធានមន្ទីរកសិកម្មខេត្តបានឱ្យដឹងថា ប្រជាកសិករចាប់ផ្ដើមអនុវត្តន៍បង្កបង្កើនផលស្រូវវស្សាចាប់តាំងពីដើមខែមេសាមកម្ល៉េះ ដែលមកដល់បច្ចុប្បន្នអនុវត្តន៍បានចំនួនជិត៨ម៉ឺនហិកតា លើផ្ទៃដីសរុបចំនួន២៥ម៉ឺនហិកតា។លោកប្រធានមន្ទីរបានលើកឡើងថាការអនុវត្ត

របស់ប្រជាកសិករសម្រាប់ឆ្នាំនេះបានលឿនរហ័សជាងឆ្នាំមុន។ 

សំលេងទី៥«ឆ្នាំនេះយើងឃើញថាមានភាពលឿន ដោយសារតែយើងមានភ្លៀងធ្លាក់រាយប៉ាយតាំងពីដើមខែមេសាមកគ្រប់ស្រុកដូច្នេះឃើញថាខ្ពស់ជាងឆ្នាំមុន ដែលជាហេតុបង្កឱ្យមានភាពងាយស្រួលសម្រាប់ប្រជាកសិករ លោកបានចាប់ផ្ដើមបង្កបង្កើនផលពីដើមរដូវនេះតទៅ»។

  លោកអ៊ុកសំណាងក៏បានលើក ឡើងទៀតថា  សម្រាប់ខេត្តព្រៃវែងក្នុងចំណោមផ្ទៃដីជាង២៥ ម៉ឺនហិកតា ក្នុងនោះមាន៣០% ដែលប្រជាកសិករបាននាំគ្នាធ្វើពូជផ្ការំដួល និងសែនក្រអូប។ 

លោកប្រធានបញ្ជាក់ទៀតថា ភាគច្រើនប្រជាកសិករនាំគ្នាសាបព្រោះពូជស្រូវណាដែលជាតម្រូវការទីផ្សារច្រើន។

សំឡេងទី៦«យើងមានការអនុវត្តពូជនេះប្រមាណជា២៥ទៅ៣០% នៅលើផ្ទៃដីសរុបក្នុងរដូវវស្សានៅខេត្តព្រៃវែង ហើយយើងនៅមានពូជសែនក្រអូបជាបន្តបន្ទាប់ទៅទៀត ។ភាគច្រើនប្រជាកសិករ អនុវត្តន៍ទៅលើការដាំដុះនេះ ទៅតាមការអនុលោមទៅតាមតម្រូវការទីផ្សារជាកត្តាសំខាន់ ។ ចឹង

លទ្ធភាពការប្រមូលទិញនៅក្នុងស្រុកយើង បានទំហំប៉ុណ្ណា យើងនឹងផលិតតាមនោះ ហើយក្រៅពី នោះទេយើងត្រូវអនុលោមទៅតាមតម្រូវការទីផ្សារចាំបាច់ ដែលមានលទ្ធភាពក្នុងការលក់ចេញ»។

  ដើម្បីឱ្យទទួលបានផលល្អនៅរដូវវស្សាឆ្នាំនេះកសិករត្រូវតែរៀបចំផែនការឱ្យបានច្បាស់លាស់មុននឹងសាបព្រោះ ដើម្បីជៀសវាងការខូចខាតដោយប្រការណាមួយ។នេះជាការផ្ដាំផ្ញើរបស់ លោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

សំឡេងទី៧«ទី១ ទាក់ទងការចាប់ផ្ដើមដាំដុះរបស់បងប្អូនប្រជាកសិករនៅរដូវវស្សានេះ គឺនៅពេល ដែលភ្លៀងធ្លាក់គ្រប់គ្រាន់ សំណូមពរឱ្យបងប្អូនប្រជាកសិករស្រូតរូតរះទៅដាស់ដីចោលសិន ដើម្បីឱ្យ ស្មៅវាងាប់អស់ រង់ចាំដល់ពេលវេលាល្អ យើងចាប់ផ្ដើមសាបព្រោះ ។ទី២ ទាក់ទងការរៀបចំភ្លឺស្រែ និង ពង្រាបដីឱ្យបានស្មើល្អ ដើម្បីឱ្យស្រែរបស់យើងមានសណ្ឋានភាព បានន័យថាការលូតលាស់មិនខ្ពស់ទាប ។ឧទាហរណ៍កន្លែងណាខ្ពស់ទៅវានឹងដុះស្មៅច្រើន កន្លែងទាបវានឹងលិច ទឹក ឬរលួយ ប៉ះពាល់ដល់ការលូតរបស់ស្រូវ»។

