ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ៖រយៈពេល៣ខែចុងក្រោយនេះ កម្ពុជាកំពុងពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មីជាមួយបណ្តាប្រទេសទាំងអស់

Narith | ថ្ងៃទី 20 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៩ ៥ ២០២៥

ភ្នំពេញ ៖ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា រយៈពេល៣ខែចុងក្រោយនេះ កម្ពុជាកំពុងពង្រឹង មិត្តភាពចាស់ ពង្រីកមិត្តភាពថ្មីជាមួយបណ្តាប្រទេសទាំងអស់ ដើម្បីបន្តការពារឧត្តមប្រយោជន៍ស្នូល នៃកម្ពុជា។

ថ្លែងក្នុងវេទិកាសារព័ត៌មានលើកទី៧ ស្តីពីកម្ពុជាឈរកាន់តែរឹងមាំក្នុងឆាកនយោបាយជាតិ តំបន់ និង អន្តរជាតិ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមាន  ប្រសាសន៍ថា កម្ពុជាពិតជាបាន និងកំពុងបន្តខិតខំរឹតចំណងមេត្រីភាពជាមួយបណ្តាមិត្តចាស់ មិត្តជា ប្រពៃណី និងបន្តកសាងមិត្តភាពជាមួយបណ្តាប្រទេសដៃគូថ្មីៗ ។ 
ឯកឧត្តម បានបន្តថា បេសកកម្មផ្តល់សន្ទុះដល់ការទូតកម្ពុជានេះ ត្រូវដឹកនាំផ្ទាល់យ៉ាងសកម្មដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង សម្តេចតេជោ បំពេញទស្សនកិច្ច នៅទីម័រឡេស្តេ កាលពីថ្ងៃ៥ឧសភា និងនៅឥណ្ឌូនេស៊ី កាលពីថ្ងៃ៧ឧសភា។ទស្សនកិច្ចនេះស្តែងឱ្យឃើញនូវ កិត្យានុភាព ខ្ពស់ត្រដែតឡើងជាលំដាប់របស់សម្តេចតេជោ មិនត្រឹមតែក្នុង នាមជាតួអង្គនយោបាយដ៏ឆ្នើមជាងគេ លើឆាកកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងនៅលើឆាកអាស៊ីអាគ្នេយ៍តែម្តង។ ដោយឡែក តាមរយៈទស្សនកិច្ច នៅឥណ្ឌូនេស៊ី និងនៅទីម័រឡេស្តេនេះ សម្តេចតេជោ ចូលរួមចំណែកបង្ហាញនូវឆន្ទៈដ៏មោះមុតរបស់កម្ពុជា ក្នុងការបន្តកសាងបណ្តាញសម្ព័ន្ធភាពមួយរឹងមាំនិងប្រកបដោយតុល្យភាព ។
ឯកឧត្តម បានបន្តថា ការពង្រឹងមិត្តភាព ពិសេសជាមួយបណ្តាប្រទេសជិតខាងកម្ពុជា និងជាមួយបណ្តា ប្រទេសសមាជិកASEAN ក៏ជាអ្វីដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី បន្តខិតខំ ធ្វើដែរ។ ជាក់ស្តែង សម្តេចធិបតី អញ្ជើញទៅឡាវ កាលពីថ្ងៃ៥មេសា ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ អតីតប្រធានរដ្ឋឡាវ ឯកឧត្តម ឧត្តមសេនីយ៍ ខាំតៃ ស៊ី ផាន់ដន។ ទស្សនកិច្ចនៅឡាវនេះ ក៏ជាឱកាសមួយ ដែរ សម្រាប់ឱ្យសម្តេចធិបតី ជួបជាមួយប្រធានរដ្ឋឡាវនិងជាមួយនាយករដ្ឋមន្ត្រីឡាវ។ កាយវិការការទូតនេះរបស់ សម្តេចធិបតី ជាសក្ខីភាពនយោបាយមួយ ដើម្បីបង្ហាញសាជាថ្មីដល់ឡាវ ប្រទេសជិតខាងដ៏ល្អមួយនេះថា កម្ពុជាជាមិត្តចាក់ទឹកមិនលិច។ 
ឯកឧត្តម បានបន្តទៀតថា ក្នុងន័យពង្រឹងមិត្តភាពដូចគ្នា សម្តេចធិបតី ក៏បានទូរសព្ទទាក់ទងឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី កាលពីថ្ងៃ៧ឧសភា កន្លងទៅ ដើម្បីអបអរសាទរជ័យជម្នះ ក្នុងការបោះឆ្នោត នៃបក្សរបស់ឯកឧត្តម Wong គឺបក្សសកម្មភាពប្រជាជន។ ក្នុងន័យរក្សានិងពង្រឹងមិត្តភាពចាស់ដូចគ្នា តែលើកនេះនៅក្រៅអាស៊ីអាគ្នេយ៍ម្តង សម្តេចមហាបវរធិបតី មិនភ្លេចទូរសព្ទដែរទេ ទៅឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី កាលពីថ្ងៃ៣ឧសភា ដើម្បីអបអរសាទរជ័យជម្នះក្នុងការបោះឆ្នោតសហព័ន្ធនៃបក្សពលករអូស្ត្រាលី របស់ឯកឧត្តម Albanese ផងដែរ៕