វិទ្យុជាតិកម្ពុជា ឈួន សំអាត ២០-០៥-២០៥
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា នាពេលថ្មីៗនេះ បានដឹកនាំគណៈប្រតិភូ ព្រឹទ្ធសភា ដែលមានការចូលរួមពី ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ តំណាងសាកលវិទ្យាល័យ មន្រ្ដីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សាស្រ្ដាចារ្យ និងនិស្សិតមកពី សាកលវិទ្យាល័យជាតិប្រមាណជាង ១០សាកលវិទ្យាល័យ អញ្ជើញទៅទស្សនាក្រុមហ៊ុន និងរោងចក្រ ស៊ី.ភី. ខេមបូឌា ចំកាត់ ដើម្បីស្វែងយល់ពីផលិតកម្ម ដំណាំចំណីសត្វ ការផលិតចំណីសត្វ និងការកែច្នៃ អាហារ។
តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូព្រឹទ្ធសភានេះ គឺជាការផ្សារភ្ជាប់រវាងវិស័យឯកជន និង គ្រឹះស្ថានឧត្តមសិក្សា ដែលជាជំហានថ្មីមួយបន្ថែមទៀត ដើម្បីឆ្ពោះទៅរកការចុះ MOU រវាង ក្រុមហ៊ុនស៊ី.ភី និងគ្រឹះស្ថានឧត្តមសិក្សាមួយចំនួន នាពេលអនាគត។
ដំណើរទស្សនកិច្ចនេះ ក៏នឹងផ្តល់ឱកាសបន្ថែមដល់សមាជិកព្រឹទ្ធសភា មន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងគ្រឹះស្ថានឧត្តមសិក្សា និងនិស្សិតបានឃើញ និងស្វែងយល់ពីដំណើរការចាប់តាំងពីការចិញ្ចឹមសត្វ រហូតដល់ការកែច្នៃអាហាររបស់ក្រុមហ៊ុននេះផងដែរ។
គួរបញ្ជាក់ជូនថា ក្រុមហ៊ុនស៊ី.ភី. ខេមបូឌា ជាក្រុមហ៊ុនខ្នាតធំមួយរបស់កម្ពុជា ដែលប្រតិបត្តិការអាជីវកម្ម កសិ-ឧស្សាហកម្ម និងចំណីអាហារ ដោយក្រុមហ៊ុនផលិតចាប់ពីកសិដ្ឋាន រហូតដល់ចង្រ្កានបាយ ស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិ អាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm) ចំណីអាហារ (Food)។
សូមជម្រាបជូនថា ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តិទៅនៅក្រុមហ៊ុនស៊ី.ភី ស្ថិតនៅស្រុកភ្នំស្រួច (ពេជ្រនិល) ខេត្តកំពង់ស្ពឺ និង រោងចក្រផលិតចំណីសត្វ ស្ថិតនៅក្នុងខេត្តកំពត៕