អ្នកស្រី ឡុង ខួច បង្ហាញអារម្មណ៍រីករាយដែលបានបន្តថែរក្សាមុខរបរផលិតធូបជារបរពីដូនតាមិនឱ្យបាត់បង់

Narith | ថ្ងៃទី 19 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥

MC. ធូប គឺជាគ្រឿងសក្ការៈដ៏សំខាន់មួយ សម្រាប់ប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃ និងក្នុងកិច្ចពិធីផ្សេងៗរបស់ប្រជាពលរដ្ឋខ្មែរ។ ចំណែកចំណេះដឹង និងរបរផលិតធូបបែបលក្ខណៈគ្រួសារនោះទៀតសោត ត្រូវបានអ្នកភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ នៅតែបន្តធ្វើជាច្រើនជំនាន់មកហើយ រហូតមកដល់បច្ចុប្បន្ន ដែលបានក្លាយជារបរប្រពៃណីមួយនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

 ជាអ្នកបន្តមុខរបរផលិតធូបពីឪពុកម្តាយ តាំងពីកុមារភាព អ្នកស្រី ឡុង ខួច អាយុជាង៦០ឆ្នាំ ជាអ្នកភូមិសំរោង ប្រកបរបរធ្វើធូបជាច្រើនឆ្នាំមកហើយ បានលើកឡើងថា ធូបជារបរមួយមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់អ្នកភូមិសំរោង ដែលបាននាំគ្នាបន្តពីដូនតាមក ដោយរបរផលិតធូបនេះ ក៏បានជួយទ្រទ្រង់ជីវភាពគ្រួសារមួយផ្នែកធំឱ្យជីវភាពល្អប្រសើរដែរ។អ្នកស្រីថា ការលញ់ធូប ដែលធ្វើដោយដៃ ក្នុងមួយថ្ងៃអាចបានចន្លោះពី៥០០ ទៅ៧០០សរសៃ។ ហើយធូបអាចផលិតជា៤ប្រវែង ចាប់ពី៣តឹក ដល់ប្រវែង១ម៉ែត្រ។

អ្នកស្រីបន្តថា គ្រឿងផ្សំសម្រាប់យកមកផលិតធូបកាលដើមឡើយអាចរកបាននៅតាមព្រៃក្បែៗផ្ទះ ប៉ុន្តែបច្ចុប្បន្នវត្ថុធាតុដើមទាំងនោះចេះតែខ្សត់ជាងមុន រុក្ខជាតិមួយចំនួនអាចស្វែងរកនៅក្នុងតំបន់អង្គរ ខ្លះទៀតត្រូវទៅរកដល់ស្រុកបន្ទាយស្រី ឬនៅក្រៅខេត្ត ដូចជាខេត្តព្រះវិហារជាដើម។ទោះបីមានការលំបាកក្នុងការស្វែងរកវត្ថុធាតុដើម ឬការផលិត តែអ្នកស្រី ឡុង ខួច ពិតជារីករាយដែលបានបន្តថែរក្សាមុខរបរពីដូនតាមិនឱ្យបាត់បង់។ ពីដើមមកគេអត់បានមកយកដឹកយកទៅលក់នៅផ្សារក្រោម ដឹកតាមកង់ទៅលក់នៅវត្តអធ្វារ វត្តពោធិ៍ វត្តអរញ្ញ ភ្នំក្រោមនោះ តែសព្វថ្ងៃចាស់ហើយជិះកង់អត់កើត តែមានឈ្មួញគេមកលើកយកទៅលក់ដែរ មិនពិបាកមានធូបសល់ទេ។ មីងអត់ដែលទៅរកអីនៅឯណាទេ ប្តីក៏អត់ដែលទៅរកអី រកតិចតួច ក៏បានផ្ទះនៅ បានម៉ូតូកូនជិះទៅរៀន បើឱ្យមានលើសនោះអត់ទេ ទាល់តែក្រោកព្រឹកឡើង ដឹងតែនឿយ។ បើសម្រាប់គេឯង ខ្ញុំមិនដឹងទេ តែសម្រាប់ខ្ញុំសារៈសំខាន់ពិតប្រាកដណាស់ មុខអាជីពរបស់ខ្ញុំ គឺពិតប្រាកដហើយ មានតែរបរនេះ ខ្ញុំអាចចិញ្ចឹមជីវិត អ្នកណាប្រាប់បុណ្យក៏មានប្រាក់ទៅ ណាចងដែ ចាយវាយគឺប្រាក់ពីលក់ធូបទាំងអស់។ ពេញមួយថ្ងៃបើគេអ្នកលញ់លឿនបាន១ពាន់សរសៃ តែដូចខ្ញុំចាស់ហើយ ធ្វើផងដេកផងបានត្រឹមតែ៥០០សរសៃ បើ៥០០សរសៃបាន៣ម៉ឺនរៀល។ 

អ្នកស្រី ឡុង ខួច បន្ថែមថា ការលក់ដូរធូបខ្មែរមានភាពងាយស្រួលជាងមុន ដោយមានឈ្មួញមកទិញយកទៅលក់បន្តនៅតាមបណ្តាស្រុកផ្សេងៗ។ តែយ៉ាងណា អ្នកផលិតធូបខ្មែររូបនេះ សំណូមពរឱ្យប្រជាពលរដ្ឋខ្មែរ ជួយគាំទ្រប្រើប្រាស់ធូបខ្មែរឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីរក្សាចំណេះដឹងពីបុរាណផង រក្សារបរប្រពៃណីមួយនេះបានយូរអង្វែងបន្តទៀត ត្បិតសព្វថ្ងៃភាគច្រើនអ្នកធ្វើធូបមានតែមនុស្សចាស់តែប៉ុណ្ណោះ៕