វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២០ ០៥ ២៥
ភ្នំពេញៈ៖ កម្ពុជា និងអូស្រ្តាលី ឯកភាពគ្នាលើកកម្ពស់ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារដែលកំពុងមានសក្តានុពលនៅកម្ពុជា។
ការឯកភាពគ្នានេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Cameron Baker ប្រធានគណៈកម្មការ ជំនាញនៃរដ្ឋអូស្ត្រាលីខាងត្បូង(South Australia-SA)ប្រទេសអូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការផ្ដល់ឱកាសការងារ និងការចុះកម្មសិក្សាជំនាញដល់ យុវជនកម្ពុជា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស និងការធ្វើទំនើបកម្មប្រព័ន្ធបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការងារដែលកំពុងមានសក្តានុពលនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖«ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្វាគមន៍រាល់កិច្ចសហប្រតិ បត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីពង្រីងវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត ដែលឆ្លើយតបតាមតម្រូវការទីផ្សារការងារ និងការរីកចម្រើននៃវិស័យ បច្ចេកវិទ្យានៅលើសកលលោកផងដែរ»។
ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល ភាគីទាំងពីរបានលើកឡើងអំពីការបន្តពង្រីកកិច្ចសហប្រតិ បត្តិការ រវាងកម្ពុជាជាមួយរដ្ឋអូស្រ្តាលីខាងត្បូង ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទាក់ទងនឹងការបណ្ដុះបណ្ដាល ជំនាញផលិតរថយន្តដើរដោយថាមពលអគ្គិសនីនិងការបង្កើនផលិតភាពដោយប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យា ឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធបៃតង ជាពិសេសការកសាងសមត្ថភាពជនបង្គោល លើការបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ រួមទាំងការផ្ដល់អាហារូបករណ៍ដល់សិក្ខាកាម និងនិស្សិតកម្ពុជា ដើម្បីដកស្រង់ បច្ចេកទេស និងបទពិសោធន៍ពីអូស្ត្រាលីបន្ថែម។
ជាការឆ្លើយតប លោក Cameron Baker បានស្វាគមន៍ចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-អូស្ត្រាលីបន្ថែមទៀត ដើម្បីចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និងលោក Cameron Baker បានប្ដេជ្ញា បង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការផ្ដល់ឱកាសការងារសម្រាប់ពលរដ្ឋកម្ពុជា៕