សម្តេចធិបតី៖ តួនាទីរបស់ឯកអគ្គរដ្ឋទូត នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នឹងក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនង​ និងកិច្ច​សហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ

Narith | ថ្ងៃទី 19 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៩ ០៥ ២០២៥)

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញនូវជំនឿជឿជាក់ថា ​តួនាទីរបស់ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នឹងក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនង​ និងកិច្ច​សហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ (កម្ពុជា-UAE)ឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត ។

ការថ្លែងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅព្រះរាជាណាចក្រម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព ។ 

ក្នុងជំនួបខាងលើនេះ ឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីUAE-កម្ពុជា និងបានគោរពជម្រាបជូនសម្តេចធិបតីថា គណៈប្រតិភូនៃសភាពាណិជ្ជកម្ម UAE គ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងពិភាក្សា អំពីកិច្ចសហការលើការរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត នឹងមានជំនួបពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពិភាក្សាអំពីការបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ និងដើម្បីបន្តពិភាក្សាលើការជំរុញ ការអនុវត្តកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរ បានឯកភាពគ្នារួចហើយ ដើម្បីដាក់ចេញនូវផែនការអនុវត្តជាក់ស្តែង និង​ពិភាក្សាលើការជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យភស្តុភារកម្ម, សន្តិសុខសាយប័រ, និងបញ្ញាសិប្បនិម្មិត។

បន្ថែមលើនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានគោរពជម្រាបអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំបន្ថែមទៀត តាមរយៈការបង្កើនការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលផ្តោតលើការសិក្សា​ ជំនាញបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត។

ជាការឆ្លើយតប​ សម្តេចធិបតី បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី​ នៃប្រទេសទាំងពីរ​ ជាពិសេសលើវិស័យទេសចរណ៍ តាមរយៈការបង្កើនជើងហោះហើរត្រង់ពី UAE មកកម្ពុជា។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះ UAE ដែលបានរួមចំណែកកសាងធនធានមនុស្ស​ ក៏ដូចជាបានគាំទ្រដល់សមាគមមូស្លីមនៅកម្ពុជា។

សម្តេចបវរធិបតី ក៏បានគូសបញ្ជាក់ថា កម្ពុជា​និង​ UAE នៅមានវិស័យសក្តានុពលជាច្រើនដែលអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតបាន និងបានបញ្ជាក់ពីទិសដៅ នៃការអភិវឌ្ឍឧស្សាហកម្មហាឡាល់នៅកម្ពុជា​ ដើម្បីជំរុញការនាំចេញផលិតផលហាឡាល់ ទៅកាន់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និង UAE។

សម្តេចធិបតី នាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យឯកឧត្តមឯកអគ្គរាជទូត បន្តពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នារួច សំដៅប្រែក្លាយទៅជាផែនការអនុវត្តជាក់ស្តែង។ បន្ថែមលើនេះ សម្តេចធិបតី បានបង្ហាញនូវជំនឿជឿជាក់ថា ​តួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនង​ និងកិច្ច​សហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត៕