វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៩ ០៥ ២០២៥
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អះអាងថា កម្ពុជាបាននិងកំពុងចូលរួមយ៉ាងសកម្ម និងស្មើមុខស្មើមាត់ជាមួយសហគមន៍អន្តរជាតិក្នុងកិច្ចការពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
អំណះអំណាងនេះ ធ្វើឡើងក្នុងវេទិកាដ៏សំខាន់មួយស្តីពី«មាគ៌ាបៃតង៖ ទំនាក់ទំនងរវាងការគ្រប់គ្រងតំបន់ទេសភាពជាមួយនឹងធនធានជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីសម្រាប់អនាគត ប្រកបដោយចីរភាព» នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជាក់ថា កម្ពុជាកំពុងបោះជំហានយ៉ាងម៉ឺងម៉ាត់លើមាគ៌ាបៃតង ឆ្ពោះទៅរកអព្យាក្រឹត្យកាបូន និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការផ្សារភ្ជាប់គោលនយោបាយបរិស្ថានជាតិ និងសកល ជាមួយនឹងការអនុវត្តជាក់ស្តែងនៅតាមមូលដ្ឋាន គឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើនសមត្ថភាព និងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈការអភិវឌ្ឍនៅនឹងកន្លែង។ ឧទាហរណ៍ជាក់ស្តែងរួមមាន៖ ការអភិវឌ្ឍនៅតំបន់ភ្នំគូលែន គិរីរម្យ និងភ្នំខ្នងផ្សារ។
តំណាងមូលនិធិបរិស្ថានសកល(GEF) បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តរបស់កម្ពុជាលើការគ្រប់គ្រងតំបន់ការពារទេសភាព ការការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងរួមចំណែកដល់ចក្ខុវិស័យកម្ពុជាជាប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។
សូមបញ្ជាក់ថា កម្ពុជា ក៏បានជំរុញគោលនយោបាយអាកាសធាតុ និងជីវៈចម្រុះ: ក្រសួងបានសម្រេចការងារជាច្រើនដូចជា៖ ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣ , របាយការណ៍ជាតិ២ឆ្នាំម្តងជូនលេខាធិការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ, ផែនការបង្ហាញផ្លូវជាតិក្នុងការកាត់បន្ថយឧស្ម័នមេតានកម្ពុជាជូនUNFCCC, និងបានកំពុងរៀបចំផែនការជាតិរួមចំណែកការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC3.0) និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ និងផែនការសកម្មជាតិស្តីពីជីវៈចម្រុះ៕