វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៩ ៥ ២០២៥
ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា បានស្របទស្សនៈគ្នាជំរុញឱ្យមានការចុះហត្ថលេខាឱ្យ បានឆាប់លើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការថាមពល ដែលបានបញ្ចប់ការចរចានៅខែមករាឆ្នាំ២០២៥រួចមកហើយនោះ។
.
ក្នុងឱកាសនៃការចូល ជួបសម្តែងការគួរសមរបស់ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ បានស្វាគមន៍សន្ទុះនៃ ទំនាក់ទំនងទ្វេភាគី និងបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ហុងគ្រី នាថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត Baloghdi ក្នុងការជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ហុងគ្រីលើវិស័យនានា ចាប់តាំងពីដើមឆ្នាំ២០២៣ រួមទាំងកិច្ចសន្ទនានយោបាយ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងទំនាក់ទំនង រវាងប្រជាជននិងប្រជាជន។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់លើសារ:សំខាន់នៃទំនាក់ទំនងកម្រិតខ្ពស់ជា ប្រក្រតី និងបានពិភាក្សាអំពីលទ្ធភាពនៃការរៀបចំជំនួបកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំកម្ពុជា និងហុងគ្រី នៅអំឡុងសន្និសីទមហាសមុទ្រលើកទី៣ របស់អង្គការសហប្រជាជាតិ នៅទីក្រុងនីស នាខែមិថុនានេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏រឹងមាំ និងកំពុងតែរីកចម្រើនរវាងសភាកម្ពុជា និងហុងគ្រី និងសម្តែងការស្វាគមន៍ចំពោះគម្រោងដំណើរទស្សនកិច្ចផ្លូវការរបស់ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាទៅកាន់ប្រទេសហុងគ្រីនាពេលខាងមុខ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះគម្រោងរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ នៅទីក្រុងBudapestនាពេល ខាងមុខ ហើយបានបញ្ជាក់សាជាថ្មីថា ការបើកស្ថានទូតកម្ពុជាឡើងវិញនៅទីនោះ នៅតែជាអាទិភាព សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកពីបំណងចង់ឱ្យមានការដំឡើង ការិយាល័យតំណាងរបស់ប្រទេសហុងគ្រីនៅភ្នំពេញ ទៅជាស្ថានទូតពេញលេញផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីសកម្មភាពនានាសម្រាប់ការរំលឹកខួប លើកទី ៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ហុងគ្រីនៅឆ្នាំ ២០២៦។
ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋូទូត បានលើកឡើងពីកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចរួម (JEC) ប្រកបដោយជោគជ័យ ដែលកិច្ចប្រជុំទាំងពីរលើកកន្លងមកគឺជាមូលដ្ឋានសម្រាប់ជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគកាន់តែរឹងមាំ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត បានស្របទស្សនៈជំរុញឱ្យមានការចុះហត្ថលេខាឱ្យបានឆាប់លើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការថាមពល ដែលបានបញ្ចប់ការចរចានៅខែមករាឆ្នាំ២០២៥រួចមកហើយនោះ។ ចំពោះវិស័យអប់រំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការកោតសរសើរចំពោះកម្មវិធី អាហារូបករណ៍ដ៏យូរអង្វែងរបស់ប្រទេសហុងគ្រី ដែលបានផ្តល់អត្ថប្រយោជន៍ដល់និស្សិតកម្ពុជា ប្រមាណ ជាង ៣៦០នាក់ ចាប់តាំងពីឆ្នាំ១៩៨០មក៕