វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៩ ០៥ ២០២៥)
ភ្នំពេញ៖ ក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ លោកជំទាវ Frances Adamson អភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្ត្រាលី បង្ហាញនូវការពេញចិត្ត និងបានកោតសរសើរ ភាពឧស្សាហ៍ព្យាយាម និងការខិតខំប្រឹងប្រែងរបស់សិស្ស-និស្សិតកម្ពុជា ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សា និងសាកលវិទ្យាល័យនានា ក្នុងរដ្ឋអូស្ត្រាលីខាងត្បូង។
ក្នុងជំនួបសម្តែងការគួរសមខាងលើនេះ លោកជំទាវអភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងអូស្ត្រាលី និងកម្ពុជា ហើយបានលើកឡើងពីគោលបំណងសំខាន់ នៃដំណើរទស្សនកិច្ច របស់លោកជំទាវ គឺដើម្បីស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋអូស្ត្រាលីខាងត្បូង និងកម្ពុជា។
លោកជំទាវអភិបាលរដ្ឋ បានជម្រាបជូនសម្តេចធិបតី អំពីវិស័យសក្តានុពលនានា របស់រដ្ឋអូស្ត្រាលីខាងត្បូង រួមមាន៖ វិស័យកសិកម្ម, អប់រំ, ទេសចរណ៍, និងថាមពល។
បន្ថែមលើនេះ លោកជំទាវ បានគូសបញ្ជាក់ថា រដ្ឋអូស្ត្រាលីខាងត្បូង មានសហគមន៍ខ្មែរប្រមាណជិត ៤០០០ នាក់ កំពុងរស់នៅ, ធ្វើការងារ និងសិក្សា។ ជាងនេះទៀត លោកជំទាវ បានកោតសរសើរ ចំពោះភាពឧស្សាហ៍ព្យាយាម និងការខិតខំប្រឹងប្រែងរបស់សិស្ស-និស្សិតកម្ពុជា ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សា និងសាកលវិទ្យាល័យនានា ក្នុងរដ្ឋអូស្ត្រាលីខាងត្បូង។
ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានចូលរួមចំណែក ក្នុងដំណើរការស្វែងរកសុខសន្តិភាព ក៏ដូចជាការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា នាពេលបច្ចុប្បន្ន។
ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានសម្តែងការពេញចិត្ត ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេចនាយករដ្ឋមន្ត្រី បានអរគុណអូស្ត្រាលី និយាយជារួម និងរដ្ឋអូស្ត្រាលីខាងត្បូង និយាយដោយឡែក ដែលបានរួមចំណែក ដល់ការអភិវឌ្ឍធនធានមនុស្សកម្ពុជា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ជូនលោកជំទាវអភិបាលរដ្ឋ អំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍមូលធនមនុស្ស ដោយផ្តោតលើការពង្រឹងសុខុមាលភាព, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការបង្កើតការងារ ជូនប្រជាពលរដ្ឋ។
សម្តេចធិបតី និងលោកជំទាវ ក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់អំពីការពង្រឹង និងពង្រីក ព្រមទាំងស្វែងរកនូវឱកាសបន្ថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរដ្ឋអូស្ត្រាលីខាងត្បូង លើវិស័យសំខាន់ៗ ដូចជា៖ អប់រំ,ថាមពលស្អាត, ពាណិជ្ជកម្ម, វិនិយោគ, កសិកម្ម, និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ និងការជំរុញភ្ញៀវទេសចរណ៍៕