ឯកឧត្តម ប៉ែន បូណា ៖ ការចរចាពាណិជ្ជកម្មត្រូវការពេលវេលា មិនអាចទៅជួបគ្នាម្តងសម្រេចបាន នោះទេ

Narith | ថ្ងៃទី 20 ខែ ឧសភា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៩ ៥ ២០២៥

ភ្នំពេញ៖ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ការចរចាពាណិជ្ជកម្មត្រូវការពេលវេលា មិនអាចទៅជួបគ្នាម្តងសម្រេចបាននោះទេ ខណៈ ដែលរាជរដ្ឋាភិបាលបានខិតខំនិងបានត្រៀមគ្រប់លទ្ធភាព ដើម្បីធ្វើកិច្ចការងារនេះឱ្យបានល្អបំផុត។

ថ្លែងក្នុងវេទិកាសារព័ត៌មានលើកទី៧ ស្តីពី កម្ពុជាឈរកាន់តែរឹងមាំក្នុងឆាកនយោបាយជាតិ តំបន់ និង អន្តរជាតិ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា បានមាន ប្រសាសន៍ថា ចំពោះកិច្ចខិតខំប្រឹងប្រែងនិងភាពវាងវៃរបស់ថ្នាក់ដឹកនាំ ភាពធន់និងកាន់តែរឹងមាំរបស់ រាជរដ្ឋាភិបាល ក៏ដូចជាតម្លៃកាន់តែលេចធ្លោរបស់កម្ពុជានៅលើឆាកតំបន់និងអន្តរជាតិ ចំពោះចំណាត់ការ ឆ្លើយតបយ៉ាងល្អទៅនឹងព្យុះនៃសង្គ្រាមពាណិជ្ជកម្មដ៏ក្តៅគគុក បន្ទាប់ពី រដ្ឋបាលប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធឆ្លើយតប ឬពន្ធបដិការ(Tariffs )ទៅលើប្រទេសចំនួនជាង១៨០ ក្នុងនោះក៏មាន កម្ពុជាដែរ។ 
ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ ទុកបញ្ហានេះជារឿងអាទិភាពដែលត្រូវដោះស្រាយជាបន្ទាន់ ដោយភ្លាមៗក្រោយពីការប្រកាសអត្រាពន្ធ បដិការនេះ សម្តេចធិបតីក៏បានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយបង្ហាញការ ប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការចូលរួមកិច្ចសន្ទនាប្រកបដោយការស្ថាបនានិងផលិតភាពជាមួយសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនោះ សម្តេចធិបតីក៏បានបង្ហាញឆន្ទៈសម្របសម្រួលរួចជាស្រេច តាមរយៈការ បញ្ចុះអត្រាពន្ធគយភ្លាមៗពី៣៥% មកត្រឹម៥% ប៉ុណ្ណោះ សម្រាប់ផលិតផលចំនួន ១៩ ប្រភេទរបស់ កម្ពុជា។ 
ឯកឧត្តម បានបន្តថា ដើម្បីត្រៀមខ្លួនពិភាក្សាជាមួយភាគីអាមេរិក សម្តេចធិបតីក៏បានបង្កើតក្រុមការងារ  ចំពោះកិច្ចមួយដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ក្រោយពីកិច្ចប្រជុំផ្ទៃក្នុងជាច្រើនលើក ដើម្បីត្រៀមលក្ខណៈសម្រាប់ការចរចា ក្រុមការងារចំពោះកិច្ចក៏បាន ប្រជុំតាមប្រពន្ធអនឡាញពីរដងជាមួយភាគីអាមេរិក ដើម្បីពិភាក្សានិងសម្របសម្រួលឆ្ពោះទៅការចរចា ទល់មុខគ្នានៅទីក្រុងវ៉ាស៊ីនតោន។ ទីបំផុត កិច្ចចរចាទល់មុខគ្នាជុំទី១បានប្រព្រឹត្តទៅតាមការគ្រោងទុក កាលពីពាក់កណ្តាលខែឧសភាកន្លងទៅនេះ ដោយភាគីទាំងពីរពិភាក្សាគ្នាដោយត្រង់ទៅត្រង់មក ក្នុងបរិយាកាសយោគយល់គ្នា ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។ ភាគីទាំងពីរក៏បានពិភាក្សាយ៉ាងស៊ីជម្រៅលើសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។ កិច្ចចរចា ទល់មុខគ្នាជុំទី២ គ្រោងនឹងបន្តធ្វើនៅដើមខែមិថុនាខាងមុខនេះ។ 
« ខ្ញុំបានឃើញមនុស្សមួយចំនួនដែលមានគំនិតអគតិចំពោះជាតិខ្លួនឯង ខំនិយាយបំភាន់ ដើម្បីបន្ទោសរាជរដ្ឋាភិបាលនៅពេលដែលការចរចាមិនទាន់បានលទ្ធផលសម្រេចនៅឡើយ។ ខ្ញុំសូមជម្រាបថា ការចរចាពាណិជ្ជកម្មត្រូវដឹងថាត្រូវការពេលវេលា មិនមែនទៅមួយភ្លែតសម្រេចបាន លទ្ធផលចុងក្រោយនោះទេ ដូចយើងបានដឹងហើយ។ ក្នុងប្រទេសទាំងអស់ដែលបានចរចាជាមួយសហរដ្ឋអាមេរិករឿងអត្រាពន្ធនេះ អត់ទាន់មានប្រទេសណា សម្រេចបានកិច្ចព្រមព្រៀងផ្លូវការនៅឡើយទេ ក្រៅពីប្រទេសចិនមួយដែលមានលទ្ធផល អ៊ីចឹងក្រៅពីហ្នឹង គេត្រូវជួបគ្នាច្រើនលើកច្រើនសាទៅខាងមុខទៀត មិនមែនតែកម្ពុជាទេ ព្រោះមានអ្នកខ្លះនិយាយបំភាន់ ដូចមានកម្ពុជាតែម្នាក់ឯង ចំនួន១៨០ប្រទេសលើលោក សូមបងប្អូនជ្រាបរឿងហ្នឹង »។
ឯកឧត្តម ប៉ែន បូណា បានឱ្យដឹងទៀតថា លទ្ធផលចុងក្រោយយ៉ាងណា គ្មានប្រទេសណាអាចទាយមុន បានទេ ប៉ុន្តែ អ្វីដែលឯកឧត្តមអាចបញ្ជាក់ជូនបាន គឺរាជរដ្ឋាភិបាលបានខិតខំនិងបានត្រៀមគ្រប់លទ្ធភាព ដើម្បីធ្វើកិច្ចការងារនេះឱ្យបានល្អបំផុត។ សម្តេចធិបតីមានភាពវាងវៃ ប៉ិនប្រសប់ និងល្អិតល្អន់ក្នុងការ ដោះស្រាយ ប្រកបដោយភាពទន់ភ្លន់និងបត់បែន ហើយសង្ឃឹមថា លទ្ធផលជាវិជ្ជមាននឹងកើតមានឡើង ដូច្នេះ សូមបងប្អូនជឿទុកចិត្តលើរាជរដ្ឋាភិបាលនិងចូលរួមទាំងអស់គ្នាដើម្បីការពារផលប្រយោជន៍ជាតិ។
សូមបញ្ជាក់ថា ការដាក់អត្រាពន្ធបដិការដែលធ្វើឡើងដោយរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ពេលនេះ គឺដោយសារតែសហរដ្ឋអាមេរិកចង់ស្វែងរកតុល្យភាពនៃជញ្ជីងពាណិជ្ជជាមួយបណ្តាប្រទេសទាំងអស់ ដែលរកស៊ីជាមួយអាមេរិក ដែលធ្វើឱ្យទម្លាប់ធ្វើពាណិជ្ជកម្មពីមុនបានផ្លាស់ប្តូរ។ ការផ្លាស់ប្តូរនេះធ្វើឱ្យប៉ះពាល់ដល់គ្រប់ប្រទេស ជាង១៨០ប្រទេស។ ដូច្នេះគ្រប់ប្រទេសត្រូវស្វះស្វែងរក ដំណោះស្រាយរៀងៗខ្លួន ដើម្បីបញ្ចៀសឬកាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ច ក្នុងនោះក៏មាន កម្ពុជាដែរ៕

ឯកឧត្តម ប៉ែន បូណា ៖ ការចរចាពាណិជ្ជកម្មត្រូវការពេលវេលា មិនអាចទៅជួបគ្នាម្តងសម្រេចបាន នោះទេ
ឯកឧត្តម ប៉ែន បូណា ៖ ការចរចាពាណិជ្ជកម្មត្រូវការពេលវេលា មិនអាចទៅជួបគ្នាម្តងសម្រេចបាន នោះទេ
ឯកឧត្តម ប៉ែន បូណា ៖ ការចរចាពាណិជ្ជកម្មត្រូវការពេលវេលា មិនអាចទៅជួបគ្នាម្តងសម្រេចបាន នោះទេ
ឯកឧត្តម ប៉ែន បូណា ៖ ការចរចាពាណិជ្ជកម្មត្រូវការពេលវេលា មិនអាចទៅជួបគ្នាម្តងសម្រេចបាន នោះទេ