បទយកការណ៍៖ អាណាព្យាបាលត្រូវអនុវត្តនូវប្រការមួយចំនួន ដើម្បីបង្ការកូនឱ្យចៀសឆ្ងាយពីជំងឺមហារីក

Chuon Bona | ថ្ងៃទី 20 ខែ ឧសភា ឆ្នាំ 2025

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា   លោកស្រី ឃួន លក្ខិណា
លោកអ្នកនាងស្តាប់ជាទីមេត្រី!
ជំងឺមហារីកគឺជាជំងឺលាក់មុខនិងកាចសាហាវបំផុត ដែលបង្កឱ្យមនុស្សស្លាប់ទាំងក្មេងនិងចាស់មានប្រមាណ១៤០០០នាក់ជារៀងរាល់ឆ្នាំ។ ជំងឺមហារីកបានបន្សល់ទុក្ខនូវសោកនាដកម្ម និងបង្កឱ្យមានភាពសោកសង្រេងទៅលើកុមារផងដែរ ដោយគិតក្នុង១ឆ្នាំ មានកុមារប្រមាណ៦០០ករណីនៅកម្ពុជា បានរងគ្រោះដោយសារជំងឺនេះ។ ដោយមានក្តីព្រួយបារម្ភខ្លាំង អ្នកជំនាញផ្នែកថែទាំសុខភាព បានប្រកាសអំពីបុព្វហេតុដែលបង្កឱ្យកើតមានជំងឺមហារីក ដើម្បីឆ្លុះបញ្ជាំងពីករណីមនុស្សឈឺ ស្លាប់ និងផលវិបាកដែលកើតឡើងចំពោះកុមារតូចៗ ដែលត្រូវទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ថែមទៀត ពីគ្រប់មជ្ឈដ្ឋានទាំងអស់លើវិធានការបង្ការទប់ស្កាត់ ការការពារ និងការព្យាបាលឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ។ តទៅនេះសូមលោកអ្នកនាង ស្តាប់និងទស្សនាបទយកកការណ៍ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ក្រោមប្រធានបទ៖ អាណាព្យាបាលត្រូវអនុវត្តនូវប្រការមួយចំនួន ដើម្បីបង្ការកូនឱ្យចៀសឆ្ងាយពីជំងឺមហារីក ដូចតទៅ។ 
  យ៉ាងហោចណាស់គិតជាមធ្យមក្នុងមួយឆ្នាំៗ មន្ទីរពេទ្យកុមារជាតិ បានរកឃើញកុមារកើតជំងឺមហារីកមានប្រមាណ១០០នាក់ បានមកពិគ្រោះ ពិនិត្យ និងសម្រាកព្យាបាល ។ អ្នកជំនាញបានចាត់ទុកថា នេះគឺជាអត្រាតួលេខមួយកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ព្រមទាំងបង្កឱ្យមានក្តីព្រួយបារម្ភផងដែរ។ 
បើតាមលោកវេជ្ជបណ្ឌិត ញឹប អង្គារបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ បានទទួលស្គាល់ពីចំនួនករណីកុមារកើតជំងឺមហារីក ដែលបានមកពិគ្រោះប្រឹក្សា ពិនិត្យជំងឺនៅមន្ទីរពេទ្យ ព្រមទាំងទទួលយកសេវាថែទាំព្យាបាលពីក្រុមគ្រូពេទ្យ ដែលមានឯកទេសជំនាញលើប្រភេទជំងឺនេះ។