  ទាក់ទងទៅតម្លៃស្រូវវិញត្រូវបានលោកប្រធាននាយកដ្ឋានបញ្ជាក់បន្ថែមទៀតថា ចំពោះពូជ ស្រូវរំដួល សែនក្រអូប ដែលជាពូជយុទ្ធសាស្ត្រនៅក្នុងស្រុក គឺមានតម្រូវការខ្ពស់ ខណៈដែលពូជ ស្រូវOM នៅមិនទាន់ច្បាស់លាស់នៅឡើយចំពោះតម្លៃនោះ។ ការមិនច្បាស់លាស់នេះ វាអាស្រ័យទៅលើផ្ទៃដីអនុវត្តន៍ និងបរិមាណផលដែលទទួលបាន ហើយអ្វីដែលសំខាន់នោះ ត្រូវរង់ចាំមើលទីផ្សារនៅប្រទេសជិតខាង ព្រោះថាពូជOMនេះជាពូជដែលប្រទេសជិតខាងជាអ្នកប្រមូលទិញ។

សំឡេងទី៨«ប៉ុន្តែបើពូជស្រូវយុទ្ធសាស្ត្របច្ចុប្បន្ននេះក៏មានតម្រូវការស្រេច ។មួយទៀតដើម្បីរក្សា តម្លៃបាន សូមឱ្យបងប្អូនប្រជាកសិករចងក្រងជាសហគមន៍ ជាក្រុមផលិត ដើម្បីមានកិច្ចសន្យាច្បាស់លាស់  បានន័យថាយើងលក់ស្រូវមុនពេលដាំ កំណត់តម្លៃស្រូវមុនពេលដាំ ដែលនេះជាយុទ្ធសាស្ត្រមួយធ្វើឱ្យបងប្អូនប្រជាកសិករមិនមានបញ្ហារឿងតម្លៃនៅពេលដល់រដូវប្រមូលផល ។ យើងដាំស្រូវណា តម្រូវការទីផ្សារណា យើងមានកុងត្រាច្បាស់លាស់ កសិករយើងមានភាពនឹងនរ ផ្នែកតម្លៃដែលគេឱ្យកំណត់តម្លៃមុន »។

  លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!

  ឆ្នាំនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលបានទិន្នផលស្រូវ ពោត សណ្ដែក ល្អប្រសើរ តាមរយៈការផ្សងប្រផ្នូលរបស់គោឧសភរាជដែលបានបរិភោគច្រើនជាងគេ ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លកាលពីថ្ងៃ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៥ នាទីព្រះស្រែនៅបរិវេណកីឡដ្ឋានក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

ក្នុងចំណោម អាហារទាំង៧ មុខ មានអាហារចំនួន៣មុខ ដែល «គោឧសភរាជ» បានបរិភោគច្រើនជាងគេ ដោយក្នុងនោះ ស្រូវ មានចំនួន៩៥ ភាគរយ ពោត ៩៥ភាគរយ និងសណ្ដែក៨០ភាគរយ។ តាមរយៈការបរិភោគរបស់ «គោឧសភរាជ» នេះ ត្រូវបានព្រាហ្មបុរោហិតផ្សងប្រផ្នូលឃើញថា ដំណាំកសិកម្មទាំង៣មុខនេះ នឹងទទួលបានទិន្នផលល្អប្រសើរក្នុងឆ្នាំនេះ។ ការប្រារព្វព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាការប្រកាសដាស់តឿនមួយបន្ថែមទៀតទៅដល់ប្រជាពលរដ្ឋនៅតាមស្រុកស្រែចម្ការថា រដូវវស្សាបានចូលមកដល់ហើយ ប្រជាពលរដ្ឋគួរប្រញាប់ប្រញាល់ត្រៀមលក្ខណៈបង្កបង្កើនផលឱ្យបានទាន់រដូវវស្សា។

តាមការបញ្ជាក់ពីមន្ត្រីជំនាញកសិកម្មឱ្យដឹងថា បច្ចុប្បន្នប្រជាកសិករនៅទូទាំងប្រទេសបានសាបព្រោះដំណាំស្រូវ បានជាង៣០ម៉ឺនហិកតាហើយ លើផ្ទៃដីជាង៣លានហិកតា ៕