វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២០ ៥ ២៥
អន្តរជាតិ៖ កាលពីថ្ងៃចន្ទ ទី១៩ ខែឧសភា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ីបាននិយាយបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ថា ទីក្រុងមូស្គូ បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយអ៊ុយក្រែនស្ដីពីអនុស្សរណៈពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាព នឹងកិច្ចប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ស្ថិតក្នុងទិសដៅត្រឹមត្រូវ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក ពូទីន ក៏បានអរគុណទៅកាន់លោក ត្រាំ ផងដែរ សម្រាប់ការគាំទ្រដល់ការចាប់ផ្ដើមឡើងវិញនៃកិច្ចចរចាដោយផ្ទាល់រវាងទីក្រុងមូស្គូ និងទីក្រុងកៀវ បន្ទាប់ពីភាគីទាំង២ បានជួបពិភាក្សាគ្នាក្នុងប្រទេសតួកគីយ៉េកាលពីសប្ដាហ៍មុន ក្នុងកិច្ចចរចាទល់មុខជាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ២០២២។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានលោក ពូទីន បានលើកឡើងថា “យើងបានឯកភាពគ្នាជាមួយលោក ត្រាំ ដោយរុស្ស៉ីត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយភាគីអ៊ុយក្រែនស្ដីពីអនុស្សរណៈអនាគតនៃកិច្ចព្រមព្រៀង”។ លោក ពូទីន បន្ថែមថា ជាផ្នែកមួយនៃកិច្ចការងារនេះប្រទេសទាំង២ នឹងត្រូវកំណត់ពីលទ្ធភាពឆ្ពោះទៅរកបទឈប់បាញ់មួយ ដោយមានការកំណត់ពេលវេលាជាក់លាក់។ គួរបញ្ជាក់ថា អ៊ុយក្រែន និងប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់អឺរ៉ុប រួមទាំងសហរដ្ឋអាម៉េរិកបានជំរុញឱ្យលោក ពូទីន ទទួលយកបទឈប់បាញ់ជាបន្ទាន់មួយដែលមានរយៈពេលយ៉ាងហោចណាស់ ៣០ថ្ងៃ តែមក ទល់នឹងពេលនេះ លោក ពូទីន នៅតែបន្តបដិសេធនៅឡើយចំពោះសំណើនេះ៕