សំឡេង១៖« ជំងឺមហារីកចែកចេញជាពីរ អាមួយគេហៅថា ដុំសាច់មហារីក ទី២ មហារីកកោសិកាគ្រាប់ឈាម អាដុំសាច់វាមាននៅលើខួរក្បាលក៏មានវាមាននៅលើឆ្អឹងក៏មាន មាននៅលើកោសិកាបន្តពូជក៏មាន មានដូចគ្នានៅលើស្បែកក៏មានដែរ ហើយហ្នឹងមហារីកគ្រាប់ឈាម ប៉ុន្តែខ្ញុំមិនមែនជំនាញហ្នឹងខ្ញុំមិនអាចរៀបរាប់អស់បាននោះទេ។ បើតាមសួរអ្នកជំនាញសព្វថ្ងៃនេះ គ្រូពេទ្យមួយចំនួនក៏អត់ដឹងច្បាស់ដែរ ប៉ុន្តែគ្រាន់តែថាខ្លះមកពីតំណពូជស៊ីណេទិក ដល់អ្នកខ្លះអត់ដឹងមូលហេតុអ្វីនោះទេមកពីគីមីអីផ្សេងៗក៏យើងអាចថាបានមកពីមេរោគមួយចំនួន ប៉ុន្តែភាគច្រើនគឺរកមូលហេតុមិនឃើញអ្វីច្បាស់លាស់នោះទេ»។ 
ឆ្លើយតបលើករណីនេះដែរ ដើម្បីរួមចំណែកក្នុងការបង្ការមិនឱ្យកើតមានជំងឺមហារីកលើកុមារ លោកប្រធានមន្ទីរពេទ្យកុមារជាតិ បានផ្តល់អនុសាសន៍មួយចំនួនទៅកាន់អាណាព្យាបាលដូចខាងក្រោមនេះ។ 
សំឡេង២៖«ប៉ុន្តែគ្រាន់តែយើងចៀសវាងអាហារណាដែលប៉ះពាល់ជាតិគីមីច្រើននោះចឹង គឺយើងគួរចៀសវាងវាទៅ ចៀសវាងប៉ុណ្ណឹងទៅហើយបើមានជំងឺអ្វីគឺឆាប់មកពេទ្យស្វែងយល់ទៅព្រោះជំងឺខ្លះដូចជាបន្លំជាមួយនឹងជំងឺយើងធម្មតាដែរពេលខ្លះ។ ឧទាហរណ៍ថា គាត់ស្លេកស្លាំងអីហ្នឹង យើងឃើញស្លេកស្លាំងអីហ្នឹងក៏ជួនកាលវាស្លេកស្លាំងធម្មតា ជួនកាលវាមកពីមហារីកគ្រាប់ឈាម ជួនកាលគ្រាន់តែឈឺសន្លាក់ឈឺអីហ្នឹង ក៏អាចជាសញ្ញាមួយមានមហារីកគ្រាប់ឈាមដែរក៏មាន ឬក៏ឃើញដុំសាច់អីកន្លែងណាយើងត្រូវមកពេទ្យទៅព្រោះជំងឺមហារីកកុមារមួយចំនួនអាចមើលបានជា បើយើងមើលតាំងពីដំបូងអាចព្យាបាលជាបានច្រើនដែរកុមារហ្នឹង។ 
លោកវេជ្ជបណ្ឌិតញឹប អង្គារបុស្ស បានបន្ថែមថា បើទោះបីជា នៅមិនទាន់រកមូលហេតុឃើញច្បាស់លាស់ពីករណីកើតជំងឺមហារីកក៏ដោយចុះ ប៉ុន្តែប្រសិនបើកូនរបស់លោកអ្នកមានបញ្ហាអ្វីមិនស្រួលណាមួយនោះ ត្រូវប្រញាប់យកកូនមកពេទ្យធំៗ ជួបប្រឹក្សាជាមួយអ្នកជំនាញឱ្យបានទៀងទាត់ពេលវេលា ព្រោះជំងឺមហារីកពិបាកធ្វើរោគវិនិច្ឆ័យ ណាស់ បើទោះបីជា គ្រូពេទ្យនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកពុំមានឧបករណ៍គ្រប់គ្រាន់ ឬមិនអាចធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកនេះក៏ពិតមែន ប៉ុន្តែក្រុមគ្រូពេទ្យនិងបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យធំ បើក្នុងករណីពួកគេសង្ស័យថា អ្នកជំងឺអាចកើតមហារីក។ 
