វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២០ ៥ ២៥
អន្តរជាតិ៖ មេដឹកនាំចក្រភពអង់គ្លេស កាណាដា និងបារាំង បានគំរាមដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីស្រាអែល ប្រសិនបើមិនព្រមបញ្ឈប់ប្រតិបត្តិការវាយលុកដែលបានកំពុងធ្វើឡើងនៅក្នុងតំបន់ហ្គាហ្សា និងមិនព្រមបើកឱ្យមានជំនួយទេនោះ ពួកគេនឹងដាក់សម្ពាធបន្ថែមទៅលើលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ កាលពីថ្ងៃសុក្រសប្ដាហ៍មុនយោធាអ៊ីស្រាអែលបានប្រកាសពីការចាប់ផ្ដើមប្រតិបត្តិការយោធាថ្មីមួយប្រឆាំងនឹងក្រុមហាម៉ាស ហើយកាលពីថ្ងៃចន្ទ លោក Netanyahu បាននិយាយថាអ៊ីស្រាអែលនឹងគ្រប់គ្រងលើតំបន់ហ្គាហ្សាទាំងមូល នៅចំពោះមុខការព្រមានពីក្រុមអ្នកជំនាញអន្តរជាតិអំពីគ្រោះទុរ្ភិក្ស។ នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយដោយរដ្ឋាភិបាលអង់គ្លេសបានឱ្យដឹងថា មេដឹកនាំអង់គ្លេស កាណាដា និងបារាំង បានគូសបញ្ជាក់ថា “ការបដិសេធរបស់រដ្ឋាភិបាលអ៊ីស្រាអែល ចំពោះការនាំចូលជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលគឺជារឿងមិនអាចទទួលយកបាន។ យើងសូមប្រឆាំងទៅនឹងរាល់ការប៉ុនប៉ងទាំងឡាយណា ក្នុងការពង្រីកការតាំងទីលំនៅខុសច្បាប់នៅក្នុងតំបន់ West Bank យើងនឹងមិនស្ទាក់ស្ទើរឡើយក្នុងការចាត់វិធានការសកម្មភាពបន្ទាប់ ក្នុងនោះរួមមានទាំងការដាក់ទណ្ឌកម្មផងដែរ”។ តាមសេចក្ដីថ្លែងការណ៍រួមនេះ មេដឹកនាំប្រទេសទាំង៣ ក៏បានរំឭកឡើងវិញផងដែរថា ពួកគេគំាទ្រសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួនប្រឆាំងនឹងភេរវកម្ម។ ប៉ុន្តែការបង្កើនជម្លោះវាគឺជារឿងមិនអាចទទួលយកបាន ហើយមេដឹកនាំប្រទេសទាំង៣ នឹងមិនឈរនៅស្ងៀមឡើយ ខណៈរដ្ឋាភិបាលរបស់លោក Netanyahu កំពុងធ្វើសកម្មភាពយ៉ាងឃោរឃៅ។ គួរបញ្ជាក់ថា អ៊ីស្រាអែលបានបិទខ្ទប់មិនឱ្យជំនួយដូចជាថ្នាំពេទ្យ ចំណីអាហារ និងប្រេងឥន្ធនៈចូលទៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីដើមខែមីនាមក ដើម្បីព្យាយាមដាក់សម្ពាធឱ្យ ក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង៕