សហគមន៍កសិកម្មទុរេនបែកអន្លូងស្ទឹងត្រង់ ខេត្តកំពង់ចាម មានគោលបំណងប្រែក្លាយខ្លួនជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំទុរេន

Narith | ថ្ងៃទី 20 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២០.០៥.២០២៥
សហគមន៍កសិកម្មទុរេនបែកអន្លូងស្ទឹងត្រង់ ខេត្តកំពង់ចាម មានគោលបំណងប្រែក្លាយខ្លួនជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំទុរេន ដើម្បីបង្កើនការទុកចិត្តទៅដល់អតិថិជន ជាពិសេសធ្វើយ៉ាងណាឱ្យការដាំដុះដំណាំទុរេន ស្របទៅតាមស្តង់ដាបច្ចេកទេសត្រឹមត្រូវ ។ 

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា សហគមន៍កសិកម្មទុរេនបែកអន្លូងស្ទឹងត្រង់ នៅខេត្តកំពង់ចាម មានសមាជិកចំនួន ៩៥គ្រួសារ និងមានផ្ទៃដីដាំដុះដំណាំទុរេនជិត៥០០ហិកតា  ខណៈដែលបច្ចុប្បន្ននេះ ចម្ការទុរេនបែកអន្លូងស្ទឹងត្រង់ គឺបាននិងកំពុងតែចាប់ផ្តើមប្រមូលផលបណ្ដើរៗហើយ ។
ក្នុងនោះផងដែរ សមាជិករបស់សហគមន៍កសិកម្ម ក៏បានចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប ដោយសារតែដំណាំទុរេននេះគឺជាដំណាំដែលចំណាយដើមទុនខ្ពស់ ដូច្នេះការចូលជាសហគមន៍កសិកម្មទំនើប នឹងធ្វើឱ្យដំណាំនេះ មានការធានាទីផ្សារបានល្អប្រសើរ ដែលអាចធានាពីការស្រូបទាញយកទីផ្សារបានយ៉ាងងាយស្រួល ។
 « បើយើងពិនិត្យមើលពីបញ្ហាការនាំចូលកសិផល ជាទូទៅកម្ពុជាក៏មានកសិផលក្នុងការនាំចេញ ហើយប្រទេសជិតខាងក៏មានកសិផលក្នុងការនាំចូលដូចគ្នា ហើយចំពោះការនាំចេញ នាំចូលកសិផលទាំងអស់នោះ គឺគោរពទៅតាមបទដ្ឋានគតិយុទ្ធ ក៏ដូចជាគោលការណ៍នៃការធ្វើពាណិជ្ជកម្មអន្តរជាតិ មិនមែនជាបញ្ហាចោទចម្បងនោះទេ ប៉ុន្តែសម្រាប់ការបារម្ភរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ គឺក្នុងករណីមានការនាំចូលនៅកសិផល ជាពិសេសគឺទុរេន ដែលមានសារធាតុគីមីឬមានការហាមឃាត់ ការចូលដោយខុសច្បាប់ក្នុងករណីមួយ »។
ឯកឧត្តមបានបន្ថែមថា ដោយសារមូលហេតុនេះ ទើបក្រសួងកសិកម្ម សហការជាមួយអគ្គនាយកដ្ឋានគយ និងក្រសួងពាណិជ្ជកម្ម ក្នុងការរឹតបន្តឹងដើម្បីធ្វើយ៉ាងណា មិនឱ្យមានលំហូរចូលនៅកសិផលខុសច្បាប់ចូលមកក្នុងប្រទេសកម្ពុជានោះទេ ។ ក្នុងពេលជាមួយគ្នានេះ ក្រសួងកសិកម្ម ក៏ធ្វើការពង្រឹងនូវផលិតកម្មដំណាំទុរេននៅក្នុងប្រទេសកម្ពុជា ដូចកាលពីពេលថ្មីៗនេះ គឺមានការចុះអនុស្សរណៈ ស្ដីពី កិច្ចព្រមព្រៀងភូតគាមអនាម័យ ដើម្បីអនុញ្ញាតបើកផ្លូវឱ្យកសិករកម្ពុជា អាចនាំចេញផ្លែទុរេនទៅកាន់ទីផ្សារប្រទេសចិនបានដោយផ្ទាល់តែម្ដង ៕