សំឡេង៣៖«អញ្ចឹងការព្យាបាលដោយសារមហារីកហ្នឹងជួនកាល ក្មេងខ្លះ ពេលខ្លះយើងគ្រាន់តែវះកាត់ព្យាបាលទៅបាន ពេលខ្លះពេលវះកាត់គេឱ្យចាក់ថ្នាំគីមី អញ្ចឹងអាចាក់ថ្នាំគីមីហ្នឹងវា អាពេលកំពុងចាក់ហ្នឹងក៏វាគ្រោះថ្នាក់ដែរ ហើយវាត្រូវការច្រើនលើកច្រើនសា មួយពេលទៅខ្លះខានទៅ មកចាក់ខ្លះមាន១០លើក១០ជាងអីចឹងទៅហើយចាក់ម្តងៗត្រូវនៅក្នុងមន្ទីរពេទ្យហ្នឹងទៅ១ខែៗតាម ប្រូតូកូលគេហ្នឹងទៅតាមវគ្គរបស់គេអញ្ចឹង ហើយខ្លះត្រូវការខួងខួរឆ្អឹងយកទៅតាមដានម្តងមើលការវិវត្តន៍របស់វា ហើយត្រូវឱ្យអាហារនៅពេលដែលប្រើថ្នាំគីមីគឺត្រូវតែការពារឱ្យស្អាតបាតព្រោះវាងាយឆ្លងរោគ ឆ្លងអី ព្រោះកាលណាប្រើថ្នាំគីមីកូនហ្នឹងវាខ្សោយ»។

ត្បិតកម្ពុជានៅមិនទាន់មានវ៉ាក់សាំងការពារជំងឺមហារីកគ្រប់មុខក៏ដោយ ប៉ុន្តែកម្ពុជាក៏មានភាពល្អប្រសើរផងដែរ ដែលមានការផ្តល់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បួនសម្រាប់ក្មេងស្រីៗ ។សំឡេង៤៖«កាលណាយើងកើតវាគឺជាការងារមួយដែលយើងអាណិតស្រឡាញ់ក្មេងដែលវាកើតមកតាំងពីក្មេងមកចឹង ដែលទើបតែរស់បានតិចតួចមកចឹង វាជាការមួយមិនល្អទាំងឪពុកម្តាយអញ្ចឹងជាធម្មតាយើងអាណិតស្រឡាញ់ក្មេងដូចគ្នា អញ្ចឹងបើសិនជាយើងមានការងារអី មកយកកូនមកពេទ្យហើយការព្យាបាលជំងឺមហារីកគឺត្រូវប្រើពេលជួនកាល១ឆ្នាំទៅ២ឆ្នាំជួនកាលត្រូវតាមដានដល់៥ឆ្នាំ ដែលទាមទារឱ្យឪពុកម្តាយ អត់ធ្មត់ ហើយសហការនិងធ្វើតាមបទវេជ្ជបញ្ជារបស់គ្រូពេទ្យ ត្រូវការអត់ធ្មត់ជាមួយគ្នា។ មួយទៀតការព្យាបាលជំងឺបើចាប់ផ្តើមព្យាបាលហើយអត់អាចទៅឆ្វេងទៅស្តាំបាននោះទេ ព្រោះវាត្រូវមានរូបមន្តវាបន្ត គឺត្រូវបន្តដោយថ្នាំហ្នឹងមួយចប់ ព្រោះកាលណាយើងដូរចុះដូរឡើងវារិតតែគ្រោះថ្នាក់ទៅវិញ។ 
ពាក់ព័ន្ធនឹងជំងឺមហារីកនេះដែរ កាលពីដើមខែឧសភា ឆ្នាំ ២០២៥ ក្រសួងសុខាភិបាលបានរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ 
នៅក្នុងពិធីនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួងសុខាភិបាលមានក្តីសោមនស្សរីករាយក្នុងការបង្ហាញជូនផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០លើកទី១ ដោយឯកសារដ៏សំខាន់នេះគឺជាលទ្ធផលនៃការងាររយៈពេលវែង ដែលបានប្រមូលផ្តុំអ្នកជំនាញជាច្រើន នៅក្នុងក្រុមការងារបច្ចេកទេសកម្រិតខ្ពស់ នៃក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោក។ 
សំឡេង៥៖«ជារៀងរាល់ឆ្នាំប្រទេសកម្ពុជាមានអ្នកកើតមហារីកថ្មីប្រមាណ២ម៉ឺនករណី។ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋប្រមាណ១៤០០០នាក់បានបាត់បង់ជីវិតដោយសារជំងឺនេះ។ ខ្ញុំគ្រាន់តែចង់ផ្តល់ជូនបញ្ជាក់ខ្លះៗលើអត្ថន័យនៃតួលេខទាំងពីរនេះ ដែលត្រូវឆ្លុះបញ្ចាំងកាន់តែគួរឱ្យសោកសង្រេងទៅទៀតនោះគឺសោកនាដកម្មនេះកើតមានលើកុមារផងដែរក្នុង១ឆ្នាំមានប្រមាណ៦០០ករណីនៅកម្ពុជា។  បើប្រៀបធៀបនឹងប្រទេសជឿនលឿនជាងយើងឧបទ្ទហេតុនេះហាក់បីដូចជាមានកម្រិតទាបគួរសម ប៉ុន្តែតាមពិតមានការពន្យល់មួយផ្នែកថា ការស្រាវជ្រាវនេះនៅមិនទាន់គ្រប់គ្រាន់ហើយករណីខ្លះនៅមិនទាន់ត្រូវបានធ្វើរោគវិនិច្ឆ័យនៅឡើយ។ បាតុភូតផ្សេងទៀតគឺអត្រាមរណៈដែលបង្កឡើងដោយមហារីក មនុស្សស្លាប់ជិត១៤០០០នាក់ក្នុង១ឆ្នាំ  ស្មើនឹងអត្រាខ្ពស់លើស៧០% ពីព្រោះអត្រាជាមធ្យមលើពិភពលោកគឺ៤៨%»។ 
ឯកឧត្តមសាស្រ្តចារ្យបានបន្ថែមថា អត្រាមរណភាពដោយសារជំងឺមហារីកនេះ គឺមានន័យថា មានមនុស្សស្លាប់ម្នាក់ដោយសារជំងឺមហារីករៀងរាល់៤០នាទីម្តងនៅកម្ពុជា ឬប្រមាណ៣៨នាក់ក្នុង១ថ្ងៃ ដែលធ្វើឱ្យគ្រួសារជាច្រើនធ្លាក់ទៅក្នុងទុក្ខលំបាកបន្សល់ទុកនូវកូនកំព្រា បុរសពោះម៉ាយ ស្រ្តីមេម៉ាយទុគ៌ត។ កាន់តែគួរឱ្យសោកសង្រេងទៅទៀតនោះ គឺសោកនាដកម្មនេះកើតមានលើកុមារផងដែរ ដោយក្នុង១ឆ្នាំមានប្រមាណ៦០០ករណីនៅកម្ពុជា។ 
សំឡេង៦៖«នៅទូទាំងពិភពលោកជំងឺមហារីកកុមារអាចព្យាបាលជាសះស្បើយ៨០% ប៉ុន្តែនៅកម្ពុជាអត្រានេះមានទាបជាង២០%ប៉ុណ្ណោះ។ ប្រសិនបើស្ថានភាពនៅតែដដែលជំងឺមហារីកនឹងឆក់យកជីវិតមនុស្សប្រមាណ២១ម៉ឺននាក់ទាំងក្មេងទាំងចាស់ក្នុងរយៈពេល១៥ឆ្នាំខាងមុខ ចំនួននេះស្ទើរតែស្មើប្រជាជននៅខេត្តស្ទឹងត្រែងឬខេត្តកែបនិងខេត្តប៉ៃលិនរួមបញ្ចូលគ្នាឬជិតស្មើនឹងប្រជាជននៅទីក្រុងសៀមរាប។ យើងមិនទ្រំាទ្រនឹងទម្ងន់នៃការឈឺចាប់នេះយូរបន្តទៀតទេ យើងក៏មិនអាចបន្តចំណាយច្រើនទៅលើផលវិបាកនៃតួអង្គនៃជំងឺនេះទៀតដែរយើងមិនអាចបាត់បង់កម្លាំងដ៍សំខាន់ទាំងអស់នេះទេ ព្រោះនេះគឺជាការខាតបង់របស់ជាតិ ដូច្នេះយើងត្រូវតែខិតខំប្រណាំងនឹងពេលវេលាដើម្បីជំនះនឹងបញ្ហានេះ ប្រសិនបើយើងអាចជួយសង្គ្រោះជីវិតមនុស្សបានប៉ុន្មាននាក់បន្ថែមក្នុង១ថ្ងៃ តាមរយៈការខិតខំប្រឹងប្រែងរួមគ្នាមានន័យថា យើងនឹងចាប់បន្ទាបខ្សែកោងនៃសំណាងអាក្រក់ហើយយើងមានក្តីសង្ឃឹមឡើងវិញ»។
យ៉ាងនេះក្តី ឯកឧត្តម ឈាង រ៉ាក៏បានសង្កត់ធ្ងន់ថា ប្រសិនបើអាចជួយសង្គ្រោះកុមារប៉ុន្មាននាក់ក្នុង១ថ្ងៃបានគឺមានន័យថា ១០ទៅ១៥ថ្ងៃទៀត គ្រួសារកាន់តែច្រើនបានបង្កើតឡើងដោយពួកគេ នឹងរីកចម្រើនធ្វើឱ្យប្រទេសជាតិកាន់តែរឹងមាំ។
បច្ចុប្បន្ននេះមធ្យោបាយប្រយុទ្ធនឹងជំងឺមហារីក នៅមានកម្រិតនៅឡើយនៅទូទាំងប្រទេស ប៉ុន្តែនៅជិតជាមួយនឹងប្រជាជននៅតាមមូលដ្ឋាន គឺមណ្ឌលសុខភាព ក៏មានធនធានមានកម្រិតកំពុងចូលរួមក្នុងការបង្ការបឋម និងការរកឃើញឆាប់រហ័សជាពិសេសជំងឺមហារីកសុដន់ មហារីកមាត់ស្បូន។

ជុំវិញរឿងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានមានប្រសាសន៍ដែរថា តាមរយៈរបាយការណ៍របស់ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើឱ្យសម្តេចមានចំណាប់អារម្មណ៍ខ្លាំង ទៅលើការកើនឡើងខ្ពស់នូវករណីថ្មីនៃជំងឺមហារីក ដែលមាននៅលើប្រជាពលរដ្ឋគ្រប់វ័យ ស្របពេលដែលស្ថានភាពសង្គមសេដ្ឋកិច្ច នៃប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍ។សំឡេង៧៖«ការរៀបចំឱ្យមានផែនការជាតិនេះឡើងបង្ហាញឱ្យឃើញពីភាពបុរេសកម្មរបស់ក្រសួងសុខាភិបាលនៅក្នុងការពង្រីកវិសាលភាពផ្តល់សេវាសុខាភិបាលស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនៅក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ជាប្រចាំជាប់មិនដាច់នូវសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ដោយហេតុថា ជំងឺមហារីកបានក្លាយជាការគំរាមកំហែងសុខភាពសាធារណៈនិងប៉ះពាល់ដល់សង្គមសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលបានចាត់ទុកការប្រយុទ្ធនឹងជំងឺមហារីកជាអាទិភាពចម្បងមួយនៅក្នុងចំណោមអាទិភាពដទៃទៀតរបស់ក្រសួងសុខាភិបាល»។  
សម្តេចធិបតី បានបញ្ជាក់ថា អ្នកជំងឺមហារីកក្នុង១ឆ្នាំកើន២ម៉ឺននាក់ នេះគឺពិតណាស់បើប្រៀបធៀបជាមួយប្រទេសផ្សេងៗ អាចចំនួនតិច តែបើប្រៀបធៀបជាមួយប្រជាពលរដ្ឋ១៧លាននាក់ អាចគិតថានេះគឺជាចំនួនច្រើនដែរ។ 
សំឡេង៨៖«គោលដៅរបស់យើងគឺថាទី១គឺព្យាបាលអ្នកដែលកើតសង្គ្រោះជីវិត។ មិញនៅក្នុងរបាយការណរបស់ឯកឧត្តមឈាង រ៉ា ក៏បានលើកអំពីមូលហេតុមួយចំនួនដែលកើតការណ៍គឺទី១ពាក់ព័ន្ធនឹងរឿងអាហាររូបត្ថម្ភ រឿងចំណីអាហារ រឿងបន្លែសាច់ អីផ្សេងៗ ការប្រើលើសប្រើខ្វះ ទី២ គឺអស់សុពលភាពខូចគុណភាពឬមួយក៏គីមីច្រើន ទី២គឺពាក់ព័ន្ធទៅលើរឿងកីឡា រឿងសុខភាព ហូបត្រឹមត្រូវក៏ដោយ ប៉ុន្តែប្រសិនបើជាអត់កីឡាគឺបញ្ហា។ ជួលកាលធ្វើការអត់បានឆែក សូម្បីតែពេទ្យខ្លួនឯងហ្នឹងក៏មានបញ្ហា។ ប៉ុន្តែសំខាន់បំផុតគឺការចូលរួមក្នុងការបង្ការទី១ក្រសួងស្ថាប័នពាក់ព័ន្ធ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងអាជ្ញាធរពាក់ព័ន្ធពិនិត្យឱ្យបានតឹងរ៉ឹងការនាំចូលបន្លែសាច់ ការប្រើប្រាស់ជាតិគីមីផ្សេងៗឱ្យបានហ្មត់ចត់ជុំវិញការងារនេះ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកដោយសារអាហារូបត្ថម្ភ»។
មិនត្រឹមតែផ្តល់ការណែនាំឱ្យប្រជាពលរដ្ឋ មានការចៀសវាងនូវការបរិភោគអាហារមានសារធាតុគីមីនិងការថែទាំសុខភាព តាមរយៈការលេងកីឡាប៉ុណ្ណោះទេ ប៉ុន្តែចំណុចទី៣វិញ សម្តេចធិបតី ក៏សូមឱ្យមន្ទីរសុខាភិបាលជួយផ្សព្វផ្សាយអប់រំសហការជាមួយនិងក្រសួងអប់រំ និងតាមសាលារៀន ដើម្បីឱ្យយល់អំពីវិធីបង្ការ ឬវិធីចៀសវាង នៅក្នុងការបរិភោគ ឬការធ្វើសកម្មភាពណាមួយ ដែលអាចបង្កើនហានិភ័យខ្ពស់នៅក្នុងការកើតជំងឺមហារីក ដូច្នេះកត្តាសំខាន់គឺការអប់រំ និងការផ្សព្វផ្សាយ។ ទី២គឺត្រូវបង្កើនការចាក់ថ្នាំបង្ការ និងកត្តាប្រជាពលរដ្ឋ ព្រោះប្រសិនបើរដ្ឋចេញតែគោលការណ៍ ចេញតែថ្នាំ ចេញទាំងថវិកា ប្រជាពលរដ្ឋអត់ចូលរួម ប្រជាពលរដ្ឋអត់បានយកចិត្តទុកដាក់ក៏លំបាកដែរ ពិសេសបញ្ហាហូបចុកការប្រើប្រាស់មួយចំនួនឬក៏បញ្ហាអត់លេងកីឡាជាដើម។ 


លោកអ្នកនាងស្តាប់ជាទីមេត្រី! ជំងឺមហារីកលើកុមារមានច្រើនប្រភេទដូចជា៖ មហារីកគ្រាប់ឈាម  មហារីកកោសិកាខួរក្បាល កូនកណ្ដុរ  តម្រងនោម  កោសិកាបន្ដពូជ  សាច់ដុំ  ឆ្អឹង និង កោសិកាប្រសាទ...ជាដើម។ ចំពោះរោគសញ្ញានៃជំងឺមហារីកលើកុមារមានដូចជា៖ មានដុំសាច់នៅត្រង់កន្លែងណាមួយនៃរាងកាយ ឈឺក្បាល និង ក្អួតញឹកញាប់ ឧស្សាហ៍ក្ដៅខ្លួនញឹកញាប់ដោយគ្មានមូលហេតុ  ឈឺឆ្អឹងតាមសន្លាក់ដៃ ឫជើង ឫ មួយតួខ្លួន ស្លេកស្លាំង អស់កម្លាំង និងស្នាមជាំលើស្បែក ដោយមិនមានមូលហេតុផងដែរ៕

បទយកការណ៍៖ អាណាព្យាបាលត្រូវអនុវត្តនូវប្រការមួយចំនួន ដើម្បីបង្ការកូនឱ្យចៀសឆ្ងាយពីជំងឺមហារីក
បទយកការណ៍៖ អាណាព្យាបាលត្រូវអនុវត្តនូវប្រការមួយចំនួន ដើម្បីបង្ការកូនឱ្យចៀសឆ្ងាយពីជំងឺមហារីក
បទយកការណ៍៖ អាណាព្យាបាលត្រូវអនុវត្តនូវប្រការមួយចំនួន ដើម្បីបង្ការកូនឱ្យចៀសឆ្ងាយពីជំងឺមហារីក
បទយកការណ៍៖ អាណាព្យាបាលត្រូវអនុវត្តនូវប្រការមួយចំនួន ដើម្បីបង្ការកូនឱ្យចៀសឆ្ងាយពីជំងឺមហារីក
បទយកការណ៍៖ អាណាព្យាបាលត្រូវអនុវត្តនូវប្រការមួយចំនួន ដើម្បីបង្ការកូនឱ្យចៀសឆ្ងាយពីជំងឺមហារីក
បទយកការណ៍៖ អាណាព្យាបាលត្រូវអនុវត្តនូវប្រការមួយចំនួន ដើម្បីបង្ការកូនឱ្យចៀសឆ្ងាយពីជំងឺមហារីក
បទយកការណ៍៖ អាណាព្យាបាលត្រូវអនុវត្តនូវប្រការមួយចំនួន ដើម្បីបង្ការកូនឱ្យចៀសឆ្ងាយពីជំងឺមហារីក
បទយកការណ៍៖ អាណាព្យាបាលត្រូវអនុវត្តនូវប្រការមួយចំនួន ដើម្បីបង្ការកូនឱ្យចៀសឆ្ងាយពីជំងឺមហារីក
បទយកការណ៍៖ អាណាព្យាបាលត្រូវអនុវត្តនូវប្រការមួយចំនួន ដើម្បីបង្ការកូនឱ្យចៀសឆ្ងាយពីជំងឺមហារីក
បទយកការណ៍៖ អាណាព្យាបាលត្រូវអនុវត្តនូវប្រការមួយចំនួន ដើម្បីបង្ការកូនឱ្យចៀសឆ្ងាយពីជំងឺមហារីក
បទយកការណ៍៖ អាណាព្យាបាលត្រូវអនុវត្តនូវប្រការមួយចំនួន ដើម្បីបង្ការកូនឱ្យចៀសឆ្ងាយពីជំងឺមហារីក
បទយកការណ៍៖ អាណាព្យាបាលត្រូវអនុវត្តនូវប្រការមួយចំនួន ដើម្បីបង្ការកូនឱ្យចៀសឆ្ងាយពីជំងឺមហារីក